ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានប្រកាសថា លោកនឹងលាឈប់ពីតំណែងមួយនេះ ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ មិនអាចឆ្លងផុតការប្រកួតជម្រុះក្នុងពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដើម្បីឡើងកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងនាមជាម្ចាស់ផ្ទះ។
ការប្រកាសពីដំណឹងដ៏គួរឱ្យចាប់អារម្មណ៍របស់លោក សៅ សុខា នេះ ធ្វើឡើង បន្ទាប់ពីក្រុមម្ចាស់ផ្ទះកម្ពុជាបានប្រកួតស្មើគ្នា ១១ ជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី ២ ខែឧសភា ដែលលទ្ធផលនេះ បានធ្វើឱ្យក្រុមកម្ពុជា និងអ្នកគាំទ្រនៅទូទាំងប្រទេសមានការខកចិត្តខ្លាំង ខណៈការព្យាយាមរក្សាគ្រាប់បាល់នាំមុខ ១០ បានអូសបន្លាយពេលដល់នាទីទី ៩២ ទៅហើយ ប៉ុន្តែបែរជាហ្វីលីពីន អាចរកបានគ្រាប់បាល់តាមស្មើ នៅនាទីទី ៩០+៣ នោះ។
ជាមួយការទទួលខុសត្រូវ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានឱ្យដឹង តាមរយៈការបង្ហោះសាររបស់លោកថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នេះ លោកបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដោយប្រើពេលជាង ១០ ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា៖ «បើការប្រកួតក្នុង group ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំ មិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេនោះ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។
«ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មីដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោសដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះ ទទួលបានជោគជ័យជូនជាតិ»។ លោក សៅ សុខា បានបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានចែករំលែក (Share) បន្ដ ការប្រកាសលាឈប់ពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជារបស់លោកសៅ សុខា នេះ ហើយលោកសុភ័ក្ត្រា បានសរសេរបញ្ជាក់ពីគោលជំហរខ្លួនឯងដែរថា៖ «ហើយខ្ញុំក៏គ្មានសមត្ថភាពនៅបន្តជាមួយក្រុមជម្រើសជាតិទៀតដែរ»។
សម្រាប់ការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងហ្វីលីពីនកាលពីយប់ថ្ងៃទី ២ ឧសភានោះ ខ្សែប្រយុទ្ធ គី រីណា បានស៊ុតបាល់ដែលភ្លាត់ចេញពីជើងរបស់ប្រធានក្រុម សៀង ចន្ធា បញ្ចូលទីបានយ៉ាងល្អដើម្បីជួយឱ្យកម្ពុជានាំមុខ ១០ នៅនាទីទី ២៦ ហើយកម្ពុជា បានរក្សាការពារគ្រាប់បាល់នាំមុខនេះរហូតដល់នាទី៩០+២ ស្របពេលលោកអាជ្ញាកណ្តាល បានថែមម៉ោងចំនួន ៥ នាទីទៅលើការប្រកួត ៩០ នាទីពេញ។
តាមរយៈការនៅសល់ត្រឹម ៣ នាទីនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រទាំងនៅពហុកីឡដ្ឋានផ្ទាល់ និងអ្នកតាមដានការផ្សាយបន្តផ្ទាល់មានការជឿជាក់ថា កម្ពុជា នឹងអាចរក្សាការពារលទ្ធផល ១០ នេះ រហូតដល់ចប់ការប្រកួត ដើម្បីបាន ៣ ពិន្ទុបន្ថែម។ ប៉ុន្តែក្តីសង្ឃឹមនេះ បានរលាយបាត់ បន្ទាប់ពីខ្សែប្រយុទ្ធ ទើបដាក់ឱ្យចូលលេងនៅនាទីទី ៨៣ CARIÑO DOV ANTHONY MISAELSANTICO បានតែតបញ្ចូលទីនៅនាទីទី៩០+៣ នោះ។
ជាមួយគ្នានេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារថា៖ «វាងាយស្រួលនិយាយថាយើងអាចឈ្នះការប្រកួតនេះ។ ខ្ញុំមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំដែលទទួលបាន ១ ពិន្ទុយប់នេះ។ យើងនឹងផ្លាស់ប្តូរចិត្តគំនិតយើងឆាប់ៗនេះ ហើយយើងនឹងរៀបចំសម្រាប់ការប្រកួតបន្ទាប់!សូមអរគុណ»៕