
កីឡាការិនី ខាន់ ចេសា បានរត់បង្ហាញទង់ជាតិកម្ពុជា ទាំងទឹកភ្នែក ក្រោយឈ្នះបានមេដាយមាស លើវិញ្ញាសា Ne-Waza-NOGI ទម្ងន់ក្រោម៥២គីឡូក្រាម។ ហុង មិនា
ភ្នំពេញ៖ វីរកីឡាការិនី ខាន់ ចេសា មិនបានធ្វើឱ្យខ្លួនឯង ជួបការខូចចិត្តជាលើកទី ២ នោះទេ ដោយជើងខ្លាំងផ្នែកកីឡាជឺជីតស៊ូរូបនេះ បានយកឈ្នះលើដៃគូប្រកួត ដោយប្រើក្បាច់ក្លេ ជាបន្តបន្ទាប់ ដើម្បីឈ្នះបានមេដាយមាស លើវិញ្ញាសា Ne-Waza-NOGI ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងដំណើរការ នៅក្នុងប្រទេសកម្ពុជា។
បើទោះបីជា ខាន់ ចេសា ទើបតែជួបការឈឺចាប់ខ្លាំង ដោយបានប្រកួតចាញ់កីឡាការិនីរបស់ហ្វីលីពីន Jenna Kaila Napolis សម្រាប់ការប្រកួតវិញ្ញាសា Ne-Waza-GI កាលពីថ្ងៃទី៤ ខែឧសភា ដោយបានត្រឹមមេដាយប្រាក់ ប៉ុន្តែ ចេសា មិនបានធ្វើឱ្យទឹកភ្នែករបស់នាង ហូរធ្លាក់ចុះ ដោយភាពកម្សត់ ជាលើកទី២នោះទេ សម្រាប់ការប្រកួតវិញ្ញាសា Ne-Waza-NOGI នៅថ្ងៃអាទិត្យនេះ ហើយអ្វីដែលសំខាន់នោះ គឺកញ្ញា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន បានវិញ។
សម្រាប់ការប្រកួត ដែលធ្វើនៅសាលនៃមជ្ឈមណ្ឌល OCIC នេះ ខាន់ ចេសា ត្រូវបានអាជ្ញាកណ្តាល សម្រេចឱ្យឈ្នះកីឡាការិនី Phung Thihue តាមរយៈការចាប់ក្លេ ទៅលើគូប្រកួតបានយូរជាង ចំណែកការប្រកួតលើកទី២ ចេសា បានក្លេកីឡាការិនីសិង្ហបុរី Yong May ដោយយកជើងទាំង២ ទៅគាបកសង្កត់ពីលើ រហូត Yong May សុំចុះចាញ់ ខណៈការប្រកួតទើបដំណើរការបាន ១:៥៦ នាទី។

ខាន់ ចេសា បានចាប់ក្លេ កាច់ជើងកីឡាការិនីហ្វីលីពីន Margarita Prado រហូតស្រែកយំ សុំចុះចាញ់ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ។ហុង មិនា
ចំណែកការប្រកួតលើកទី៣ ជាមួយកីឡាការិនីថៃ Phumthong Benyatip គឺ ខាន់ ចេសា បានប្រើក្បាច់ក្លេ ត្រឹមចង្កេះ រួចកាច់មួលជើងស្តាំ រហូតកីឡាការិនីថៃម្នាក់នេះ ស្រែកសុំចុះចាញ់ ខណៈការប្រកួតទើបចាប់ផ្តើមបាន៤២វិនាទី។
យ៉ាងណាមិញ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ជាមួយកីឡាការិនីហ្វីលីពីន Margarita Prado ដែលជាមិត្តរួមជាតិរបស់កីឡាការិនីម្ចាស់មេដាយមាស Jenna Kaila Napolis នោះ ខាន់ ចេសា បានប្រើភាពប៉ិនប្រសព្វរបស់ខ្លួន ក្នុងការបង្វិលចាប់កាច់ជើងឆ្វេងដៃគូម្នាក់នេះ រហូតស្រែកយំ សុំចុះចាញ់ នៅត្រឹមនាទី ១:៥៨ នៅក្នុងការប្រកួតសរុបចំនួន៥នាទី។
ការយកឈ្នះកីឡាការិនី Margarita Prado វាបានក្លាយជាការសងសឹកមួយ ចំពោះ ខាន់ ចេសា ដែលបានចាញ់កីឡាការិនីហ្វីលីពីនដូចគ្នា ក្នុងការប្រកួតវិញ្ញាសា Ne-Waza-GI កាលពីថ្ងៃទី៥ ខែឧសភា ហើយជាមួយការឈ្នះបានមេដាយមាស លើវិញ្ញាសា Ne-Waza-NOGI នេះ ខាន់ ចេសា ក៏បានយំផងដែរ ប៉ុន្តែទឹកភ្នែកហូរពេលនេះ ព្រោះរំភើបខ្លាំងពេក ដោយមានអ្នកគាំទ្រយ៉ាងច្រើន ហើយនេះក៏ជាការប្រកួតចុងក្រោយរបស់ ចេសា ក្នុងស៊ីហ្គេម លើកនេះ ផងដែរ មុនពេលនាង ត្រូវត្រឡប់ទៅសហរដ្ឋអាមរិកវិញជាមួយឪពុក និងជីដូនរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍នេះ បានបញ្ចប់៕

