ភ្នំពេញៈ សា​លា​គណ​រាជ​ធានី​ភ្នំពេញ បានស្នើ​ព្រះ​អនុ​គណ​ខណ្ឌ​ទាំង ​១៤ ​ព្រះចៅ​អធិកា​រ​គ្រប់​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ ​ព្រះមេ​ត្តា​វាយ​ជួង​ រគាំង​ និង​ទូង​ស្គរ ឱ្យបាន​កង​រំពង​គ្រប់​វត្ត​អារាម​ ដើម្បី​ចូលរួម​អប​អរ​សាទរ​ក្នុង​ពិធី​ទទួល ​និង​ដង្ហែ «​ព្រះ​អគ្គិ​ជ័យ​កីឡា​» នៃ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​ឆ្នាំ​២០២៣ ​របស់​ម្ចាស់​ផ្ទះ​កម្ពុជា​ដែល​នឹង​ចូល​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​២៨ ​ខែ​មេសា​​។​

​តាម​សេចក្តី​ប្រគេន​ដំណឹង​នេះ បាន​បញ្ជាក់​ថា នៅ​ល្ងាច​ម៉ោង​ ៥:២០ ថ្ងៃទី​២៨ មេសា​ សាលា​គណ​រាជ​ធានី​ភ្នំពេញ​ ស្នើ​ព្រះ​អនុ​គណ ​ព្រះចៅអ​ធិការ​គ្រប់​វត្ត​អារាម​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ព្រះ​មេត្តា​វាយ​ជួង រគាំង ​និង​ទូងស្គ​រ ឱ្យ​បាន​កង​រំពង​គ្រប់​វត្ត​អារាម​ ដើម្បី​ចូលរួម​អប​អរសាទរ​​ក្នុង​ពិធី​ទទួល​ខែមេសា​នេះ ពិធី​ទទួល​ និង​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡាពី​ត្រង់​ចំណុច​ផ្សារ​ព្រែក​អញ្ចាញ​ស្ពាន​​ទី​១២ ​ព្រំ​ប្រទល់​ខេត្ត​កណ្តាល​-​រាជ​ធានី​ភ្នំពេញ ​បន្ត​ឆ្ពោះ​ទៅ​ចំណុច​រមណី​យដ្ឋាន​វត្តភ្នំ ​និង​ទៅ​តម្កល់​រក្សា​ទុក​នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ​រហូត​ដល់​ចប់​ក្បូន​ដង្ហែ​។​

​បើតាម​កម្មវិ​ធី​ដង្ហែ «​ព្រះ​អគ្គិ​ជ័យ​កីឡា​» ពី​តំបន់​អា​ស៊ាន ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នេះ ​បាន​ឱ្យដឹង​ថា ព្រះ​អគ្គិ​ជ័យ​កម្ពុជា​នឹងត្រូវ​ដង្ហែ​ពី​ប្រទេស​ឡាវ​មក​ដល់​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​-​ណង​ណុ​ក​ឃៀន​នៅ​ម៉ោង ១១:​៣០នា​ថ្ងៃទី​២៧ ​ខែមេសា ហើយ​ត្រូវ​បន្ត​ដង្ហែ​មក​កាន់​ខេត្ត​ស្ទឹង​ត្រែង រួច​ចូល​មក​ខេត្ត​ក្រចេះ ​ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម និង​ខេត្ត​កណ្តាល ​មុន​មក​ដល់​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែមេសា​។​

​សម្រាប់​ការ​ដង្ហែ​ក្បួនឆ្លង​ពី​ខេត្ត​១​ទៅ​ខេត្ត​១​ទៀត​ គឺមាន​ការរៀបចំ​ពិធី​ទទួល​ស្វាគ​មន៍ និង​ដង្ហែ​ក្បួន​បន្ត​យ៉ាង​ត្រឹម​ត្រូវ ​មាន​របៀប​រៀប​រយ​ទៅតាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​។ ចំណែក​នៅ​ថ្ងៃទី​២៨ ខែ​មេសា រ​ដ្ឋ

បាល​រាជ​ធានី​ភ្នំពេញ​នឹង​រង់ចាំ​ទទួល​ស្វាគ​មន៍​ព្រះ​អគ្គិ​ជ័យ​កីឡា​នៅ​ស្ពាន​ទី​១២​ដើម្បី​ដង្ហែ​មក​វេទិកានៅ​​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​វ​ត្តភ្នំ ហើយ​ព្រះ​អគ្គិ​ជ័យ​កីឡា នឹង​ត្រូវ​ដង្ហែ​យក​ទៅ​តម្កល់​រក្សា​ទុក​នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​នៅ​ល្ងាច​ថ្ងៃ​ដដែល​ ដោយ​មាន​រៀបចំ​ពិធី​សាស​នា និង​បាញ់​កាំជ្រួច​ផង​ដែរ​។​

​​ចំណែក​នៅ​ថ្ងៃ​សៅរ៍ទី​២៩ ​ខែមេសា «​ព្រះ​អគ្គិ​ជ័យ​កីឡា​» នឹងត្រូវ​ដង្ហែ​ចេញ​ពី​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​ ទៅ​កាន់​គោល​ដៅ​សំខាន់ៗ​មួយ​ចំនួន នៅ​រាជ​ធានី​ភ្នំ​ពេញ មុន​បន្តទៅ​ខេត្ត​ផ្សេងៗ​ទៀត​ ហើយ​ជា​មួយ​គ្នានេះ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ឃួ​ង ស្រេង ​អភិ​បាល​រាជធា​នី​ភ្នំពេញ ​បាន​ស្នើឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូលរួម​ទទួល និង​អបអរ​សាទ​រការ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​។​

​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​៖ «​ដើម្បីឱ្យ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​អធិក​អធម ​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ជា​ប្រវត្តិ​សាស្ត្រ​មិន​អាច​បំភ្លេច​បាន ​ក្រោយ​ខក​ខាន​ធ្វើជា​ម្ចាស់​ផ្ទះ​អស់​រយៈ​ពេល​៦៤​ឆ្នាំ រ​ដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​សូម​អំពាវ​នាវ​ដល់​ប​ង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូលរួ​ម​អប​អរសាទរ​ និង​ទ​ទូល​ស្វាគ​មន៍​តាម​ដង​ផ្លូវ​ ដែល​ព្រះ​អគ្គិ​ជ័យ​កីឡា​ឆ្លង​កាត់​នូវ​ដំណើរ​មក​ដល់ ​និង​ការ​ដង្ហែ​នៃ​ព្រះ​អគ្គិ​ជ័យ​កីឡា​ឱ្យ​បាន​ស័ក្តិ​សម​ជា​ប្រជា​ជាតិ​ខ្មែរដែ​លជា​ជាតិ​សាសន៍​មាន​វប្បធ​ម៌ អរិយ​ធម៌​ខ្ពង់​ខ្ពស់ ឧត្ដុង្គ​ឧត្ដម​ ចម្រើន​រុង​រឿង ព្រម​ទាំង​ធ្លាប់​មាន​កិត្តិ​នាម​ល្បី​ល្បាញ​ពេញ​ពិភព​លោក​»​។

«​កា​រចូលរួម​អប​អរសាទរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​ក៏​ជាការ​ផ្ដល់​កម្លាំង​ចិត្តមិ​នអាច​កាត់ថ្លៃ​បាន​ ចំពោះ​កីឡា​ករ​ កីឡាកា​រិនី និង​ប្រតិភូ​កីឡា​ទាំង​អស់ ​ដែល​បាន​លះ​បង់​ពេលវេលា និង​កម្លាំ​ងកាយ​ចិត្ត​ ធ្វើដំណើរ​មក​ប្រកួត​នៅលើ​​ទឹកដីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជាពិ​សេស​បាន​បង្ហាញ​នូវ​និមិត្តរូ​ប​នៃ​សាមគ្គី​ភាព ភារត​ភាព ​និង​ការជួយ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​នាម​ជា​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ផងដែរ​»​។នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​។​

​ជា​មួយ​គ្នានេះ រដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ​ មាន​សង្ឃឹម​ជឿ​ជាក់​ថា បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអ​ស់ ​ពិសេស​អ្នក​មាន​លំនៅឋាន​​នៅតាម​​តម្រាយ​ផ្លូវ​ដែល​ព្រះ​អគ្គិ​ជ័យ​កីឡា​ត្រូវ​ដង្ហែ​ឆ្លង​កាត់​ នឹង​ផ្តល់​ការ​យោគ​យល់​អធ្យា​ស្រ័យ ហើយ​ចូលរួម​អបអ​រសា​ទរទ​ទួល​ស្វាគមន៍ដោ​យ​សហកា​រ​រក្សាបាន​​នូវ​សន្តិ​សុខ សុវត្ថិ​ភាព ស​ណ្តាប់ធ្នា​ប់ រ​បៀបរៀប​រយ​សា​ធារណៈ​ព្រម​ទាំង​មានកា​រ​តុប​តែង​លម្អ​សោភ​ណភា​ព ​រក្សា​អនា​ម័យ​បរិស្ថាន ​ដោត​ទង់​ជាតិនៅតា​ម​គេហដ្ឋា​ន និង​ទីតាំង​រៀងៗ​ខ្លួន​ឱ្យ​បាន​ល្អប្រ​សើរ​។​

​ចំណែក​ស្នងកា​រ​នគរ​បាល​រាជធានី​​ភ្នំពេញ​ មេបញ្ជា​ការ​កងរា​ជអា​វុធ​ហត្ថ​រាជធា​នី​ភ្នំពេញ ​អភិបាល​ខណ្ឌ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់លំ​ដាប់​​ថ្នាក់ ​ក៏ត្រូវ​ចូលរួម​សហ​ការ​អនុវត្ត​ និង​បង្កល​ក្ខណៈ ឱ្យ​មាន​ប្រសិទ្ធភា​ព ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ​សម្រាប់​ការ​ដង្ហែ​ក្បូន​ព្រះ​អគ្គិ​ជ័យ​កីឡា​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ មុ​ន​ពេល «​ព្រះ​អគ្គិ​ជ័យ​កីឡា​» ត្រូវ​បាន​យក​ទៅ​ដង្ហែនៅ​តាម​បណ្តា​ខេត្ត ជុំវិញ​បឹង​ទន្លេ​សាប​។​

​ចំពោះ​ការ​ដង្ហែនៅ​ជុំវិញ​បឹង​ទន្លេសាប​គឺ​ផ្តើមចេញ​ពី​ខេត្តកំ​ពង់ឆ្នាំង​ បន្ទាប់ពី​ប្រតិភូ​របស់​ខេត្ត​មួយ​នេះ បាន​ទទួល​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះ ពី​រដ្ឋបា​ល​រាជធានី​ភ្នំពេញ​នៅខា​ងមុខ​ភោ​ជនី​យដ្ឋា​ន​ដំរី​សនា​រសៀល​ម៉ោង​២ថ្ងៃទី​២៩ ខែមេ​សា ហើ​យ​ក្បូន​ដង្ហែ​នេះ ត្រូវ​នាំចូល​ខេត្ត​ពោធិ៍សាត់​ នៅ​ថ្ងៃទី​៣០​ ខែមេសា ​រួច​បន្តទៅ​ខេត្តបា​ត់ដំបងថ្ងៃ​ទី​១ ឧសភា ឆ្ល​ង​ចូល​ខេត្ត​បន្ទាយ​មានជ័​យ នៅ​ថ្ងៃទី​២ ខេត្ត​សៀម​រាប ​ថ្ងៃទី​៣ ​ខេត្តកំ​ពង់ធំ​ថ្ងៃទី​៤ និង​ខេត្ត​កំពង់​ចាម នៅ​ថ្ងៃទី​៥ ឧ​សភា​ ហើយ​នៅ​ថ្ងៃ​ដដែល​នេះ ព្រះ​អគ្គិ​ជ័យ​កីឡា ត្រូវ​ដង្ហែ​ត្រឡប់ម​ក​ភ្នំពេញ​វិញ​ ដោយ​មក​ដល់​ពហុ​កីឡ​ដ្ឋាន​ជាតិមរតកតេជោ នៅ​យប់​ម៉ោង ៨:៣០​ ដើម្បី​អុជ​បំភ្លឺ​គប់​ធំ នា​ពិធី​បើក​ស៊ី​ហ្គេមពេ​លនោះ​តែម្ត​ង​​៕