ភ្នំពេញ៖ ប្រភេទកីឡាចំនួន៣របស់កម្ពុជា រួមមានទ្រីយ៉ាត្លុង កីឡាអេឡិចត្រូនិក (E-sports) និងកីឡាប្រពៃណី អុកចត្រង្គ សុទ្ធតែបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត សម្រាប់ការឈ្នះបានមេដាយមាស ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយជ័យជម្នះដ៏ធំធេងនេះ វាបានកើតមានឡើង ក្នុងពេលកម្ពុជា បានធ្វើម្ចាស់ផ្ទះ ជាលើកដំបូងទៅទៀត។
តាមរយៈការចូលរួមប្រកួតស៊ីហ្គេម ជាច្រើនលើកកន្លងមកនេះ ក្រុមអត្តពលិកទ្រីយ៉ាត្លុងកម្ពុជា ទទួលបានលទ្ធផលមិនល្អនោះទេ ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងដំណើរការ នៅលើទឹកដីកម្ពុជានេះ កីឡាការិនីជាកូនខ្មែរ រស់នៅក្រៅប្រទេសឈ្មោះ ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានក្លាយជាបេក្ខភាពដំបូងគេ ដែលដណ្តើមបានមេដាយមាស ឱ្យកម្ពុជា។
ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ក្នុងការប្រកួតលើវិញ្ញាសា អាគ័តថ្លុង (ហែលទឹក និងរត់) ដែលបានធ្វើនៅខេត្តកែប កាលពីព្រឹកថ្ងៃសៅរ៍នេះ ចំណែកមេដាយប្រាក់ បានទៅលើកីឡាការិនីថៃ Aisika Kaewyongkod និងលេខ៣មេដាយសំរឹទ្ធ បានទៅកីឡាការិនីរបស់ឥណ្ឌូនេស៊ី Dea Salsabila Putri។
តាមរយៈការឈ្នះបានមេដាយមាសរបស់កីឡាការិនី ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន នេះ វាមិនត្រឹមតែបានជួយឱ្យសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អាចបំបែកកំណត់ត្រា ការឈ្នះបានមេដាយ ជាប្រវត្តិសាស្រ្តលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែមេដាយមាសនេះ ក៏បានជួយឱ្យសហព័ន្ធ សម្រេចបានតាមផែនការដាក់សម្ទុះមេដាយមាសរបស់គណៈកម្មាធិការជាតិ CAMSOC ក្នុងព្រឹត្តិការណ៍នេះផងដែរ។
ដូចគ្នានេះ ប្រភេទកីឡា E-sports ដែលរកមិនបានមេដាយសោះ សម្រាប់ការប្រកួតស៊ីហ្គេម ចំនួន២លើកកន្លងមកនេះ បែរជាអាចបង្កើតបាននូវកំណត់ត្រាដ៏ល្អបំផុត ដោយពួកគេ បានឈ្នះទាំងមេដាយមាស និងមេដាយប្រាក់ ក្នុងការប្រកួតលើវិញ្ញាសា AK2 ឯកត្តជន។
តាមរយៈការប្រកួត នៅថ្ងៃសៅរ៍ម្សិលមិញ សៅ រិទ្ធចេស្តា ជាអ្នកឈ្នះបានមេដាយមាស ចំណែកកីឡាករ ស្រ៊ុន ចាន់ធឿន បានឈ្នះមេដាប្រាក់ ហើយកីឡាករ Nattapon Nakpinpart បានឈ្នះមេដាយសំរឹទ្ធ លើប្រភេទវិញ្ញាសា E-Sports នេះ។
ចំណែកកីឡាករ សុខ លឹមហេង បានឈ្នះមេដាយមាស លើវិញ្ញាសាអុកចត្រង្គ (៥នាទី) ដោយការប្រកួត នៅថ្ងៃសៅរ៍ទី៦ ខែឧសភា លឹមហេង បានយកឈ្នះកីឡាករ Quang Trung Nguyen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅវគ្គផ្តាច់ព្រ័ត្រ រូបគេ បានបន្តយកឈ្នះកីឡាករវៀតណាម Nam Thang Haong ដើម្បីឈ្នះបានមេដាយមាស ចំណែកកីឡាករ នូ ចាន់ផានិត និង Quang Trung Nguyen បានមេដាយសំរឹទ្ធស្ទួន៕