ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​មិនឱ្យ​មានការ​លក់​សំបុត្រ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឡើយ ដោយ​ត្រូវ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ចូល​ទស្សនា​ដោយ​សេរី គ្មាន​ការបង់ប្រាក់ ហើយ​ការប្រកួត​តាម​វិញ្ញាសា​នានា ក៏​មិន​តម្រូវឱ្យ​បង់ថ្លៃ​ណាមួយ​ផងដែរ​។ នេះ​បើតាម​សារ​ជា​សំឡេង​លោក​នា​​យក​រដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថ្ងៃទី​ ៣០ ខែមីនា​។

​លោក​បញ្ជាក់ថា​៖ «​ក្រុម​ណា ផ្នែក​ណា ដែល​អនុវត្ត​ខុសពី​បទបញ្ជា​នេះ​នឹងត្រូវ​ទទួលខុស​​ត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី ឬ​ចំពោះមុខ​ច្បាប់​ទៀតផង​»​។

​លោក​ ហ៊ុន សែន បាន​ថ្លែងឱ្យដឹងថា លោក​បានទទួល​ព័​ត៌​មាន​ពី​លោក ទៀ បាញ់ ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ថា មានការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការលក់​សំបុត្រ ចូលរួម​ក្នុង​ពិធី​បើក និង​ពិធី​បិទ​ស៊ី​ហ្គេម ក្នុងពេល​ខាងមុខ​ដែល​រឿងនេះ​លោក​មិន​យល់ព្រម​ជាដាច់ខាត ក្នុង​ការលក់​សំបុត្រ ទាំង​ពេល​ចូល​បើក និង​ចូល​បិទ ក៏ដូចជា​ការប្រកួត​កីឡា​ផ្សេង​ទៀត​នៅក្នុង​រយៈពេល​ស៊ី​ហ្គេម​។​

​លោកនាយក​រដ្ឋមន្ត្រី​លើក​​ឡើង​ថា កម្ពុជា​បាន​ចំណាយ​ប្រាក់​ទាំង​មូលដ្ឋាន​សម្ភារ​បច្ចេក​ទេស ក៏ដូចជា​ជំនួយ​ពី​មិត្ត​ចិន​សម្រាប់​ការកសាង​នូវ​មូលដ្ឋាន​នៃ​ការប្រកួត ព្រមទាំង​ចំណាយ​នូវ​ធនធាន​ជាច្រើន ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​រាប់រយ​លាន​ដុល្លារ និង​ចំណាយ​ជាច្រើន​ឆ្នាំ ទម្រាំ​កើតចេញ​នូវ​ការប្រកួត​នេះ​ឡើង​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​យល់​ព្រម​ដាច់ខាត ឱ្យមាន​ការលក់​សំបុត្រ ទាំង​ពេល​ចូល​បើក និង​ចូល​បិទ ក៏ដូចជា​ការប្រកួត​កីឡា​ផ្សេងៗ​ទៀត​នៅក្នុង​រយៈ​ពេល​ស៊ី​ហ្គេម​។ ខ្ញុំ​មិន​យល់ព្រម​ដាច់ខាត​ជាមួយនឹង​ការធ្វើ​បែបនេះ​។ តើ​អ្នក​ឮថា មានការ​ផ្សព្វ​ផ្សាយ​តាម​វេ​ប​សាយ​ខាង​ផ្នែក​កីឡា​ដែល​មិនមាន​ការអនុញ្ញាត​ណាមួយ​ពីស​ម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ហើយក៏​កាន់តែ​គ្មាន​ការអនុញ្ញាត​ពី​ខ្លួន​ខ្ញុំ​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​»​។​

​លោក​លើកឡើង​ទៀតថា ទាំងអស់គ្នា​បានធ្វើ​កិច្ចការងារ​ជាច្រើន​មកហើយ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​លើ​កិច្ចការងារ​ថែមទៀត​កុំឱ្យ​ដូច​ពាក្យ​មួយ​ថា ធ្វើបុណ្យ​មួយរយ​សំពៅ ទោស​មួយ​ចូលទៅ​រលាយ​បាត់អស់​។

​លោក​បន្តថា​៖ «​សូម​ចាំ​នូវ​ពាក្យ​នេះ​៖​យើង​ចាយលុយ​រាប់រយ​លាន​ដុល្លារ តែ​យើង​ប្រមូល​លុយ​តាមរយៈ​នៃ​ការលក់​សំបុត្រ​ឱ្យ​ជនជាតិ​ឯង​ដែល​ត្រូវ​ចូល​ទស្សនា​នេះ​របៀប​ម៉េច​ទៅ តើ​បាន​ប៉ុន្មាន​ទៅ អ្នក​ទាំងអស់គ្នា​ចង់បា​ន​លុយ សូម​មក​ទទួល​យកលុយ​ពី​ខ្ញុំ ខ្ញុំ​ទទួលខុសត្រូវ​»​។

​ជាមួយគ្នានេះ​លោក ​ហ៊ុន សែន បាន​សម្តែង​ការខកចិត្ត ដោយ​មិន​នឹកស្មានថា មន្ត្រី​មួយចំនួន ខ្វះ​ការគិតគូរ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ហើយ​លោក​នឹង​ស្រាវជ្រាវ​រក​អ្នកទទួលខុសត្រូវ លើ​បញ្ហា​ការផ្សព្វផ្សាយ អំពី​ការលក់​សំបុត្រ​ទាំង​ពេល​ចូល​បើក និង​ពេល​ចូល​បិទ​កីឡា​ស៊ី​ហ្គេម ព្រោះនេះ​មិនមែន​ជាការ​លេងសើច​នោះឡើយ ប៉ុន្តែ​ជាការ​ទទួលខុសត្រូវរ​ប​ស់រាជ​រដ្ឋាភិបាល​ចំពោះមុខ​ប្រជាជន ដែល​បាន​រង់ចាំ​អស់​រយៈពេល ៤៤​ ឆ្នាំ​មកហើយ និង​ចំណាយធនធាន​អស់យ៉ាង​ច្រើន ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​កើត​ចេញ​ជា​រូបរាង​នៃ​ការប្រកួត​ដ៏ អស្ចារ្យ​ ១ ​នេះ​។

​នៅ​ចុងបញ្ចប់​នៃ​សារ​សំឡេង លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជាថ្មី​ថា គ្មាន​ការបង់ប្រាក់​ណា​មួយ ត្រូវធ្វើ​សម្រាប់​អ្នក​ចូលទៅក្នុង​ពិធី​បើក​និង​ពិធី​បិទ និង​ចូលទៅ​ទស្សនា​គ្រប់​វិញ្ញាសា នៃ​ការប្រកួត មិន​អនុញ្ញាត​ឱ្យមាន​អ្នកលក់​សំបុត្រ​នោះឡើយ​។ ក្នុងករណី​ដែលមាន​ការទាមទារ​ណា​មួយ​លោក​សូមឱ្យ​ប្រើ​ហ្វេ​ស​ប៊ុ​ក​បញ្ជូន​ព័ត៌មាន​ឱ្យបាន​រហ័ស ដើម្បី​រកឱ្យឃើញ​ជន​ដែល​បង្កប់ខ្លួន​ក្រោមរូបភាព​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ​វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អា​​គ្នេ​យ៍ ​(CAMSOC)​ និង​ជា​អគ្គ​លេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បានទេ​នៅ​ថ្ងៃទី ៣០ ខែមីនា​៕