ភ្នំពេញៈ ពិធីរត់ភ្លើងគប់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ គឺបានបន្តរៀបចំនៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីននៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែមីនានេះ បន្ទាប់ពីពិធីនេះបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយជោគជ័យ កាលថ្ងៃទី ២៤ ខែមីនា កន្លងមក។
ការរត់ភ្លើងគប់នៅទីក្រុងតាកាយតាយ នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន, លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) និងលោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន ហើយអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណរដ្ឋហ្វីលីពីននិងភ្ញៀវកិត្តិយសជាច្រើនទៀត ក៏បានចូលរួម ក្នុងការរត់ភ្លើងគប់នេះដែរ។
ចំពោះការកាន់ភ្លើងគប់រត់នៅទីក្រុងតាកាយតាយប្រទេសហ្វីលីពីននេះគឺបានចាប់ផ្តើមចេញពីលោក ហោ សារុន មុនពេលលោកប្រគល់គប់ភ្លើងនេះបន្តជូនទៅលោក ផន ពៅ រីឯ លោក ផន ពៅ បានប្រគល់បន្តជូនទៅលោក Abraham Tolentino ហើយក៏បានបន្ដប្រគល់ជូនទៅលោក Michael Barredo។
បន្ទាប់មកភ្លើងគប់នេះ បានធ្លាក់ទៅដល់ដៃក្រុមអត្តពលិកឆ្នើមៗរបស់ហ្វីលីពីននៅលើប្រភេទកីឡាឃីកបុកស៊ីង ប្រដាល់សកល តេក្វាន់ដូ ជឺជីតស៊ូ ក្រុមអត្តពលិកទោចក្រយាន និងកីឡាការិនីបាល់ទាត់ Hali Long ដែលជាប្រធានក្រុមដើម្បីរត់បណ្តាក់គ្នាកាន់ភ្លើងគប់នេះដោយមានចម្ងាយផ្លូវប្រមាណ ៣ គីឡូម៉ែត្រក្នុងក្រុងតាកាយតាយ ហើយក្រោយបញ្ចប់ការរត់នេះ ភ្លើង «ព្រះអគ្គិជ័យកីឡា» នឹងត្រូវយកទៅរៀបចំនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាបន្តបន្ទាប់ទៀត៕