លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសផ្តល់ថវិកាចំនួន ២ ម៉ឺនដុល្លារ ជូនដល់កីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago ដែលតំណាងគុនខ្មែរបានទៅប្រកួតនៅលើឆាកអន្តរជាតិហើយទទួលបានជ័យជម្នះ ដែលការផ្តល់នេះ ដើម្បីជាការលើកទឹកចិត្ត។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ក៏បានគ្រោងស្នើសុំសញ្ជាតិខ្មែរពីព្រះមហាក្សត្រផ្តល់ជូនកីឡាកររូបនះផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងគណនីតេឡេក្រាមផ្លូវការនៅថ្ងៃទី ៨ ខែមេសានេះថា៖«ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០០០០ ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago »។
សូមជម្រាបថា ការផ្តល់ប្រាក់លើកទឹកចិត្តនេះ បន្ទាប់ពីកីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នមួយថៃ (Muy Thai) ពិភពលោក ប្រកាសដកហូតខ្សែក្រវាត់ WMO World Title និងហាមឃាត់គាត់ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង WMO ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលរូបលោកបានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាល្លឺម៉ង់ ហើយបានឈ្នះខ្សែក្រវាត់ (WMO)។
ដើម្បីជាការលើកទឹកចិត្ត ថ្នាក់ដឹកនាំក្រសួង និងឧកញ៉ាមួយចំនួន ក៏បានផ្តល់ថវិកាមួយចំនួនដល់កីឡាករ Thiago ផងដែរ ដើម្បីជាការលើកទឹកចិត្តក្រោយពីកីឡាកររូបនេះតំណាងគុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភពលោកជូនកម្ពុជា។
ក្នុងនោះរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញារីទ្ធ បានផ្តល់ថវិកា ចំនួន ១០០០ ដុល្លារ ដោយភ្ជាប់ សារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ «ឃើញគេមិនឱ្យលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។
ចំណែករដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា ក៏បានផ្តល់ប្រាក់ចំនួន ១០០០ ដុល្លារផងដែរ។ នេះបើតាមនាយកដ្ឋានព័ត៌មាន (ទទក)។
ដោយឡែកលោក ស្រី ចាន់ថន ដែលមានងារជាឧកញ៉ា ដែលកំពុងសាងសង់ «ក្លិបប្រដាល់គុនខ្មែរវើលឆេមពាន» ក៏បានប្រកាសផ្តល់ប្រាក់ជូនកីឡាករ Thiago ចំនួន ៣៥០០ ដុល្លារផងដែរ។
លោកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖«ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago មិនទទួលបានថវិកាសម្រាប់ការប្រកួតចុងក្រោយរបស់គាត់។ មួយរយៈនេះខ្ញុំរង់ចាំមើលសភាពការខាងភាគីប្រេស៊ីលដើម្បីចៀសវាងការប៉ះទង្គិចគ្នារវាងបុគ្គលនិងបុគ្គល ក្លិបនិងក្លិប សហព័ន្ធនិងសហព័ន្ធ ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ។
ក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ចាន់ ថន បន្ថែមថា ៖«បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago គាត់បានបញ្ជាក់ថាកីឡាករ Thiago បានធ្វើតាមលក្ខខណ្ឌទាំងអស់ទាំងមុននិងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ចរបស់គាត់ទាំងអស់ក្នុងកិច្ចការងារឡើងប្រកួតមួយនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នូវចំនួនទឹកប្រាក់ $ ៣៥០០ នេះជាដាច់ខាត»៕