ភ្នំពេញៈ ក្មេងស្រីមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ ចំនួន ១២ នាក់ ដែលកំពុងរស់នៅ និងរៀនសូត្រ ក្រោមការផ្គត់ផ្គង់របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) របស់លោក Scott Neeson ត្រូវបានជ្រើសរើសជាបេក្ខភាព តំណាងឱ្យអង្គការ Happy Football Cambodia Australia (HFCA) សម្រាប់ការចេញទៅប្រកួតបាល់ទាត់ JSSL7s អាយុក្រោម ១៦ ឆ្នាំ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៧ ដល់ទី ៩ ខែមេសា ខាងមុខនេះ។
កីឡាការិនីវ័យក្មេងទាំង១២នាក់នេះ ត្រូវបានជ្រើសរើសចេញពីចំណោមក្មេងស្រីជាច្រើនទៀត ដែលបានហ្វឹកហាត់បាល់ទាត់នៅ HFCA ខណៈអង្គការ មិនមែនរដ្ឋាភិបាល ដែលបង្កើតឡើងក្នុងឆ្នាំ២០០៥មួយនេះ មានគោលបំណងផ្តល់សិទ្ធិដល់យុវជនក្រីក្រ ក្នុងប្រទេសកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់ ដោយធានាថា យុវជនក្រីក្រ មានសិទ្ធិទទួលបានការអប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ការបង្កើតក្រុម និងឱកាសក្នុងការប្រមូលផ្តុំ។
ការធ្វើបែបនេះ បានជួយគាំទ្រដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការគោរពខ្លួនឯង ហើយអ្វីដែលសំខាន់ គឺផ្តល់នូវមាគ៌ាមួយ ឆ្ពោះទៅកាន់ឱកាសបន្ថែមទៀតសម្រាប់ក្មេងៗគ្មានទីពឹង អាចអភិវឌ្ឍជំនាញទន់ សម្រាប់ភាពជោគជ័យ នៅក្នុងការអប់រំ និងការងាររបស់ពួកគេ ហើយការចូលរួមការប្រកួតបាល់ទាត់ JSSL7s នៅក្រៅប្រទេសជាលើកដំបូងនេះ បានក្លាយជាឱកាសដ៏ពិសេសមួយទៀត សម្រាប់ពួកគេ ក្នុងការទទួលបានបទពិសោធន៍ និងបំណិនជីវិតថ្មីៗបន្ថែម។
លោក Scott Neeson បានថ្លែង ក្នុងសន្និសីទកាសែត ពីថ្ងៃទី២៨ ខែមីនា ថា៖«ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំង ដែលក្មេងស្រីមកពី CCF បានក្លាយជាក្រុមតំណាងរបស់ HFCA សម្រាប់ការចេញទៅប្រកួត JSSL7s នៅសិង្ហបុរី។ នេះជាបទពិសោធន៍លើកដំបូង ដែលនឹងផ្តល់ឱកាសឱ្យពួកគាត់ បានមើលឃើញពីអ្វីដែលថ្មី នៅខាងក្រៅ ដើម្បីយកមកអភិវឌ្ឍខ្លួនឯងបន្ថែមទៀត។ យើងសូមថ្លែងអំណរគុណខ្លាំងដល់ HFCA និង Paraicដែលបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីនាំមកនូវសមិទ្ធផលទាំងនេះ»។
ជាមួយគ្នានេះ លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បានឱ្យដឹងថា ព្រឹត្តិការណ៍ JSSL7s ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដែលមានសមាជិកក្រុមចំនួន៤០ ចូលរួម ហើយក្នុងឆ្នាំ២០១៧ JSSL បានដាក់បញ្ចូលបន្ថែមនៅកម្រិតថ្នាលអាយុក្រោម១៦ឆ្នាំ (Professional Academy) ដោយមានក្លិបអាជីពដ៏ល្បីល្បាញមកពីអឺរ៉ុប ដូចជាក្លិប Liverpool, Manchester Utd, Arsenal FC, Barcelona FC, Atletico Madrid និង Valencia CF បានចូលរួមក្នុងក្រុមបុរស និងនារី ចាប់តាំងពីពេលនោះមក។
យ៉ាងណាមិញ សម្រាប់ខួបលើកទី៨ ក្នុងឆ្នាំ២០២៣ របស់ JSSL7''s នេះ លោក Paraic Grogan បានអះអាងថា មានក្រុមចូលរួមចំនួន៤០០ក្រុម ស្មើនឹង៥ពាន់នាក់ មកពី១៥ប្រទេស ដែលនេះការប្រកួតយុវជនដ៏ធំបំផុតរបស់អាស៊ី ហើយមានការប្រកួតចំនួន៤កន្លែងនៅទូទាំងប្រទេសសិង្ហបុរី។ ចំណែកក្រុម HFCA នឹងចូលរួមលេង៥ប្រកួត ក្នុងទម្រង់លេងម្ខាង៧នាក់ ហើយក្នុង១ប្រកួត មានរយៈពេល២២នាទី។
លោក Paraicបានបញ្ជាក់ថា៖ «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលយើងបានបញ្ជូនក្រុមបាល់ទាត់នារី ទៅប្រកួតនៅក្រៅប្រទេស ហើយដោយសារតែការប្រកួតនេះ មានក្រុមពូកែៗជាច្រើន បានចូលរួម អ៊ីចឹងក្រុមកីឡាការិនីវ័យក្មេងរបស់យើង នឹងបានមើលឃើញពីការលេង ដែលមានស្តង់ដាខ្ពស់ និងយកបទពិសោធន៍ទាំងនោះ មកអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីក្លាយជាអ្នកលេងបាល់ មានកម្រិតខ្ពស់ដែរ ទៅថ្ងៃអនាគត ព្រោះគោលដៅធំរបស់យើង គឺចង់ជំរុញឱ្យក្មេងស្រី ចូលរួមលេងកីឡាឱ្យបានកាន់តែច្រើន»។
ទន្ទឹមនឹងនេះ ក្រុមកីឡាការិនីវ័យក្មេងទាំង១២នាក់របស់កម្ពុជា បានបង្ហាញការរីករាយខ្លាំង ចំពោះការទទួលបានឱកាសចេញទៅប្រកួតបាល់ទាត់ JSSL7s នេះ ដោយពួកគេបានអះអាងថា វាជាលើកទី១ក្នុងឆាកជីវិត ដែលបានចេញទៅក្រៅប្រទេស។ ក្រុមក្មេងស្រីមកពីអង្គការ CCF ទាំងអស់នេះ បានតាំងចិត្ត នឹងនាំយកបទពិសោធន៍ការហ្វឹកហាត់រួមគ្នាប្រមាណ៥ខែមកនេះ ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ក្នុងកម្មវិធីនេះ។
កីឡាការិនី ជុំ ចន្ធូ បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំង ដែលបានចូលរួមការប្រកួត នៅសិង្ហបុរី លើកនេះ ព្រោះវាជាឱកាសលើកដំបូងរបស់ពួកយើង ហើយតាមរយៈការចូលរួមនេះ យើងនឹងអាចទទួលបានបទពិសោធន៍ថ្មីៗ សម្រាប់អភិវឌ្ឍខ្លួនឯងបន្ថែមទៀត។ ទោះក្រុមចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែជាក្រុមខ្លាំង ដែលយើងត្រូវរៀនសូត្របន្ថែមពីពួកគាត់ ប៉ុន្តែពួកយើងមិនខ្លាចទេ! យើងត្រូវបង្ហាញភាពរឹងមាំ ហើយយើងមានការជឿជាក់ថា យើងអាចធ្វើបាន»។
ចំណែកលោក Harvey Davis ស្ថាបនិក JSSL7s សម្រាប់ការប្រកួតបាល់ទាត់សិង្ហបុរី បានស្វាគមន៍ពេញទំហឹង ចំពោះវត្តមានក្រុមនារីកម្ពុជា។ លោក Paraic បានស្រង់យកសម្តីលោក Harvey Davis មកបញ្ជាក់ថា៖ «JSSL ពិតជាមានការរំភើបចិត្តខ្លាំង ព្រោះ HFCA នឹងក្លាយជាក្រុមដំបូងគេតែមួយគត់របស់កម្ពុជា ដែលចូលរួមក្នុងការប្រកួតយុវជនដ៏ធំបំផុតរបស់អាស៊ី នៅសិង្ហបុរីនេះ។ ការចូលរួមរបស់ក្រុមតំណាងមកពីប្រទេសកម្ពុជា គឺជាសមិទ្ធផលដ៏អស្ចារ្យខ្លាំងណាស់»៕