
បឺត សង្ឃឹម ក្លាយជាម្ចាស់ខ្សែក្រវាត់ ក្រោយផ្តួលអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ឱ្យសន្លប់ ក្នុងទឹកទី៣ កាលពីយប់ថ្ងៃទី ២៥ មីនា។ រូបថត Wurkz page
ភ្នំពេញៈ កីឡាករជើងខ្លាំង បឺត សង្ឃឹម បានផ្តួលអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ឱ្យសន្លប់ ក្នុងទឹកទី៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC Kun Khmer នៃព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ ឆ្នាំ២០២៣ ចំណែកជើងខ្លាំង ព្រំ សំណាង, ម៉ឺន មេឃា និង ឈឿង ល្វៃ ក៏បានយកឈ្នះកីឡាករបរទេស ស្របពេលដែលសង្វៀនថោន បានបង្ហាញពីផ្នត់គំនិតជាតិនិយម លើការបង្ហាញពីវប្បធម៌ និងអរិយធម៌ខ្មែរ តាមរយៈកម្មវិធីនេះ ដ៏គួរឱ្យទាក់ទាញខ្លាំងបំផុត។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដែលធ្វើនៅទីតាំងផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល កាលពីយប់ថ្ងៃទី២៥ ខែមីនា កន្លងមកនេះ បឺត សង្ឃឹម ដែលត្រូវបានគេដាក់រហស្សនាម ថា «អ្នកលេងចិត្តសាស្ត្រ» នោះ ពិតជាប្រកួតប្រកបដោយចិត្តសាស្រ្តមែន ដោយរូបគេ អាចគេចផុតពីការទាត់ និងការព្យាយាមតាមវាយសម្រុកពីសំណាក់ វ៉ាន់ វឿន បានដោយមិនលំបាកទេ ហើយស្របពេលនោះ បឺត សង្ឃឹម បានវាយសងទៅវិញប្រកបដោយគុណភាព ដើម្បីផ្តួល វ៉ាន់ វឿន ឱ្យសន្លប់ត្រឹមទឹកទី៣។
កណ្តាប់ដៃវាយចូលពោះពេញទំហឹងរបស់ បឺត សង្ឃឹម បានធ្វើឱ្យ វ៉ាន់ វឿន លុតជង្គង់ ឈឺរមួលខ្លាំង និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅទឹកទី២ ហើយឈានចូលទឹកទី៣ បឺត សង្ឃឹម បានម៉ាត់ចូលរបួសចាស់នេះជាបន្តបន្ទាប់ទៀត ធ្វើឱ្យអាជ្ញាកណ្តាលរាប់ វ៉ាន់ វឿន ជាលើកទី២ និងឈានដល់បញ្ឈប់ការប្រកួត នៅចុងទឹកទី៣នេះតែម្តង បន្ទាប់ពី សង្ឃឹម បានទាត់ បុកជង្គង់ និងម៉ាត់ធ្វើឱ្យ វ៉ាន់ វឿន ដួល និងលែងមានលទ្ធភាពបន្តការប្រកួតទៀតនោះ។
ការផ្តួល វ៉ាន់ វឿន ឱ្យសន្លប់ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer ទម្ងន់ ៦០ គីឡូក្រាម អមដោយប្រាក់រង្វាន់ ៤៨ លានរៀលនេះ បានធ្វើឱ្យ បឺត សង្ឃឹម មានឈ្មោះបោះសំឡេងកាន់តែខ្លាំង ហើយអ្នកទស្សនាស្ទើរពេញមួយប្រទេស បានសរសើរពីបច្ចេកទេស និងកលល្បិចប្រកួតដ៏វៃឆ្លាតរបស់គេ។

ជាមួយគ្នានេះ បឺត សង្ឃឹម បាននិយាយថា៖ «នេះជាខ្សែក្រវាត់ទី២ ដែលខ្ញុំដណ្តើមបានក្នុងអាជីព ខណៈខ្សែក្រវាត់ទី១ ខ្ញុំដណ្តើមបាន នៅសង្វៀន CNC។ ខ្ញុំពិតជារំភើបចិត្តខ្លាំង និងមានមោទនភាពចំពោះខ្លួនឯង ដែលអាចដណ្តើមខ្សែក្រវាត់ទី២នេះបាន ព្រោះវាពិតជាមានការលំបាក ប៉ុន្តែភាពជាក់ស្តែងនៅលើសង្វៀន វាពាក់ព័ន្ធទៅនឹងការប្រើចិត្តសាស្រ្ត ក្នុងការប្រកួត ហើយជាលទ្ធផល ខ្ញុំអាចធ្វើបាន»។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាង ព្រំ សំណាង និងជើងខ្លាំងរបស់រុស្ស៊ី Vladimir Gabov ពិតជាមានភាពស្វិតស្វាញ និងជក់ចិត្តខ្លាំងបំផុត។ សំណាង បានវាយកែងបណ្តាលឱ្យ Vladimir Gabov មានឈាមហូរចេញពីចំហៀងក្បាលខាងស្តាំ តាំងពីទឹកទី១ ប៉ុន្តែអ្នកប្រយុទ្ធមិនធ្លាប់ចាញ់របស់រុស្ស៊ីម្នាក់នេះ ពិតជាមានសមត្ថភាពខ្លាំង ដោយរូបគេមានបច្ចេកទេសវាយកណ្តាប់ដៃឆ្វេងស្តាំ បានយ៉ាងល្អ ដែលធ្វើឱ្យ ព្រំ សំណាង ចង់ផ្ងារជើងម្តងៗផងដែរ។
តាមស្ថានភាពប្រកួតជាក់ស្តែងនោះ Vladimir Gabov បានវាយចំគោលដៅបានច្រើនជាង សម្រាប់ការប្រកួត២ទឹកដំបូង គ្រាន់តែរូបគេ បានបង្ហាញភាពហេវហត់ខ្លាំង នៅចុងទឹកទី២ ហើយការតាមវាយសង្គ្រុបដោយជង្គង់ និងវាយកែងរបស់ ព្រំ សំណាង បានធ្វើឱ្យ Vladimir Gabov មានការធ្លាក់កម្លាំងកាន់តែខ្លាំង នៅទឹកទី៣។
ជាមួយគ្នានេះ ការចាប់កាច់ផ្តួលរបស់ ព្រំ សំណាង នៅចុងទឹកទី៣នេះ បានធ្វើឱ្យVladimir Gabov ដួល ហើយការបង្ហាញភាពទ្រុឌទ្រោមរបស់កីឡាកររុស្ស៊ីម្នាក់នេះ ដោយបានក្រោកឈរឡើងយឺតពេកនោះ នាំឱ្យអាជ្ញាកណ្តាលរាប់ទៅលើរូបគេ ហើយការរាប់នេះហើយ ដែលបានជួយឱ្យ ព្រំ សំណាង អាចទទួលបានជ័យជម្នះ ខណៈ សំណាង ក៏មានការធ្លាក់កម្លាំងស្ទើរអស់ខ្យល់ដូចគ្នា។
ចំពោះការបង្ហាញភាពទន់ជ្រាយ និងឆាប់ធ្លាក់កម្លាំង សម្រាប់ការយកឈ្នះលើកីឡាករ ធ្លាប់ឈ្នះ៥៥ និងស្មើ៥ដង Vladimir Gabov នេះ ព្រំ សំណាង បានសារភាព ក្រោយប្រកាសលទ្ធផលថា៖ «កីឡាករ Vladimir Gabov មានគុណភាពល្អ គឺមានសមត្ថភាពល្អពិតមែន ប៉ុន្តែខ្ញុំសូមជម្រាបពុកម៉ែបងប្អូន តាមត្រង់ថា ខ្ញុំមានកម្មវិធីមួយផ្សេងទៀត ដែលធ្វើឱ្យខ្ញុំរាងទ្រុឌទ្រោមសុខភាពបន្តិច សម្រាប់ការប្រកួតនេះ»។
យ៉ាងណាមិញ ម្ចាស់មេដាយមាសស៊ីហ្គេម លើជំនាញកីឡាវ៉ូវីណាម ម៉ឺន មេឃា បានម៉ាត់ឱ្យកីឡាករអ៊ុយក្រែន Luca Lassalle សន្លប់ត្រឹមទឹកទី២ ចំណែកម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឈឿង ល្វៃ បានទាត់ចូលកញ្ចឹងក បណ្តាលឱ្យកីឡាករថៃ Wathaphon Khamsunthong សន្លប់ធំត្រឹមទឹកទី១ ប៉ុន្តែ អេលីត សាន់ បានចាញ់ពិន្ទុថៃ Rambong។

ចំពោះការប្រកួត ១ទល់៣នាក់ តាមបែប Mas Fight ១ទឹក៩នាទី រវាងជើងខ្លាំង ធឿន ធារ៉ា និងកីឡាករបរទេសទាំង៣នាក់វិញ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ព្រោះការប្រកួតដ៏គ្រោះថ្នាក់នេះ ធារ៉ា បានផ្តួលឱ្យសន្លប់ បានតែកីឡាករម៉ាឡេស៊ី Boboy Redwolves ម្នាក់ទេ ចំណែកកីឡាករថៃ Denkaosen ដែលប្រកួតចូលប្រកួតមុនគេ និងឡាវ Yakkhomphant ដែលប្រកួតក្រោយគេ មិនសន្លប់ឡើយ។ រីឯការប្រកួត Mas Fight រវាង មឿន សុខហ៊ុច និងជើងខ្លាំងថៃ Natthaphum ក៏បានស្មើគ្នា ដោយគ្មានអ្នកសន្លប់ផងដែរ។
យ៉ាងណាមិញ សម្រាប់ការប្រកួត WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ ដែលមានអ្នកទស្សនាផ្ទាល់ណែនណាន់តាន់តាប់ រកកន្លែងឈរមិនចង់បាន និងមានអ្នកទស្សនាតាមការផ្សាយផ្ទាល់ជាង៣៥ម៉ឺននាក់នោះ គឺសង្វៀនថោន និងម្ចាស់ឧបត្ថម្ភ បានបញ្ចូលឱ្យមានការបង្ហាញ និងសម្តែងនូវល្ខោនខោល រឿងរាមកេរ្តិ៍ ព្រមទាំងការដង្ហែក្បួនកីឡាតាមសម័យអង្គរ និងបង្ហាញពីខ្សែវីដេអូ ដែលបាននាំយកកីឡាករ ម៉ឺន មេឃា និង ធឿន ធារ៉ា ទៅថតដោយផ្ទាល់ នៅអង្គរវត្ត និងកន្លែងសំខាន់ៗ នៅភ្នំគូលែនផងដែរ។
ជុំវិញការបង្ហាញទិដ្ឋភាពដ៏អស្ចារ្យ មិនធ្លាប់មាននេះ លោក គឹម ស្រ៊ុនកុសល ជាទីប្រឹក្សាទូរទស្សន៍ថោន និងជាតំណាង Mas Fight ប្រចាំប្រទេសកម្ពុជា បានប្រាប់ កាលពីថ្ងៃអាទិត្យថា៖ «កម្មវិធីរបស់យើង បានព្យាយាមបង្ហាញពីវប្បធម៌ អត្តសញ្ញាណ និងដួងព្រលឹងរបស់យើង ព្រោះល្ខោនខោល រឿងរាមកេរ្តិ៍នេះ វាពាក់ព័ន្ធទៅនឹងប្រវត្តិក្បាច់គុនខ្មែរ ព្រមទាំងអរិយធម៌ និងវប្បធម៌របស់យើង ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ដោយដូនតារបស់យើង បានឆ្លាក់នៅលើប្រាង្គប្រាសាទ»។
លោកបានបន្ថែមថា៖ «យើងក៏បានបង្ហាញពីក្បួនដង្ហែកីឡាករតាមសម័យអង្គរ ដើម្បីបង្ហាញឱ្យកីឡាករចូលរួមទាំង៥ប្រទេស និងអន្តរជាតិ បានឃើញ ដែលមានលក្ខណៈអ៊ឹកអធិកគគ្រឹកគគ្រេង មិនធ្លាប់បានធ្វើពីមុនមក។ ចំណែកខ្សែវីដេអូ អមការចេញដំណើររបស់ ម៉ឺន មេឃា និង ធឿន ធារ៉ា វិញ វាជាលទ្ធផលដ៏ធំធេង និងជាទីមោទនភាព ព្រោះមិនងាយមានបរទេសណាធ្វើបានដូចយើងទេ ដ្បិតអីគេគ្មានចម្លាក់ និងប្រាសាទបុរាណ មកថតដូចយើង។ ដូច្នេះព្រឹត្តិការណ៍របស់យើង ទទួលបានជោគជ័យខ្លាំងមែនទែន»៕