ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍អំពាវនាវដល់កីឡាការិនីជម្រើសជាតិកម្ពុជាឱ្យមានសាមគ្គីភាពល្អជាមួយកីឡាករ និងកីឡាការិនីបរទេស ដែលនឹងមកចូលរួមប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានៅខែក្រោយ និងរក្សាឱ្យបាននូវក្រមសីលធម៌ល្អក្នុងការប្រកួត។
លោកស្រីអំពាវនាវដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ កាលពីថ្ងៃទី២១ ខែមេសា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមក្នុងពិធីនេះផងដែរ។
ហ្វេសប៊ុកក្រសួងអប់រំ បញ្ជាក់នាថ្ងៃទី២១ ខែមេសា ថា៖ «សម្តេចកិត្តិសង្គហបណ្ឌិត [លោកស្រី ម៉ែន សំអន] បានផ្តាំផ្ញើលោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយជានារី និងក្មួយៗកីឡាការិនីជម្រើសជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គីភាពល្អជាមួយកីឡាករ កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឱ្យបាននូវក្រមសីលធម៌ល្អក្នុងការប្រកួត»។
ហ្វេសប៊ុកក្រសួងបានដកស្រង់សម្ដីលោកស្រីថ្លែងក្នុងពិធីនេះថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ «កន្លងមក កីឡាករ កីឡាការិនី យើងបានដណ្តើមយកនូវមេដាយជាច្រើន ជូនជាតិមាតុប្រទេសវិញ និង បានធ្វើឱ្យយើងមានឈ្មោះបោះសំឡេងនៅក្នុងតំបន់ និងពិភពលោក»៕