ភ្នំពេញៈ គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas បានបង្ហាញភាព សប្បាយរីករាយខ្លាំង ចំពោះការទទួលបានឱកាសជាថ្មី ក្នុងការមកដឹកនាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសតែងតាំងឱ្យរូបលោក ធ្វើជាគ្រូបង្គោល ជំនួសអ្នកចាត់ការទូទៅ លោក Keisuke Honda ដែលនឹងបញ្ចប់តួនាទី ក្នុងការដឹកនាំក្រុមកម្ពុជា នៅក្រោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នាថ្ងៃទី ១៧ ខែឧសភា ខាងមុខ។
លោក Felix Dalmas ដែលធ្លាប់បានចូលរួមដឹកនាំក្រុមកម្ពុជា ក្នុងនាមជាគ្រូបង្គោល ជាមួយលោក Keisuke Honda ជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០១៨នោះ បានអះអាង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២ ខែមេសា ថា ទោះលោកបានចាកចេញពីក្រុមកម្ពុជា ដោយសារបញ្ហាផ្ទាល់ខ្លួន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែបេះដូងរបស់លោក ស្ថិតនៅកម្ពុជា ហើយការវិលត្រឡប់មកលើកនេះ ដើម្បីបន្តធ្វើការងារ ដែលលោកមិនទាន់បានបញ្ចប់ជាមួយក្រុមជម្រើសជាតិកម្ពុជា។
គ្រូបង្វឹករូបនេះ បាននិយាយថា៖ «ខ្ញុំមិនចង់ចាកចេញពីកម្ពុជានោះទេ ប៉ុន្តែដោយសារស្ថានភាពគ្រួសារ ក្នុងវិបត្តិជំងឺកូវីដ១៩ និងបញ្ហាផ្ទាល់ខ្លួនមួយចំនួនទៀត បានបង្ខំឱ្យខ្ញុំត្រូវចាកចេញពីកិច្ចការងារ ដែលខ្ញុំបាននិងកំពុងធ្វើជាមួយលោកគ្រូ Honda។ យ៉ាងណាក៏ដោយ ខ្ញុំមានការសប្បាយរីករាយ ក្នុងការត្រឡប់មកវិញ ក្នុងពេលដែល FFC បានបង្ហាញឱ្យខ្ញុំបានឃើញពីផែនការ និងគោលដៅចម្បងៗ ចំណែកក្លិបនៅកម្ពុជា ក៏មានការរីកចម្រើន»។
«ខ្ញុំចង់ឃើញកិច្ចការងារទាំងអស់នេះ បន្តដំណើរទៅមុខ ហើយ FFC ក៏បានបង្ហាញឱ្យខ្ញុំឃើញពីក្តីស្រមៃ និងក្តីសង្ឃឹមរបស់បាល់ទាត់នៅកម្ពុជា ជាពិសេស ខ្ញុំនៅមិនទាន់បានបញ្ចប់ការងាររបស់ខ្ញុំនៅកម្ពុជានោះទេ។ ហេតុនេះខ្ញុំត្រូវតែត្រឡប់មកវិញ ដោយកម្ពុជា ជាជម្រើសទី១សម្រាប់ខ្ញុំ ក្នុងការត្រឡប់មកមកបន្តអាជីពនេះ ហើយខ្ញុំសូមអរគុណដល់អ្នកគាំទ្រផងដែរ ដែលចង់ឃើញការវិលវិញរបស់ខ្ញុំ»។ លោក Felix បានបន្ថែម។
សម្រាប់ការដឹកនាំក្រុមជម្រើសជាតិកម្ពុជា រួមគ្នាជាមួយអ្នកចាត់ការទូទៅលោក Keisuke Honda តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក Felix Dalmas ត្រូវបានគេមើលឃើញថា ជាគ្រូបង្គោល ដែលបាននៅជាប់ជាមួយកីឡាករជាប្រចាំ និងមានការលះបង់ខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន គឺទោះបីជាលោកមានរបួស ដើរមិនរួច ក៏លោកប្រើឈឺច្រត់ ដើរជំនួស ដើម្បីមកចូលរួមបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា នៅលើទីលាន។
ជាមួយការបង្វឹកដោយយកចិត្តទុកដាក់របស់ លោក Felix Dalmas បានជួយឱ្យក្រុមជម្រើសជាតិកម្ពុជា អាចបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ជាលើកដំបូង។ ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ក្រុមបាល់ទាត់កម្ពុជា បានធ្លាក់ក្នុងវគ្គជម្រុះតាមពូលជាថ្មីម្តងទៀត ខណៈពេលនោះ គ្មានវត្តមានលោក Felix នៅជាមួយក្រុមកម្ពុជា នោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ការវិលមកកាន់តួនាទីជាគ្រូបង្គោលជាថ្មីនេះ លោក Felix Dalmas មានឆន្ទៈក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលោក Keisuke Honda ឱ្យមានភាពរីកចម្រើន ដោយលោកបានមើលឃើញថា បច្ចុប្បន្ននេះលីគកំពូលកម្ពុជា មានការអភិវឌ្ឍច្រើន ព្រោះទាំងគ្រូបង្វឹកចាស់ និងគ្រូថ្មី បាននាំមកនូវបទពិសោធន៍ល្អៗ និងផ្តល់ភាពអាជីពដល់កីឡាករ ធ្វើឱ្យកីឡាករកម្ពុជា ទាំងអ្នកចាស់ៗ និងអ្នកថ្មី មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
Felix បានបញ្ជាក់ថា៖ «ខ្ញុំពិតជារំភើប នៅពេលបានឃើញភាពរីកចម្រើនទាំងអស់នេះ ហើយយើងចង់បន្តធ្វើការឱ្យបានល្អ ដូចដែលយើងធ្លាប់បានធ្វើកន្លងមក។ យើងចង់បង្កើតក្រុមមួយ ដែលអ្នកទាំងអស់គ្នាអាចមានមោទនភាព និងនាំមកនូវភាពរីករាយដល់គ្រប់គ្នា។ យ៉ាងណាក៏ដោយ ខ្ញុំត្រូវការការចូលរួមរបស់អ្នកទាំងអស់គ្នា ដោយយើងត្រូវធ្វើការងារជាមួយគ្នា។ ខ្ញុំត្រូវការការគាំទ្រ ក្តីស្រឡាញ់ និងការអត់ធ្មត់ពីបងប្អូន ដើម្បីអភិវឌ្ឍក្រុមកម្ពុជាឱ្យរីកចម្រើនទៅមុខ»។
ជាមួយគ្នានេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា កិច្ចសន្យាជាគ្រូបង្គោលរបស់លោក Felix Dalmas មានរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៣នេះ ដល់ឆ្នាំ២០២៦ ហើយការនាំយកលោក Felix មកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងកិច្ចសន្យារបស់លោក Honda ត្រូវបញ្ចប់រហូតដល់ស៊ីហ្គេម បានបញ្ចប់នោះ ត្រូវបានលោក សារ៉េត បញ្ជាក់ថា ដោយសារក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ចត្រូវបំពេញ នៅចំពោះមុខ។
លោកបានថ្លែងថា៖ «យើងមានកម្មវិធីប្រកួត ដែលនឹងខិតចូលមកដល់ឆាប់ៗនេះ ដែលត្រូវរៀបចំក្រុមជម្រើសជាតិ ចូលរួម ដូចជាការប្រកួតជម្រុះ FIFA World Cup និងការប្រកួតផ្សេងៗជាច្រើនទៀត ទាំងក្នុងតំបន់អាស៊ាន និងអាស៊ី។ ម្ល៉េះហើយយើងក៏បានចរចាគ្នារួចរាល់ ហើយលោក Felix Dalmas ក៏បានដឹងពីរឿងនេះ អ៊ីចឹងបន្ទាប់ពីលោក Honda បានបញ្ចប់ភារកិច្ច នៅស៊ីហ្គេម គឺដល់វេនគាត់ ចូលដឹកនាំក្រុមកម្ពុជាហើយ»។
អគ្គលេខាធិការ FFC លោក កែវ សារ៉េត បានបញ្ជាក់ថា៖ «យើងបានផ្តល់កិច្ចសន្យារយៈពេល៤ឆ្នាំ ដើម្បីឱ្យគាត់មានផែនការវែង ក្នុងការដឹកនាំក្រុម ហើយលោក Felix Dalmas បានដឹងពីស្ថានភាពការរស់នៅ និងសុខទុក្ខរបស់កីឡាករខ្មែរច្បាស់ អ៊ីចឹងហើយការធ្វើការងារជាមួយគ្នា យើងមានភាពកក់ក្តៅ ដោយយើងសង្ឃឹមថា នឹងទទួលបានផលល្អជាងមុនទៀត»៕