ភ្នំពេញៈ អ្នកប្រដាល់សញ្ជាតិប្រេស៊ីល Thiago Teixeira និងប្រពន្ធរបស់ខ្លួន លោកស្រី ROMA MARIA ROZANSKA-STEFFEN ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា ផ្តល់សញ្ជាតិខ្មែរឱ្យជាផ្លូវការ តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។
តាមព្រះរាជក្រឹត្យចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារ លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ដែលមានលោក THIAGO ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
ចំណែកលោកស្រី រ៉ូម៉ា ម៉ារៀរ៉ហ្សានស្តា ស្តេហ្វហ្វែន (ROMA MARIA ROZANSKA STEFFEN) ជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ ដែលជាប្រពន្ធរបស់លោក Thiago ក៏ត្រូវបានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដូចគ្នា ហើយការត្រាស់បង្គាប់នេះ បញ្ជាក់ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
ជាមួយការផ្តល់សញ្ជាតិខ្មែរ ដល់ប្តីប្រពន្ធ Thiago នេះ បានធ្វើឱ្យប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការសាទរខ្លាំង ដល់ Thiago និងប្រពន្ធរបស់លោក ខណៈការផ្តល់សញ្ជាតិឱ្យប្តីប្រពន្ធកីឡាករ Thiago នេះ ត្រូវបានធ្វើឡើង តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកបានថ្លែងបែបនេះថា៖ «ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago»។
ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានធ្វើឡើង ស្របពេលលោកបានប្រកាសផ្តល់ឧបត្ថម្ភដល់ Thiago ចំនួន២ម៉ឺនដុល្លារ កាលពីថ្ងៃទី ៨ ខែមេសា ហើយការស្នើទៅព្រះមហាក្សត្រ សុំផ្តល់សញ្ជាតិខ្មែរជូន Thiago របស់លោក ហ៊ុន សែន ដោយសារតែកីឡាករប្រេស៊ីលរូបនេះ បានប្រកួតតំណាងឱ្យកម្ពុជា ក្នុងពេលរូបគេបានឈ្នះខ្សែក្រវាត់ពិភពលោក WMO នៅសង្វៀន Apex Fight Series ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣។
ប៉ុន្តែខ្សែក្រវាត់ WMO នោះ ត្រូវបានសមាគមប្រដាល់ Muay Thai ពិភពលោក ហៅកាត់ថា WMO ដកយកទៅវិញ ដោយបានចោទប្រកាន់ Thiago ថា មិនប្រកួតតំណាងឱ្យ Muay Thai តែបែរជាទៅប្រកួតតំណាងឱ្យក្បាច់គុនផ្សេង (គុនខ្មែរ) ទៅវិញ ហើយហេតុការណ៍នេះ បានធ្វើឱ្យ Thiago មានការខូចចិត្តខ្លាំង ខណៈការព្យាយាមយ៉ាងលំបាករបស់គេ ត្រូវបានរលាយបាត់ទាំងមិនសមហេតុផលបែបនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករប្រេស៊ីល Thiago បានអះអាងថា រូបគេ គ្មានការសោកស្តាយ ចំពោះការដើរចេញពីប្រដាល់ Muay Thai ដែលរូបគេបានហ្វឹកហាត់ និងប្រកួតតាំងពីអាយុ ១៦ ឆ្នាំមកនោះទេ ព្រោះ WMO មិនផ្តល់តម្លៃ និងគាំទ្រដល់ការព្យាយាមរបស់លោក ក្នុងការជួយផ្សព្វផ្សាយប្រដាល់ Muay Thai អស់រយៈពេលជាង ១៧ ឆ្នាំមកហើយនេះ។
ជាមួយការដកចិត្តចេញពីប្រដាល់ Muay Thai របស់ថៃនេះ Thiago បាននិងកំពុងដាក់ចិត្តខ្លាំងមកលើប្រដាល់គុនខ្មែរ ហើយបានចាត់ទុកកម្ពុជា ជាផ្ទះរបស់លោករួចទៅហើយ ហើយលោកធ្លាប់បានបញ្ជាក់ថា លោកឈប់ប្រកួតជាមួយកីឡាករកម្ពុជាទៀតហើយ ព្រោះកម្ពុជា ជាម្ចាស់ក្បាច់គុនដ៏ពិតប្រាកដ អ៊ីចឹងការព្យាយាមរបស់លោកជាបន្តទៅមុខទៀត គឺត្រៀមប្រកួតតែជាមួយកីឡាករបរទេស ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ព្រោះប្រជាជនកម្ពុជា បានផ្តល់តម្លៃដល់រូបលោកដ៏ពិតប្រាកដ ហើយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ក៏បានគាំទ្រលោកផងដែរ។ «ខ្ញុំមានអារម្មណ៍ល្អ សម្រាប់ការស្នាក់នៅកម្ពុជា ហើយខ្ញុំចង់រស់នៅទីនេះរហូត ដោយខ្ញុំបានចាត់ទុកកម្ពុជា ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំមានការតាំងចិត្តថា នឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក»។
នេះជាអ្វីដែល Thiago បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ក្នុងសន្និសីទកាសែត នៅសណ្ឋាគារសុខា កាលពីថ្ងៃទី ៨ ខែមេសា គឺបន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះ បានចុះកិច្ចសន្យាចូលរួមជាមួយក្លិបគុនខ្មែរជើងឯកពិភពលោក ដែលមានលោក ស្រី ចាន់ថន ជាប្រធាន។
ចំពោះការបន្តអាជីពចាស់ នៅលើទឹកដីថ្មី នៃព្រះរាជាណាចក្រកម្ពុជានេះ Thiago ក៏មានគម្រោងនាំយកកីឡាករបរទេសផ្សេងៗទៀត មកចូលរួមជាមួយក្លិបគុនខ្មែរជើងឯកពិភពលោក នេះផងដែរ ហើយកាលពីថ្ងៃទី ១១ ខែមេសា Thiago ក៏បានចូលរួម ក្នុងកម្មវិធីបញ្ចុះបឋមសាលាសាងសង់ពហុកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោក នៅលើទឹកដីវិហារសួគ៌ ក្នុងសួនកម្សាន្ត Jets Garden Park ផងដែរ។
ជាមួយគ្នានោះ លោក ស្រី ចាន់ថន បានអះអាងថា នេះជាពហុកីឡដ្ឋានគុនខ្មែរ ដែលមានរចនាប័ទ្មខ្មែរទាំងស្រុង ដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ សម្រាប់លើកកម្ពស់ និងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ហើយលោក ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរជើងឯកពិភពលោក ជាមនុស្សដ៏សំខាន់ ក្នុងការជំរុញឱ្យ Thiago ប្រកួតតំណាងឱ្យខ្មែរនោះ ក៏បានចូលរួមអបអរសាទរ ចំពោះការទទួលបានសញ្ជាតិខ្មែររបស់ប្តីប្រពន្ធ Thiago ផងដែរ។
អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ស្រី ចាន់ថន បានបង្ហោះសារបែបនេះ កាលពីថ្ងៃទី ១១ ខែមេសាថា ៖ «ដំណឹងល្អថ្ងៃនេះ កីឡាករ Thiago និងគ្រួសាររបស់គាត់ ទទួលបានសញ្ជាតិខ្មែរហើយ។ តំណាងឱ្យកីឡាករ Thiago និងគ្រួសាររបស់គាត់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្តេចពុក យ៉ាងជ្រាលជ្រៅជាទីបំផុត។ បើមិនមានសម្តេចពុក ស្នើសុំសញ្ជាតិឱ្យកីឡាករ Thiago ទេ មកដល់ម៉ោងនេះកីឡាករ Thiago របស់យើង និងមិនអាចទទួលបានសញ្ជាតិខ្មែរឡើយ»៕