ភ្នំពេញៈ កីឡាករជើងខ្លាំង យ៉េន ឌីណា និង ឃីមបូរ៉ា សុទ្ធតែដណ្តើមបានពានរង្វាន់ពីការប្រកួតម៉ារ៉ាតុងអន្តរជាតិក្នុងព្រឹត្តិការណ៍ World Kun Khmer ដែលធ្វើនៅរង្វង់មូលទុរេននៃកីឡដ្ឋាន ខេត្តកំពត ហើយជ័យជម្នះនេះបានជួយឱ្យអ្នកទាំង ២ ទទួលបានឱកាសដ៏ពិសេសឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC Kun Khmer World Champion ទៅតាមប្រភេទទម្ងន់រៀងៗខ្លួន។
តាមការប្រកួត ដែលរៀបចំដោយសង្វៀនថោននេះ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ ២០២២ ឃីម បូរ៉ា បានបញ្ចប់ការប្រកួតលក្ខណៈម៉ារ៉ាតុង ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ជាលើកដំបូងរបស់គេដោយជោគជ័យជាមួយការឈ្នះបានពានពីព្រឹត្តិការណ៍ World Kun Khmer នារដូវកាលថ្មីនេះ ដោយបានយកឈ្នះកីឡាករម៉ាឡេស៊ី និងកីឡាករថៃដោយពិន្ទុដូចគ្នា។
នៅក្នុងការប្រកួតជម្រុះលើកទី១ ដែលមាន ៣ ទឹក ឃីម បូរ៉ា បានយកឈ្នះកីឡាករម៉ាឡេស៊ីឈ្មោះ គូម៉ារីត វ៉លវ៉ស ដោយពិន្ទុ ស្របពេលកីឡាករថៃ Rambong បានយកឈ្នះអ្នកប្រយុទ្ធរបស់រុស្ស៊ី Baev Danil ដែលធ្វើឱ្យអ្នកទាំង២ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផល បូរ៉ា បានយកឈ្នះថៃ ដែលទើបបានយកឈ្នះ អេលីត សាន់ Rambong ម្នាក់នេះ ដោយពិន្ទុ តែក៏មានស្នាមបែកនៅលើចុងចិញ្ចើមខាងឆ្វេងផងដែរ។
ជាមួយការទទួលបានជោគជ័យ សម្រាប់ការឈ្នះបានពាន World Kun Khmer សម្រាប់ការប្រកួតទម្ងន់ ៦០ គីឡូក្រាមនេះ អ្នកប្រដាល់មកពីជាយដែនខេត្តបន្ទាយមានជ័យ បានសរសេរបង្ហោះសារបែបនេះថា៖ «អរគុណបងប្អូនខាងខេត្តកំពត សម្រាប់ការគាំទ្រ។ ខ្ញុំឈ្នះហើយ តែបាន ៥ ថ្នេរ»។
យ៉ាងណាមិញ សម្រាប់ការប្រកួតរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២២ យ៉េន ឌីណា វិញ គឺរូបគេបានប្រើពេលតិចបំផុតក្នុងការឈ្នះពានពីការប្រកួតម៉ារ៉ាតុងអន្តរជាតិក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ ព្រោះ យ៉េន ឌីណា បានផ្តួលដៃគូឱ្យសន្លប់នៅក្នុងរង្វង់ទឹកទី១ ដូចគ្នាតែម្តង។
សម្រាប់ការប្រកួតជម្រុះលើកទី១ ជាមួយកីឡាករឡាវ ស៊ីងយ៉ៃ ឡាវឡានឆាង គឺ យ៉េន ឌីណា បានទាត់ដៃគូម្នាក់នេះឱ្យខូចដៃឆ្វេង ដោយចំណាយពេលមិនដល់២នាទីផងនៅក្នុងទឹកទី១ ចំណែកការឡើងទៅជួបកីឡាករថៃ ឈោកមង្ឃុន នៅវគ្គផ្តាច់ព្រ័ត្រ យ៉េន ឌីណា បានម៉ាត់ថៃម្នាក់នេះចូលពោះ ២ ដៃបណ្តាលឱ្យដួលចុកឆ្អល់ មិនអាចក្រោកឈរបន្តការប្រកួតទៀតបាន ក្នុងរយៈពេលប្រមាណ ១ នាទី។
ជាមួយការឈ្នះពានពីការប្រកួតម៉ារ៉ាតុងអន្តរជាតិនៃព្រឹត្តិការណ៍ World Kun Khmer នេះ យ៉េន ឌីណា ទទួលបានប្រាក់រង្វាន់ចំនួន ៣ ៥០០ ដុល្លារ ដូច ឃីម បូរ៉ា ដែរ ហើយអ្នកទាំង ២ សុទ្ធតែទទួលបានឱកាស ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion ជាបន្តទៀត។ នេះបើតាមការអះអាងរបស់លោក ជួប វុត្ថា។
អ្នកផ្គូផ្គងប្រដាល់ និងជាពិធីករប្រចាំនៅសង្វៀនថោន លោក ជួប វុត្ថា បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ Wurkz World Kun Khmer នេះ មានការប្រកួតចំនួន៧សប្តាហ៍ ដែលត្រូវធ្វើនៅតាមខេត្តផ្សេងគ្នា ហើយនៅក្នុងការប្រកួតនេះ មានការប្រកួតម៉ារ៉ាតុងអន្តរជាតិរវាងកីឡាករមកពីប្រទេស៤ផ្សេងៗគ្នានៅលើប្រភេទទម្ងន់ ៦០ គីឡូក្រាម និង ៦៥ គីឡូក្រាម ដោយត្រូវរកអ្នកឈ្នះពានចំនួន ៨ នាក់ ដើម្បីឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ IPCC Kun Khmer World Champion ក្នុងប្រភេទទម្ងន់ទាំង២នេះ។
តាមអ្វីដែលលោក ជួប វុត្ថា បានឱ្យដឹងនេះ គឺមានន័យថា យ៉េន ឌីណា និង ឃីម បូរ៉ា បានក្លាយជាបេក្ខភាពទី១ ដែលឈ្នះបានពានមុនគេនៅតាមប្រភេទទម្ងន់របស់ពួកគេ ហើយអ្នកទាំង ២ នឹងត្រូវរង់ចាំបេក្ខភាពឈ្នះពានចំនួន៦នាក់ទៀត ដើម្បីប្រកួតម៉ារ៉ាតុងដណ្តើមយកខ្សែក្រវាត់ IPCC Kun Khmer World Champion នៅសប្តាហ៍ទី៧ចុងក្រោយ ខណៈការប្រកួតប្រចាំសប្តាហ៍ទី១ នៅខេត្តកំពត កាលពីថ្ងៃទី ៨ និងទី ៩ ខែមេសា កន្លងមកនេះ ទទួលបានការគាំទ្រខ្លាំងបំផុត៕