ភ្នំពេញៈ ពិធី​រត់​ភ្លើង​គប់​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី១២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​បាន​បន្ត​រៀបចំ​នៅ​ទីក្រុង​តា​កាយ​តា​យ ប្រទេស​ហ្វីលីពីន កាលពី​ព្រឹក​ថ្ងៃទី ​២៧ ខែមីនា បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណា​ម​ប្រកបដោយ​ជោគជ័យ​កាល​ថ្ងៃទី​ ២៤ ខែមីនា កន្លងមក​។​

ការរត់​ភ្លើង​គប់​នៅ​ទីក្រុង​តា​កាយ​តា​យ​ដែល​ចាប់ផ្ដើម​ពី​ព្រឹក​ម៉ោង​ ៦ ថ្ងៃ​ចន្ទ​នោះ ត្រូវបានធ្វើ​ឡើង​យ៉ាង​គគ្រឹកគគ្រេង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កីឡា អង្គទូត និង​អត្ត​ព​លិ​ក​ល្បីៗ​របស់​ហ្វីលីពីន​ជាច្រើន ហើយ​ជាមួយគ្នានេះ លោក ផន ពៅ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ហ្វីលីពីន​បាន​អះអាងថា ពិធី​រត់​ភ្លើង​គប់​នេះ​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ហ្វីលីពីន​។​

​លោក ​ផន ពៅ បាន​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​ថ្ងៃនេះ​ឆ្លុះបញ្ចាំង​យ៉ាង​ល្អ​អំពី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដែល​ប្រជាជន​កម្ពុជា និង​ហ្វីលីពីន ជាពិសេស​ក្នុង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ នេះ​ជា​និមិត្តរូប​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​យើង​ក្នុងការ​ស្រឡាញ់ និង​ពង្រឹង​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន និង​មាន​វិបុលភាព​នៃ​ប្រទេស​ទាំង​ ២ ​និង​សហគមន៍​អាស៊ាន ហើយ​ខ្ញុំ​សង្ឃឹមថា អ្នក ​(​ហ្វីលីពីន​)​ នឹងមាន​ពេលវេលា​ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ​២០២៣»​។​

​ក្រោម​វត្តមាន លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​បេសកជន​ពិសេស​តំណាង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ (CAMSOC)​ គឺ​ពិធី​រត់​ភ្លើង​គប់​នេះ​ត្រូវបាន​រៀបចំ​ដោយ​យកចិត្តទុកដាក់ ហើយ​លោក Abraham Tolentino ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ហ្វី​លី​ពី​ន ​(POC)​ និង​លោក Michael Barredo ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្វីលីពីន​ព្រមទាំង​អង្គទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

​តាមរយៈ CAMSOC លោក Abraham Tolentino បាន​ថ្លែងថា​៖ «​ពិធី​រត់​ភ្លើង​គប់​នៅ​ថ្ងៃ​នេះ ពិតជា​រៀបចំ​បាន​យ៉ាង​ល្អ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មានន័យ​សម្រាប់​ប្រជាជន​ហ្វីលីពីន និង​កម្ពុជា​។ យើង​មានការ​គាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ពេញ​ទំហឹង​ជាមួយ​កម្ពុជា សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​នេះ ហើយ​យើង​សូម​ជូនពរ​ឱ្យ​កម្ពុជា​ទទួល​​បាន​ជោគជ័យ​។ យើង​បាន​ព្យា​យាមខ្លាំង​សម្រាប់​ការត្រៀមខ្លួន ដោយ​យើង​នឹង​បញ្ជូន​ក្រុម​អត្ត​ព​លិ​ក​ ៨៤០​ នាក់ ទៅ​ចូលរួម​ការប្រកួត​នេះ​»​។​

​ចំពោះ​ការ​កាន់​ភ្លើង​គប់​រត់​នៅ​ប្រទេស​ហ្វីលីពីន​នោះ​គឺ​បានចាប់ផ្តើម​ចេញពី​លោក ហោ សារុន មុនពេល​លោក​ប្រគល់​បន្ត​ជូនទៅ លោក ផន ពៅ រីឯ លោក ពៅ បានប្រគល់​បន្តទៀត​ជូនទៅ​លោក Abraham Tolentino ហើយ​លោក Abraham Tolentino ប្រគល់​ឱ្យទៅ​លោក Michael Barredo​។​

​បន្ទាប់មក ភ្លើង​គប់​នេះ​បាន​ធ្លាក់​ទៅ​ដល់ដៃ​ក្រុម​អត្ត​ព​លិ​ក​ឆ្នើមៗ​របស់​ហ្វីលីពីន នៅលើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង ប្រ​ដាល់​សកល តេ​ក្វាន់​ដូ ជឺ​ជី​តស៊ូ ក្រុម​អត្ត​ព​លិ​ក​ទោចក្រយាន និង​កីឡាការិនី​បាល់ទាត់ Hali Long ដែលជា​ប្រធាន​ក្រុម​ដើម្បី​រត់​បណ្តាក់​គ្នា​កាន់​ភ្លើង​គប់​នេះ​ដោយមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៣​គីឡូម៉ែត្រ ក្នុង​ក្រុង​តា​កាយ​តា​យ ជាមួយ​បរិយាកាស​យ៉ាង​សប្បាយរីករាយ និង​មានន័យ​ជាទីបំផុត​។​

​លោក ហោ សារុន ជា​បេស​ក​ជន​ពិសេស​តំណាង CAMSOC បានឱ្យដឹងថា កម្ពុជា​បាន​ផ្តួច​​ផ្តើម​រៀបចំ​ព្រះរាជ​ពិធីបួងសួង​សុំ​ «​ព្រះ​អគ្គិ​ជ័យ​កីឡា​»​ នៅមុខ​ប្រាសាទអង្គរវត្ត​ក្រោម​ព្រះរាជា​ធិបតី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃទី​ ២១ ខែមីនា ហើយ​កម្ពុជា បានរៀបចំ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះ នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ប្រទេស​វៀតណាម​បាន​បន្ដ​ពី​កម្ពុជា មុនពេល​ឈាន​មកដល់​ប្រទេស​ហ្វីលីពីន​នាពេលនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ប្រារព្ធ​ពិធី​រត់​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​​កីឡា​នៅ​ទីក្រុង​តា​កាយ​តា​យ​ដែលជា​ទីក្រុង​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​នៅពេលនេះ​គឺជា​ការជ្រើសរើស​ដ៏​ល្អ​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ រវាង​វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍​។ ជាការ​​ពិតណាស់ វិស័យ​កីឡា និង​វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ ២ ដែលមាន​ទំនាក់ទំនង​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ កីឡា​គាំទ្រ​ទេសចរណ៍ ទេសចរណ៍​គាំទ្រ​កីឡា​។ កីឡា​លើកកម្ពស់​ទេសចរណ៍ ទេសចរណ៍​លើក​កម្ពស់​កីឡា​»​។​

​តាម​គម្រោង​រៀប​ចំការ​ដង្ហែ​ឬ​រត់​ភ្លើង​គប់​ស៊ី​ហ្គេម​នេះ គឺ​ក្រោយ​បញ្ចប់​ការរៀបចំ​នៅ​ហ្វីលីពីន​នេះ ប្រតិភូ​កម្ពុជា នឹង​បន្តទៅ​រៀបចំ​នៅ​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី សិង្ហ​បុរី ថៃ មី​យ៉ាន់​ម៉ា និង​ចុង​​ក្រោយ​នៅ​ប្រទេស​ឡាវ​នា​ថ្ងៃទី ​២៥ ហើយ​ភ្លើង​គប់​នេះ នឹងត្រូវ​ដង្ហែ​មកដល់​ខេត្តស្ទឹងត្រែង​ទឹកដី​កម្ពុជា​វិញ នៅ​ថ្ងៃទី​ ២៧ ខែមេសា​ដើម្បី​រត់​ជុំវិញ​ខេត្ត នៅជាប់​បឹង​ទន្លេសាប រួច​ទើប​យក​ភ្លើង​គប់​នេះ​មក​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សម្រាប់​អុជ​បំភ្លឺ ក្នុង​ពិធី​បើក​ការប្រកួត​ស៊ី​ហ្គេម លើក​ទី ៣២ ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៥ ខែឧសភា តែម្តង​៕