ភ្នំពេញៈ អ្នកប្រដាល់សញ្ជាតិប្រេស៊ីល Thiago Teixeira បាននិងកំពុងដាក់ចិត្តខ្លាំង ក្នុងការចូលរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក ជំនួសការដើរចេញពីប្រដាល់ Muay Thai បន្ទាប់ពីអ្នកប្រដាល់រូបនេះ ត្រូវបានសមាគមកីឡាប្រដាល់ Muaythai ពិភពលោក ដកខ្សែក្រវាត់ WMO យកទៅវិញ ជាមួយការចេញលិខិតត្រឹម ១ ច្បាប់ ដោយគ្មានទាក់ទងផ្ទាល់មកសាមីខ្លួន កាលពីពេលថ្មីៗនេះ។
កីឡាករ Thiago Teixeira បានចាត់ទុកការដកខ្សែក្រវាត់ពីស្ថាប័ន World Muaythai Organization (WMO) ថា ជារឿងពាក់ព័ន្ធនឹងការរើសអើង ចំណែកការចេញលិខិតប្រកាសពីការដកខ្សែក្រវាត់ WMO និងការហាមឃាត់រូបលោក ពីគ្រប់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹង ស្ថាប័ន WMO ជារឿង ដែលត្រូវបានធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។
នៅក្នុងសន្និសីទកាសែត ដែលធ្វើនៅសណ្ឋាគារសុខា កាលពីថ្ងៃទី៨ ខែមេសា Thiago បាននិយាយថា៖ «សម្រាប់ការដកហូតខ្សែក្រវាត់នេះ ខាង WMO មិនបាននិយាយអ្វីជាមួយខ្ញុំនោះទេ។ គេបានត្រឹមបញ្ចេញលិខិតប្រកាសមួយ នៅលើអុីនធឺណិត។ វាជាការរើសអើង ព្រោះតាមរយៈលិខិតនោះ គឺមិនបានបញ្ជាក់អ្វី ដែលជាបញ្ហាចម្បងនោះទេ ហើយខ្ញុំមានការខកចិត្តជាមួយ Muay Thai ថាហេតុអ្វី បានជាធ្វើបែបនេះជាមួយខ្ញុំ?»។
Thiago បានបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍មិនល្អនោះទេ នៅពេលគេធ្វើបែបហ្នឹងដាក់ខ្ញុំ។ ខ្ញុំបានប្រឹងប្រែងប្រកួតតំណាងឱ្យ Muay Thai ហើយដណ្តើមបានខ្សែក្រវាត់ និងពានជាច្រើន ហើយក៏បានជួយបង្ហាត់ដល់កីឡាករបរទេសជាច្រើន សម្រាប់សមាគមនេះផងដែរ ប៉ុន្តែចុងក្រោយ គាត់ធ្វើបែបនេះ ចំពោះខ្ញុំ។ ខ្ញុំពិតជាមិនយល់នោះទេ»។
គួររំឭកថា កីឡាករប្រេស៊ីល Thiago Teixeira បានផ្តួលកីឡាកររបស់អង់គ្លេស Joe Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក WMO សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្តែបន្ទាប់ពីការដណ្តើមបានខ្សែក្រវាត់ ក្នុងកម្មវិធី APEX Fight Series នៅសង្វ្រៀន LKH Arena ប្រទេសអាល្លឺម៉ង់នោះ ស្ថាប័ន WMO បានចេញសេចក្តីប្រកាសដកខ្សែក្រវាត់នោះវិញ ហើយក៏មិនបានផ្តល់ប្រាក់ដែល Thiago ត្រូវទទួលបាននោះដែរ ដោយសំអាងថា Thaigo មិនបានប្រកួតតំណាងឱ្យ Muay Thai។
«លោក Thiago បានហ្វឹកហាត់ និងបង្រៀនប្រដាល់ Muay Thai ជាច្រើនឆ្នាំមកហើយ ហើយបានបំពេញជំនាញកម្រិតខ្ពស់ (គាត់បានសាក់ពាក្យ Muay Thai នៅលើខ្នងរបស់គាត់)។ គាត់បានចាប់ផ្តើមជំនាញនេះ នៅកោះសាមុយ ប្រទេសថៃ ហើយបានហ្វឹកហាត់ និងជាម្ចាស់ក្លិប Super 8 Muay Thai ក្នុងគោលបំណងផ្សព្វផ្សាយ Muay Thai ក៏ប៉ុន្តែពេលនេះ គាត់អះអាងថា គាត់មិនមែនជាអ្នកប្រដាល់ Muay Thai ទៀតទេ ហើយមានបំណងចង់បន្ត និងតំណាងឱ្យក្បាច់គុនផ្សេង»។ នេះជាសេចក្តីប្រកាសរបស់ WMO ជុំវិញការដកខ្សែក្រវាត់ពី Thiago។
យ៉ាងណាក៏ដោយ Thiago បានបញ្ជាក់ថា រូបគេគ្មានការសោកស្តាយអ្វីឡើយ ចំពោះការដើរចេញពីប្រដាល់ Muay Thai ហើយលោកក៏គ្មានការទាក់ទងអ្វីទៀតនោះដែរ ចំពោះក្លិប Super 8 Muay Thai ព្រោះកីឡាករបរទេសហ្វឹកហាត់ភាគច្រើន នៅក្នុងនេះ ជាអ្នកទេសចរ គឺមានតែកីឡាករ២នាក់ទេ បានហ្វឹកហាត់ ជាប់លាប់ ហើយគាត់ នឹងនាំយកអ្នកទាំងនោះ មកចូលរួមជាមួយក្លិបគុនខ្មែរជើងឯកពិភពលោករបស់លោក ស្រី ចាន់ថន ព្រោះ Thiago បានចុះកិច្ចសន្យាក្នុងការចូលរួមជាមួយក្លិបមួយនេះរួចហើយ ដើម្បីរួមចំណែកជួយផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក។
កីឡាកររបស់ប្រេស៊ីលរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំគ្មានពាក្យថា សោកស្តាយ សម្រាប់ការដើរចេញពី Muay Thai នោះទេ ព្រោះពេលខ្ញុំចូលរួមជាសមាជិករបស់ Muay Thai ជាច្រើនឆ្នាំមកនេះ មិនត្រូវបានគេគាំទ្រនោះឡើយ គឺអ្វីដែលខ្ញុំបានធ្វើ វាកើតចេញពីការប្តេជ្ញាចិត្តរបស់ខ្ញុំផ្ទាល់។ មិនមែនតែខ្ញុំម្នាក់ទេ ប៉ុន្តែអ្នកប្រដាល់ និងអ្នកគាំទ្រ Muay Thai ជាច្រើនទៀត ក៏យល់ឃើញបែបនេះដែរ»។
«នេះជាមូលហេតុ ដែលខ្ញុំបានចូលរួមជាមួយក្លិបគុនខ្មែរជើងឯកពិភពលោក និងហៅអត្តពលិកអន្តរជាតិផ្សេងទៀត មកទីនេះ ដើម្បីហ្វឹកហាត់ និងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ព្រោះគុនខ្មែរ ជាក្បាច់គុនមានដើមកំណើតពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា»។ Thiago បានបញ្ជាក់បន្ថែម ស្របពេលរូបគេបានមើលឃើញកាន់តែច្បាស់ពីក្តីស្រឡាញ់ និងការផ្តល់តម្លៃដ៏ពិតប្រាកដរបស់ប្រជាជនកម្ពុជាចំពោះរូបគេ។
ចំពោះសាក់ពាក្យ Muay Thai នៅលើខ្នង ដែលស្ថាប័ន WMO អះអាងថា ជាការកម្រិតពីជំនាញកម្រិតខ្ពស់របស់ Thiago ក្នុងការហ្វឹកហាត់ប្រដាល់ Muay Thai របស់ថៃនោះ ត្រូវបាន Thiago បញ្ជាក់ថា៖ «ចំពោះការសាក់ Muay Thai នៅក្រោយខ្នងរបស់ខ្ញុំ គឺខ្ញុំមិនដឹងថា ពាក្យនេះ មានន័យថា យ៉ាងម៉េចទេ ព្រោះកាលនោះ ខ្ញុំទើបមានអាយុ១៦ឆ្នាំ។ ពេលខ្ញុំស្គាល់ Muay Thai ខ្ញុំក៏បានសាក់វានៅលើខ្នងរបស់ខ្ញុំ។ ខ្ញុំរកលុបចេញដែរ តែវាពិតជាឈឺណាស់។ តែទោះបីជាយ៉ាងណា ពេលនេះខ្ញុំប្រាកដណាស់ថា នឹងលុបសាក់នេះចេញពីខ្នងរបស់ខ្ញុំ»។
ជាមួយគ្នានេះថ្នាក់ដឹករបស់កម្ពុជា ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់ថវិកាចំនួន២ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្តដល់ Thiago ហើយក៏កំពុងពិនិត្យមើលតាមផ្លូវច្បាប់ ក្នុងការស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ផងដែរ ហើយការយកចិត្តទុកដាក់នេះ បានធ្វើឱ្យអ្នកប្រដាល់រូបនេះ មានការរំភើបខ្លាំងបំផុត និងបានប្តេជ្ញាចិត្ត ក្នុងការជួយផ្សព្វផ្សាយគុនខ្មែរ។
Thiago បានសង្កត់ធ្ងន់ថា៖ «ការគាំទ្រ និងជួយរបស់សម្តេច ហ៊ុន សែន ពិតជាបានផ្តល់កិត្តិយសខ្លាំងណាស់ដល់រូបខ្ញុំ ហើយនេះជាអារម្មណ៍ដ៏រំភើបបំផុត មិនធ្លាប់មាន នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អ សម្រាប់ការស្នាក់នៅកម្ពុជា ហើយខ្ញុំចង់រស់នៅទីនេះរហូត ដោយខ្ញុំបានចាត់ទុកកម្ពុជា ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំមានការតាំងចិត្តថា នឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក»។
ជាមួយគ្នានេះ លោក ស្រី ចាន់ថន បានប្រកាសថា សម្រាប់ការនាំយក Thiago មកចូលរួមក្នុងក្លិបគុនខ្មែរជើងឯកពិភពលោក របស់លោក ត្រូវបានធ្វើរួចរាល់តាំងពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ហើយការចុះហត្ថលេខាផ្លូវការត្រូវបានធ្វើ បន្ទាប់ពី Thiago បាននាំយកខ្សែក្រវាត់ WMO មកដល់កម្ពុជាវិញ ខណៈក្លិបថ្មីនេះ នឹងលេចចេញជារូបភាពពិតប្រាកដ ក្នុងរយៈពេល២ខែខាងមុខនេះ។
លោក ចាន់ថន បានបញ្ជាក់ថា៖ «ខ្ញុំយល់អំពីបញ្ហាដែលកីឡាករ Thiago កំពុងតែជួប ប៉ុន្តែខ្ញុំមិនខ្លាច មិនរួញរាក្នុងការនាំកីឡាករ Thiago ចូលក្លិបរបស់ខ្ញុំនោះទេ។ បើទោះបីជាគាត់កំពុងតែមានបញ្ហាធំប៉ុនមេឃក៏ដោយ។ មូលហេតុ ដែលខ្ញុំហ៊ានចុះកិច្ចសន្យាយក Thiago ក៏ដោយសារតែគាត់បានលះបង់ទាំងផលប្រយោជន៍ ទាំងពេលវេលាផ្ទាល់ខ្លួន និងទាំងសុខសុវត្ថិភាពអាយុជីវិតរបស់គាត់ ដើម្បីគុនខ្មែរ និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះខ្ញុំមិនអាចក្បត់ឧត្តមគតិរបស់ខ្ញុំបានឡើយ គឺខ្ញុំត្រូវតែចុះហត្ថលេខាយកគាត់ ចូលក្លិបរបស់ខ្ញុំជាដាច់ខាត»៕