ភ្នំពេញៈ អ្នកជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) បានចាត់ទុកអ្នកស្ម័គ្រចិត្តដែលនឹងត្រូវចូលរួមបម្រើដល់ព្រឹត្តិការណ៍នាពេលខាងមុខថា ជាសរសៃឈាមដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ដើម្បីជួយជ្រោមជ្រែងឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងទាំង២នេះរបស់កម្ពុជាទទួលបានជោគជ័យ។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)កាលពីថ្ងៃទី២៥ ខែមីនា លោក វ៉ាត់ ចំរើន អគ្គលេខាធិការCAMSOC-CAMAPGOC បានឱ្យដឹងថា ដើម្បីបម្រើដល់ព្រឹត្តិការណ៍កីឡាទាំង២នេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ៧០០០នាក់ ហើយអ្នកស្ម័គ្រចិត្តជាមនុស្សដ៏សំខាន់ ប្រៀបដូចសរសៃឈាមក្នុងខ្លួនមនុស្ស ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូកីឡាអន្តរជាតិ ដោយរឿងទី១សំខាន់មុនគេគឺអ្នកស្ម័គ្រចិត្ត ត្រូវផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ដល់ប្រតិភូកីឡា ដើម្បីផ្តល់ភាពកក់ក្តៅក្នុងនាមយើងជាម្ចាស់ផ្ទះទាំងអស់គ្នា។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ក្នុងវិស័យកីឡា អ្នកស្ម័គ្រចិត្ត គឺជាសរសៃឈាមដ៏មានសារៈសំខាន់ ដើម្បីផ្តល់ថាមពលដល់ដំណើរការហ្គេមទាំងមូលឱ្យរលូន និងជោគជ័យ។ ប្រសិនបើអ្នកស្ម័គ្រចិត្ត មិនបានផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាឱ្យបានល្អប្រសើរទេ នោះដំណើរការហ្គេម នឹងរអាក់រអួលមិនល្អប្រសើរឡើយ។ ដូច្នេះយើងសុំស្នើដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នា ប្រឹងប្រែងបម្រើប្រតិភូកីឡាឱ្យបានល្អដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា»។
ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន បានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការជួយជ្រោមជ្រែងដល់សកម្មភាពការងារស្ម័គ្រចិត្តឱ្យបានប្រសើរជាពិសេសគួរយកចិត្តទុកដាក់លើកីឡាករ កីឡាការិនីមានពិការភាព ដែលមកចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងដំណើរការ ពីថ្ងៃទី៣ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈការជួយសម្របសម្រួលដល់អត្តពលិកពិការ ដែលមានការលំបាកជាងអត្តពលិកមិនពិការ។
លោកបានសង្កត់ធ្ងន់ថា៖ «អ្នកស្ម័គ្រចិត្តត្រូវចាត់ទុកខ្លួនឯងមានមោទនភាពជាតិទាំងអស់គ្នា ព្រោះអ្នកស្ម័គ្រចិត្តបានចូលរួមបំពេញការងារបម្រើជាតិ ដោយហេតុថា ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ ជាពិសេស គឺអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ដើម្បីប្រារព្ធពិធីដង្ហែភ្លើងគប់កីឡាទៅកាន់ប្រទេសអាស៊ាន ហើយក៏មានការចូលរួមពីស្ថាប័នកំពូលៗរបស់កម្ពុជាទាំងអស់គ្នា ដែលនេះ អ្នកស្ម័គ្រចិត្តបានចូលរួមធ្វើកិច្ចការជាតិ ជាមួយនឹងមោទនភាពជាប្រវត្តិសាស្ត្រនេះ»។
ជាមួយគ្នានោះ លោក សុខ សប្បាយណា ប្រធានគណៈកម្មការអ្នកស្ម័គ្រចិត្តនៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOCបានអះអាងថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជារបស់យើងទាំងអស់គ្នា ដូច្នេះសូមបងប្អូនអ្នកស្ម័គ្រចិត្តប្រឹងប្រែងធ្វើវាឱ្យបានល្អបំផុត ដើម្បីសង្គមជាតិ និងប្រទេសជាតិយើង ព្រោះព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនតែរបស់សសយក និងមិនមែនតែរបស់ CAMSOC នោះទេ តែជារបស់យើងទាំងអស់គ្នា។
លោកបានបន្ថែមថា ការរួមចំណែករបស់ប្រជាពលរដ្ឋខ្មែរ និងជាពិសេសអ្នកស្ម័គ្រចិត្ត ដែលលះបង់ពេលវេលា កម្លាំងកាយចិត្តដើម្បីចូលរួមជួយកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសបង្ហាញពិភពលោកឱ្យឃើញយ៉ាងច្បាស់ថានេះហើយជាខ្មែរ នេះហើយជាការស្វាគមន៍របស់ខ្មែរទៅកាន់ពិភពលោក ដើម្បីបង្ហាញពិភពលោកឃើញថា កម្ពុជាមានមោទនភាពប៉ុនណា ពេលរៀបចំស៊ីហ្គេមបានល្អបំផុត។
លោក សប្បាយណា បានបញ្ជាក់ថា៖«ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតែផ្គត់ផ្គង់ឱ្យបានល្អឥតខ្ចោះដល់ភ្ញៀវ។ ក្នុងករណីមានឆកល្វែងចំណុចណាមួយ មិនថា អ្នកស្ម័គ្រចិត្តឬប្រជាជនណាម្នាក់នោះទេ ត្រូវតែរួមគ្នាដោះស្រាយ ពីព្រោះគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវភាពជាម្ចាស់ផ្ទះ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅជានិច្ច។ ពេលមានបញ្ហាអ្វីមួយក្នុងស៊ីហ្គេមកំពុងដំណើរការ ហើយយើងរវល់តែឈ្លោះគ្នា ដាក់បន្ទុកឱ្យគ្នា មិនរួមគ្នាដោះស្រាយ នោះប្រាកដណាស់ បញ្ហានឹងមិនត្រូវបានដោះស្រាយដោយរលូនឡើយ អ៊ីចឹងរាល់បញ្ហាទាំងអស់យើងត្រូវរួមគ្នាដោះស្រាយ»៕