ភ្នំពេញៈ អ្នក​លេង​កណ្តាប់​ដៃ លាភ រដ្ឋា បាន​ក្លាយជា​បេក្ខ​ភាពទី​២ ដែលនឹង​ត្រូវ​ឡើង​ទៅប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក IPCC Kun Khmer World Champion បន្ទាប់​ពី​រូបគេ បាន​ឈ្នះ​​ពាន​ពីការ​ប្រកួត​ម៉ារ៉ាតុង​ ក្នុង​ប្រភេទ​ទម្ងន់ ​៦០​ គីឡូក្រាម ប៉ុន្តែ​ជើង​ខ្លាំង ធឿន ធារ៉ា របស់​​កម្ពុជា ត្រូវបានអ្នកប្រដាល់​លំដាប់​ A របស់​ថៃ ​​ Krongchak Por.Paoin Sor Jor Pheakuothai ទាត់​ឱ្យ​ខូចដៃស្តាំ កាលពី​ថ្ងៃអា​ទិត្យ។

សម្រាប់ការ​ប្រកួត​នៅលើ​សង្វៀន​ផ្សេង​គ្នា​នេះ លាភ រដ្ឋា មិន​ត្រឹមតែ​អាច​សង​សឹក​ទៅ​លើ​​កីឡាករ​ប្រេស៊ីល Alexsandro បាន​សម្រេច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបគេក៏​បានបន្ត​​យក​ឈ្នះ​កីឡាករ​របស់​ថៃ Kamlayok Kor.Romsthong ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ពាន​​អន្តរ​ជាតិ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​រៀបចំ​ដោយ​សង្វៀន​ថោន នៅ​ខេត្ត​រួម​​ខេត្ត​ព្រះ​វិហារ កាល​ពី​​ថ្ងៃសៅរ៍​ផង​ដែរ។

តាម​ពិត លាភ រដ្ឋា ធ្លាប់​បាន​ចាញ់​ពិន្ទុ​ កីឡាករ Alexsandro ដែល​ជា​កូនសិស្ស​អ្នក​ប្រដាល់​​ប្រេស៊ីល មាន​សញ្ជាតិ​ខ្មែរ Thiago ម្តង​ហើយ ហើយ​លទ្ធ​ផល​នេះ បាន​ធ្វើ​ឱ្យ Alexsandro មាន​ទំនុក​ចិត្តខ្ពស់​ថា រូបគេ នឹងអាច​​ក្លាយជា​ម្ចាស់​ជើង​ឯក ដើម្បី​កត់​ត្រាជាស្នាដៃ លើក​ដំបូង សម្រាប់​ការវិលមក​ចូលរួម​ហ្វឹកហាត់​គុនខ្មែរ​ជាមួយ Thiago ជាគ្រូ​របស់​គេ នៅ​ប្រទេស​​កម្ពុជា នា​បច្ចុប្បន្ន​។

តែទោះ​បីជា​យ៉ាង​ណា តាម​ការ​​ចាប់​ឆ្នោត​ជួប​គ្នានៅ​វគ្គជម្រុះ៣​ទឹក នា​រាត្រី ដែល​មាន​ភ្លៀង​ធ្លាក់​មិន​ដាច់នោះ លាភ រដ្ឋា បាន​បង្ហាញ​ពី​សមត្ថ​ភាព​ប្រកួត​យ៉ាង​ល្អ ជាពិសេស​កណ្តាប់ដៃ​វាយ​ចេញ​របស់​គេ គឺចំគោលដៅ​ធ្ងន់ៗ ដែល​ធ្វើ​ឱ្យ​រូប​គេ អាច​យក​ឈ្នះលើ​ Alexsandro វិញ ដោយ​ពិន្ទុ​ដាច់ ៥-០ ខណៈ​កីឡាករ​ថៃ Kamlayok ក៏​បាន​យក​ឈ្នះអ្នក​ប្រដាល់​ជប៉ុន Sinosokok Jitimauy ក្នុងការ​ប្រកួត​ជម្រុះ​៣ទឹក​ដូចគ្នា។

លទ្ធផល​នេះ បាន​ជួយ​ឱ្យ លាភ រដ្ឋា និង Kamlayok ត្រូវ​ឡើង​ទៅ​ជួបគ្នា នៅ​វគ្គផ្តាច់​ព្រ័ត្រ ដែល​ត្រូវបាន​ធ្វើ​ឡើង ក្នុង​ថ្ងៃ​តែមួយ​នោះ ហើយ​តាម​រយៈការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នោះ លាភ រដ្ឋា បាន​យក​ឈ្នះ Kamlayok ដោយ​ចៅ​ក្រម​ទាំង​៥​នាក់ ​សម្រេច​​ឱ្យ​ឈ្នះ ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៣-២។

លាភ រដ្ឋា បាន​បង្ហាញ​ការ​រីក​រាយខ្លាំង ចំពោះ​ការ​ឈ្នះ​តំណែងជើងឯកនេះ ព្រោះ​ជ័យជម្នះ វាមិនត្រឹមតែ​ជួយ​ឱ្យ​រូបគេ បាន​ឈ្នះ​ពាន​កម្រិត​អន្តរជាតិ អមដោយ​ប្រាក់រង្វាន់​១០​លាន​​រៀល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ រដ្ឋា ក៏​​បាន​ក្លាយជា​បេក្ខភាព​ទី​២ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់ពិភពលោក IPCC Kun Khmer World Champion ក្នុង​​ទម្ងន់​៦០​គីឡូក្រាម​នេះ ជាមួយ​បេក្ខភាពម្ចាស់ពាន​ចំនួន​​៣នាក់​ទៀត​ផងដែរ ហើយ​ក្នុង​នោះ​ក៏​មាន​ជើង​ខ្លាំង ឃីម បូរ៉ា ម្នាក់ដែរ ព្រោះ បូរ៉ា បានឈ្នះ​ពាន​នេះ​មុនគេ ចំណែក​២​នាក់​ទៀត នៅ​មិន​ទាន់រក​ឃើញ​​នៅ​ឡើយ​ទេ។

លោក គឹម ស្រ៊ុន​កុសល ហៅ Tommy Kim ដែល​ជា​ទីប្រឹក្សា​ទូរ​ទស្សន៍​ថោន ​បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ពានរង្វាន់នៃ​ព្រឹត្តិ​ការណ៍ WURKZ World Kun Khmer ដែល​សង្វៀន​ថោន បាន​រៀបចំ​នៅតាម​ខេត្ត​នេះ ក៏​មានការ​ប្រកួត​ដណ្តើម​ពាន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ផង​ដែរ ដើម្បី​រកអ្នក​​ឈ្នះ​ពាន ក្នុង១​ប្រភេទ​ទម្ងន់​ចំនួន​៤​នាក់ សម្រាប់​ឡើង​ទៅប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ IPCC Kun Khmer World Champion ខណៈ​ព្រឹត្តិ​ការណ៍​ដ៏​ទាក់​ទាញ​នេះ ត្រូវបាន​រៀប​ចំ​ឡើង ដើម្បី​ផ្សព្វ​ផ្សាយ​គុន​ខ្មែរ ទៅ​កាន់​ពិភព​លោក។

លោក Tommy Kim ដែលជា​តំណាង IPCC ប្រចាំ​ប្រទេស​កម្ពុជា ផង​នោះ បាន​បញ្ជាក់​​ថា៖​ «នេះ​ជា​ព្រឹត្តិការណ៍​ថ្មី ហើយ​ប្លែកជាងមុនៗ ដោយ​​យើង​មានការ​រៀបចំ​ឱ្យ​ប្រកួត​ដណ្តើម​ពាន ចំនួន​២ប្រភេទ​​ទម្ងន់​​តែម្តង គឺ​ក្នុង​១សប្តាហ៍ៗ យើង​ដាក់​កីឡាករ​ជាតិ​​ម្នាក់ និង​បរទេស​៣នាក់ ឱ្យប្រកួតដណ្តើម​ពាន តាមទម្ងន់​ អ៊ីចឹង​ទាំង​២​គីឡូនេះ យើង​ត្រូវការ​កីឡាករជាតិ និង​​អន្តរជាតិ ​​៣២នាក់ (កម្ពុជា​៨នាក់) ចំណែក​​អ្នក​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក IPCC Kun Khmer World Champion ហើយ​អ្វីដែល​យើង​ធ្វើ​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​​គុនខ្មែរ​​ឱ្យ​បាន​កាន់តែ​ធំទូលាយ​ជាង​មុន ទៅ​កាន់​ពិភព​លោក»។

ដោយ​ឡែក​​កំណត់ត្រា​មិន​ធ្លាប់​ចាញ់សោះ​របស់​ជើង​ខ្លាំង ធឿន ធារ៉ា ក្នុង​រយៈពេល​ជិត​៥​ខែ កន្លងមកនេះ ត្រូវ​បាន​បំផ្លាញ ដោយ​អ្នក​ប្រយុទ្ធ​ជើង​ខ្លាំង​របស់​ថៃ Krongchak Por.Paoin Sor Jor Pheakuothai ត្រឹម​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ ដែល​រៀបចំ​នៅ​លើ​សង្វៀន​បា​យ័ន កាលពី​ថ្ងៃ​អាទិត្យ។

តាម​រយៈការ​ប្រកួត ដែល​មានអ្នក​ទស្សនា​ផ្ទាល់​ជាង​៤ពាន់​នាក់នោះ ធឿន ធារ៉ា ត្រូវ​បាន​គេ​​មើលឃើញ​ថា អាច​នឹង​ដណ្តើម​បានជ័យជម្នះ​លើ​ជើង​ខ្លាំងលំដាប់​ A របស់​ថៃ Krongchak បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យកំណត់ត្រា​ប្រកួត​របស់​គេ កាន់តែ​ប្រសើរ បន្ទាប់ពី​រូប​គេ បាន​បុក​កែងឆ្វេង​ រួច​​ដួល​សង្កត់ពី​លើ បណ្តាល​ឱ្យ Krongchak វង្វេង​វង្វាន់ ហើយ​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់ នៅចុង​ទឹក​ទី​២​នោះ។

បន្ថែម​លើនេះ ធឿន ធារ៉ា ក៏​បាន​ម៉ាត់​ចូល​ពេញៗ បណ្តាល​ឱ្យ Krongchak ដួល​ទាំង​ជំហរ នៅដើមទឹក​ទី​៣ ផង​ដែរ។

បើទោះបីជា​លោក​អាជ្ញា​កណ្តាល មិនបាន​ចាប់​រាប់​ជា​លើក​ទី​២ តែ​ Krongchak ពិតជា​ធ្លាក់​កម្លាំង​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គ្រប់​គ្នា​នឹកស្មាន​មិនដល់ គឺ​​​គេ ពិតជា​មាន​ភាព​ស៊ូ​ខ្លាំង ដោយ​បានព្យាយាម​តាមចាប់បុកជង្គង់ រហូត​ធ្វើ​ឱ្យ ធារ៉ា អស់​ថាមពលនៅចុង​ទឹក​នេះវិញ ហើយ​នៅទឹក​ទី​៤ ការ​ទាត់​ឆ្វេង​ផ្ទួនៗ​​របស់គេ បានបណ្តាល​ឱ្យ ធារ៉ា គ្រេច​កែង​ដៃស្តាំ និង​បាន​​ចុះ​ចាញ់ ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែលនេះជា​ការចាញ់​លើក​ដំបូង បន្ទាប់ពី ធារ៉ា បាន​ឈ្នះខ្សែ​ក្រវាត់ Thai Fight តាំងពី​ថ្ងៃទី​​​២៤ ​ខែធ្នូ​ ឆ្នាំ​២០២២៕