ភ្នំពេញៈប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានឱ្យដឹងថា ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ ២០២៣ នាថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមីនា ត្រូវបានរៀបចំឡើង ដើម្បីជាបទពិសោធន៍ និងការត្រៀមលក្ខណៈឱ្យបានកាន់តែប្រសើរទាំងក្រុមមន្រ្តីបច្ចេកទេស និងក្រុមអត្តពលិកជម្រើសជាតិ សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣នេះ។
សម្រាប់ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ ដែលត្រូវបានធ្វើឡើង ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំយុវជន និងកីឡានេះ មានប្រទេសចំនួន៦ បានបញ្ជូនប្រតិភូមកប្រកួតប្រជែងជាមួយម្ចាស់ផ្ទះកម្ពុជា គឺមានប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម ជាម្ចាស់ក្បាច់គុននេះ ដោយមានអត្តពលិកចូលរួមសរុប២០២នាក់ ថ្នាក់ដឹកនាំប្រតិភូ២៤នាក់ អាជ្ញាកណ្តាលចៅក្រម ១៧នាក់ និងគ្រូបង្វឹក២៤នាក់។
ចំពោះការប្រកួតនេះ លោក អ៊ូ រតនា បានថ្លែងថា៖ «ការប្រកួតនេះ ពិតជាសំខាន់មែនទែន ដើម្បីឱ្យពួកខ្ញុំ បានត្រួតពិនិត្យ ក្នុងនាមជាអ្នកបច្ចេកទេសរបស់សហព័ន្ធ ទៅលើកីឡាករ កីឡាការិនីរបស់យើង ថាតើពួកគាត់ មានកម្រិត និងធ្វើបានល្អបែបណាហើយ។ បើអ្នកធ្វើបានសិទ្ធផលល្អ យើងនឹងជំរុញគាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតស៊ីហ្គេម ប៉ុន្តែអ្នកធ្វើមិនបានលទ្ធផលល្អទេ យើងនឹងមានការដោះដូរ ព្រោះយើងមានអ្នកបម្រុង»។
ជាមួយគ្នានេះ លោក រតនា បានឱ្យដឹងថា សហព័ន្ធកីឡាវ៉ូវីណាម ពេលនេះ មានធនធានកីឡាករ កីឡាការិនីច្រើន សម្រាប់ធ្វើការផ្លាស់ប្តូរ អ្នកធ្វើមិនបានល្អ គឺមិនមែនខ្សត់ធនធាន ដូចកាលពី១០ឆ្នាំមុននោះទេ។ តែទោះបីជាយ៉ាងណា លោកបានផ្តល់ភាពជឿជាក់ និងសង្ឃឹមថា កីឡាករចំនួន២៧នាក់ និងកីឡាការិនី១១នាក់របស់កម្ពុជា នឹងធ្វើបានល្អគ្រប់ៗគ្នា ខណៈការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ កម្ពុជាបានដាក់គ្រប់ប្រភេទវិញ្ញាសាទាំង៣០ ដូចការប្រកួតស៊ីហ្គេម ខាងមុខនេះដែរ ដោយក្នុងនោះ មានវិញ្ញាសាប្រយុទ្ធ៨ ប្រភេទទម្ងន់ និងសម្តែង២២វិញ្ញាសា។
ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖ «ការប្រកួតនេះ បានផ្តល់អត្ថប្រយោជន៍សំខាន់មែនទែន ក្នុងនាមយើងជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នេះ ព្រោះវាបានជួយឱ្យអត្តពលិករបស់យើង បានរៀបចំ និងត្រៀមខ្លួនបានល្អ គឺមិនមែនដល់ថ្ងៃប្រកួត ទើបត្រៀមនោះទេ ដោយយើងបានត្រៀមយូរហើយ តែយើងត្រូវខិតខំបន្ថែមទៀត»។
សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានដាក់គោលដៅ ត្រូវដណ្តើមមេដាយមាសឱ្យបានយ៉ាងហោចណាស់ចំនួន៩ ទៅតាមការដាក់សម្ទុះរបស់ CAMSOC ហើយជាមួយគ្នានេះ ការរៀបចំផ្សេងៗ និងការកាត់សេចក្តី ក្នុងការប្រកួតស៊ីហ្គេម ខាងមុខនេះ សុទ្ធតែជាចំណុចសំខាន់ ដែលក្រុមមន្រ្តីបច្ចេកទេសវ៉ូវីណាមកម្ពុជា ត្រូវរៀនសូត្របន្ថែម តាមរយៈការធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ាន លើកនេះ មុនការប្រកួតផ្លូវការស៊ីហ្គេម ឈានចូលមកដល់ នាខែឧសភា ខាងមុខនេះ។
លោក អ៊ូ រតនា បានបញ្ជាក់ថា៖ «ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ក៏បានផ្តល់អត្ថប្រយោជន៍ដល់គណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល និងគណៈកម្មការរៀបចំរបស់យើង គឺធ្វើម៉េចឱ្យការរៀបចំទទួលភ្ញៀវមកប្រកួតស៊ីហ្គេម ខាងមុខនេះ បានល្អប្រសើរ ការកាត់សេចក្តី ក៏មានភាពសុក្រឹត និងយុត្តិធម៌ ព្រោះយោងទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី គឺយើង មិនត្រឹមតែចង់បានមេដាយមាសប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ឱ្យអ្នកចូលរួមទាំងអស់ ទទួលស្គាល់ថា កម្ពុជាពិតជាធ្វើបាន»៕