ភ្នំពេញ: កីឡាករ អេវីរៈ ខាំឈិតភូថង ដែល​គេ​ស្គាល់​ថា ជា​ ម៉ឺន មេឃា នោះ នៅតែ​អាច​រក​​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់ជូនប្រទេសជាតិ បន្ទាប់ពី​រូបគេ បាន​ឈ្នះមេដាយមាស ក្នុងការ​ប្រកួត​កីឡា​វ៉ូវីណាម នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅមុន​នេះ​បន្តិច។

សម្រាប់ការ​ប្រកួត ក្នុង​ទម្ងន់​ ៦៥ គីឡូក្រាម ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយចង្វារ នា​ថ្ងៃ​សៅរ៍នេះ ម៉ឺន មេឃា បាន​​ទម្លាក់​កីឡាករម្ចាស់​ក្បាច់គុន​របស់​វៀតណាម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយការ​ឡើងទៅ​ជួបកីឡាករ​ថៃ Chainarong Yawanophat នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ មេឃា បាន​យក​ឈ្នះ​ដោយពិន្ទុ ៤-៣ ដើម្បី​ទទួលបាន​មេដាយមាស​យ៉ាង​រំភើបបំផុត។

តាម​រយៈការ​ឈ្នះ​បាន​មេដាយមាសនេះ បាន​បញ្ជាក់ឱ្យ​ឃើញ​ថា កូនប្រុស​របស់លោក អេ ភូថង រូបនេះ នៅតែ​អាច​ការពារ​មេដាយមាស ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​នេះ បាន​សម្រេច បន្ទាប់ពី​រូប​គេ បាន​ឈ្នះមេដាយមាស​នេះ ជា​លើក​ដំបូង ក្នុងការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២។

កីឡាករ លី បូរ៉ាមី បាន​បង្ហាញ​មេគុន ដែល​រូបគេ​បានឈ្នះមេដាយមាស។ រូប​ថត សហការី

ជាមួយការឈ្នះ​មេដាយ​មាស​របស់ ម៉ឺន មេឃា នេះ​ដែរ បាន​បញ្ជាក់​ថា ក្រុម​អត្តពលិក​កីឡា​វ៉ូវីណាម​កម្ពុជា បានឈ្នះ​មេដាយមាសចំនួន​៣ហើយ ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​នាមជា​ម្ចាស់​ផ្ទះ​នេះ ខណៈ​មេដាយមាស​ដំបូង​រក​បានដោយ​កីឡាករ លី បូរ៉ាមី លើការ​ប្រកួត​សម្តែង​មេគុន ដោយ​រូបគេ ធ្វើបាន ២៧២ ពិន្ទុ រីឯ​មេដាយមាសទី​២​ រក​បានដោយ​ការ​ប្រកួតសម្តែងជា​ក្រុម​របស់កីឡាករ ម៉េត សារី, នី ទីហ្សា, ម៉ែន សុវិច្ឆិកា និង អ៊ឹម លាំងឈុង ហើយសហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា បានដាក់​សម្ទុះ​មេដាយ ត្រូវដណ្តើមមេដាយមាស​ឱ្យបាន​យ៉ាងតិច​ចំនួន​៩ ពីការ​ប្រកួតស៊ីហ្គេម ក្នុងនាមជា​ម្ចាស់​ផ្ទះ​លើកនេះ៕