
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ រូបថត FB
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) បានអះអាងនៅចំពោះមុខថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាជនពិការអាស៊ាន និងនាយបេសកកម្មតំណាងឱ្យប្រទេសទាំង ១១ នៅក្នុងតំបន់អាស៊ានថា កម្ពុជាបានត្រៀមលក្ខណសម្បត្តិរួចរាល់ សម្រាប់ការធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងត្រូវធ្វើពីថ្ងៃទី ៣ ដល់ទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
នៅក្នុងកិច្ចប្រជុំនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេម នៅសណ្ឋាគារហ្គាឌិនស៊ីធី កាលពីថ្ងៃទី៣០ ខែមីនា លោក ទៀ បាញ់ បានថ្លែងថា កម្ពុជា ពិតជាមានមោទនភាព និងសេចក្តីត្រេកអរយ៉ាងខ្លាំង ដោយមានការគាំទ្រពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ានទាំង១០ប្រទេស រួមទាំងប្រទេសទីម័រខាងកើត និងជប៉ុន ដែលបានផ្តល់អ្នកជំនាញប៉ារ៉ាហ្គេមដល់កម្ពុជា ជាពិសេសនាយបេសកកម្ម តំណាងឱ្យប្រទេសនីមួយៗ ដែលមានភារកិច្ច និងកាតព្វកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមគាំទ្ររៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឱ្យទទួលបានជោគជ័យ។
លោក ទៀ បាញ់ បានបញ្ជាក់ថា ៖«រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានត្រៀមលក្ខណសម្បត្តិរួចរាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដទៃទៀត ការអភិវឌ្ឍសមត្ថភាពធនធានកីឡា មន្ត្រីជំនាញបច្ចេកទេស ប្រភេទកីឡា និងការពង្រឹងសហព័ន្ធកីឡាជាតិ តាមរយៈយន្តការគណៈកម្មការជំនាញទាំង១៤ ដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ធំៗកន្លងមក ទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថា គុណវឌ្ឍិជាច្រើន ដែលផ្តើមចេញពីការធ្វើម្ចាស់ផ្ទះនេះ កម្ពុជា នឹងទទួលបានបទពិសោធន៍ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ទៀត»។
ទន្ទឹមនឹងនេះ កិច្ចប្រជុំរវាងគណៈកម្មាធិការសម្របសម្រួល APSF និង CAMAPGOC រួមទាំងកិច្ចប្រជុំ Technical Delegation (TD) និង Competition Manager (CM) កាលពីថ្ងៃទី២៨ និងទី២៩ មីនាកន្លងមកនេះ ត្រូវបានលោក ទៀ បាញ់ ចាត់ទុកថា ជាការបង្ហាញការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈ ផែនការយ៉ាងហ្មត់ចត់រួចជាស្រេច សម្រាប់ដាក់ដំណើរការនូវលក្ខខណ្ឌបច្ចេកទេស ជូនដល់ប្រតិភូកីឡារបស់អាស៊ាន ដែលនឹងមកចូលរួមប្រកួត ដើម្បីឱ្យជោគជ័យទៅតាមរបៀបវារៈ និងវិញ្ញាសា ដែលបានគោរពទៅតាមច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា៖ «កម្ពុជា សូមស្វាគមន៍វត្តមានតំណាងពិសេសនាយបេសកកម្ម ក្នុងការរៀបចំលើកទឹកចិត្ត ដល់អត្តពលិកនៅបណ្តាប្រទេសនីមួយៗ បានចូលរួមប្រកួត ចុះជាវិញ្ញាសាឱ្យបានច្រើនកុះករ។ យើងបានជួបនាយបេសកកម្ម ដែលជាតំណាងសម្រាប់ធ្វើការជាច្រកចេញចូលតែមួយ ក្នុងការរៀបចំទាំងប្រតិភូថ្នាក់ជាតិ ប្រតិភូតំណាងសហព័ន្ធរបស់ខ្លួន ប្រតិភូកីឡា និងបណ្តាប្រតិភូសំខាន់ៗមួយចំនួនទៀត ដោយសហការជាមួយគណៈកម្មាធិការជាតិ CAMAPGOC ដើម្បីឱ្យទទួលបានជោគជ័យ»។
ជាលទ្ធផលរួម សម្រាប់កិច្ចប្រជុំរយៈពេល៣ថ្ងៃ ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ លោក ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះជាថ្ងៃដ៏ចាំបាច់មួយ ដែលយើងទាំងអស់គ្នា អង្គុយរួមគ្នា រៀបចំក្បួនយុទ្ធសាស្ត្រ និងផែនការទាំងឡាយ ក្នុងការដាក់ឱ្យព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដំណើរការប្រកបដោយជោគជ័យ និងផ្លែផ្កា»។
ចំណែកលោក យី វាសនា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) បានឱ្យដឹងទៀតថា ឆ្លងតាមកិច្ចប្រជុំទាំង៣នេះ CAMAPGOC បានស្វាគមន៍ ចំពោះមតិស្ថាបនា និងយកមកធ្វើជាសូចនាករ សម្រាប់នវានុវត្តន៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឱ្យមានកិត្យានុភាព កិត្តិយស កិត្តិសព្ទ ក្នុងសហគមន៍ អាស៊ាន អាស៊ី និងពិភពលោក។
លោកបានបន្ថែមថា៖ «មកទល់បច្ចុប្បន្ននេះ កម្ពុជា ត្រៀមរួចជាស្រេចទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ប្រមាណ៣ ០០០នាក់ សម្រាប់អាហារ ការស្នាក់នៅ ការធ្វើដំណើរ ការប្រកួតកីឡាតាមស្តង់ដាអន្តរជាតិ បដិសណ្ឋារកិច្ច និងរៀបចំជាទេសចរណ៍ ប្រកបដោយផាសុកភាព និងផាសុកវត្ថុ សម្រាប់អត្តពលិកជនពិការ និងមន្ត្រីបច្ចេកទេសកីឡាជាតិអន្តរជាតិ»៕