
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានសម្រេចអនុញ្ញាតឱ្យសាធារណជនទាំងក្នុងស្រុកនិងភ្ញៀវអន្តរជាតិ ចូលរួមទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលរៀបចំនៅកម្ពុជា ដោយឥតគិតថ្លៃ ព្រមទាំងផ្តល់សិទ្ធិផ្សព្វផ្សាយទៅក្រៅប្រទេសដោយឥតគិតថ្លៃផងដែរ។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (គ.ជ.ប.អ) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចុះថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា ការសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖«ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN_Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ»។
ប្រភពដដែលបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុងនិងក្រៅប្រទេសផងដែរ។
តាមរយៈសារពិសេស កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជាបានចំណាយប្រាក់ រាប់ទាំងមូលដ្ឋានសម្ភារបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាង នៃការប្រកួត។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំមិនយល់ព្រមជាដាច់ខាត ចំពោះការលក់សំបុត្រទាំងពេលចូលបើក និងបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុងការប្រកួតស៊ីហ្គេម។ បន្ទាប់ពីឮថាមានការផ្សព្វផ្សាយនៅតាមវេបសាយខាងផ្នែកកីឡា ខណៈដែលមិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយក៏កាន់តែគ្មានការ អនុញ្ញាតពីខ្ញុំផ្ទាល់ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបថា ការសម្រេចមិនលក់ថ្លៃសំបុត្រចូលទស្សនានេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសលក់សំបុត្រសម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងតម្លៃ១០ម៉ឺនរៀល និង២០ម៉ឺនរៀល ហើយទទួលរងនូវការរិះគន់មួយចំនួនផងដែរ៕