ភ្នំពេញៈ ប្រភេទកីឡាអត្តសញ្ញាណជាតិ «គុនល្បុក្កតោ» និង «អុកចត្រង្គ» ដែលត្រូវបានរៀបចំប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះសុទ្ធតែបានបង្ហាញពីភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយប្រភេទកីឡាទាំង ២ ដណ្តើមបានមេដាយមាសជូនជាតិដូចគ្នា ជាពិសេសគឺក្រុមជម្រើសជាតិគុនល្បុក្កតោ ដែលបានឈ្នះមេដាយមាសរហូតដល់៨។
សម្រាប់ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្រុមជម្រើសជាតិគុនល្បុក្កតោ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញក្រុមនេះ អាចដណ្តើមបានមេដាយមាសចំនួន ៤ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី ៤ ខែឧសភា ហើយសម្រាប់ការប្រកួត ៣ ថ្ងៃទៀតពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែឧសភា ក្រុមនេះដណ្តើមបានមេដាយមាសចំនួន ៤ បន្ថែមទៀត ដែលធ្វើឱ្យចំនួនមេដាយមាសបានកើនដល់ ៨ រួមជាមួយមេដាយប្រាក់ ៧ និងសំរឹទ្ធ ៣ ទៀតផង។
រាល់ការឈ្នះមេដាយមាសទាំងការប្រកួតលើវិញ្ញាសាសម្តែង និងប្រយុទ្ធ គឺក្រុមអត្តពលិកគុនល្បុក្កតោ បានបង្ហាញអារម្មណ៍រំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ព្រោះជ័យជម្នះ ដែលពួកគេដណ្តើមបាននេះ សុទ្ធតែជាកំណត់ត្រាប្រវត្តិសាស្ត្រដោយកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលរាប់ឆ្នាំដើម្បីនាំយកកិត្តិយសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
កីឡាករ ពន្លឺ ពេជ្រមរកត ដែលបានឈ្នះមេដាយមាសលើវិញ្ញាសាសម្តែងឯកត្តជន បានថ្លែងទាំងអួលដើម ក ក្រោយការប្រកួតនៅមជ្ឈមណ្ឌល OCIC ថា៖ «ការឈ្នះមេដាយមាសនេះ វាពិតជាមានន័យខ្លាំងណាស់ មិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេ ព្រោះនេះជាលើកដំបូងដែលគុនល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងស៊ីហ្គេម ហើយយើងដណ្តើមបានមេដាយមាសជូនប្រទេសជាតិទៀត»។
ពន្លឺ ពេជ្រមរកត ដែលបានហ្វឹកហាត់គុនល្បុក្កតោអស់ពេលជិត ១០ ឆ្នាំ បានបញ្ជាក់ថា៖ «នេះជាមោទនភាព សម្រាប់ប្រទេសជាតិ និងគុនល្បុក្កតោ ហើយតាមរយៈជោគជ័យលើកនេះ វានឹងធ្វើឱ្យពួកយើងកាន់តែមានកម្លាំងចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិរបស់យើងនេះឱ្យមានភាពល្បីល្បាញថែមទៀត ទៅកាន់តំបន់អឺរ៉ុប និងនៅលើពិភពលោក»។
ជាមួយគ្នានេះ ក្រុមអត្តពលិកតំណាងឱ្យប្រទេសចំនួន ៥ ក៏បានបង្ហាញមោទនភាពចំពោះជ័យជម្នះដែលពួកគេដណ្តើមបានលើប្រភេទកីឡាអត្តសញ្ញាណខ្មែរ «គុនល្បុក្កតោ» នេះផងដែរ ព្រោះគ្រប់ប្រទេសដែលបានចូលរួម សុទ្ធតែដណ្តើមបានមេដាយមាសត្រឡប់ទៅវិញដូចគ្នា ដោយក្នុងនោះ វៀតណាម បានឈរនៅលេខ ២ បន្ទាប់ពីកម្ពុជា ជាមួយការឈ្នះបានមេដាយមាស ៦ និងសំរឹទ្ធ ៣។
ចំណែកក្រុមអត្តពលិកឥណ្ឌូនេស៊ី ឈរនៅលេខ ៣ ដោយបានឈ្នះមេដាយមាសចំនួន ៣ ប្រាក់ ៥ សំរឹទ្ធ ១២ ហ្វីលីពីន ឈ្នះមេដាយមាស ២ ប្រាក់ ៦ សំរឹទ្ធ ៨ រីឯក្រុមប្រទេសមីយ៉ាន់ម៉ា បានឈ្នះមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធ ៦ ខណៈក្រុមអត្តពលិកឡាវដែលឈរនៅលេខរៀងទី៦ ក្រោយគេ បានឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១០។
ដោយឡែកក្រុមអុកចត្រង្គ មិនដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតស៊ីហ្គេម លើកដំបូងនេះដូចក្រុមគុនល្បុក្កតោ ទេ ដោយពួកគេបានឈរនៅត្រឹមលេខ ៣ ជាមួយការឈ្នះបានមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ១ ខណៈថៃឈរនៅលេខ ១ ដោយបានមេដាយមាស ៤ សំរឹទ្ ធ១ និងវៀតណាម ឈរនៅលេខ ២ បានមេដាយមាស ២ ប្រាក់ ១ សំរឹទ្ធ ៧ ចំណែកហ្វីលីពីនបានមេដាយប្រាក់ ២ សំរឹទ្ធ ៣ និងក្រុមមីយ៉ាន់ម៉ាបានមេដាយសំរឹទ្ធ ២។
យ៉ាងណាក៏ដោយ កីឡាករ សុខ លឹមហេង ដែលដណ្តើមបានមេដាយមាសជូនកម្ពុជាលើវិញ្ញាសារយៈពេល ៥ នាទីឯកត្តជននោះបាននិយាយថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់សម្រាប់ការឈ្នះបានមេដាយមាសនេះ ព្រោះនេះជាប្រភេទកីឡា ដែលខ្ញុំស្រឡាញ់តាំងពីតូច។ ខ្ញុំធ្លាប់បានគិតថា ខ្ញុំនឹងអាចយកប្រទេសកម្ពុជាដាក់ក្នុងឆាកអន្តរជាតិ និងប្រាប់ទៅកាន់ពិភពលោកថា នៅទីនេះ កម្ពុជាអាចធ្វើបាន ហើយឥឡូវនេះ ខ្ញុំធ្វើបានមែន ដើម្បីលើកមុខមាត់ប្រទេសជាតិយើង»។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានប្រាប់ឱ្យដឹង ក្នុងពិធីបិទការប្រកួតកីឡាអុកចត្រង្គនៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីល្ងាចថ្ងៃទី ៩ ខែឧសភាថា អុកចត្រង្គ ត្រូវបានចាត់ចូលជាប្រភេទកីឡាធម្មនុញ្ញរបស់ស៊ីហ្គេមហើយ គឺដូចគ្នាទៅនឹងកីឡាគុនល្បុក្កតោ និងគុនខ្មែរផងដែរ អ៊ីចឹងប្រភេទកីឡាអត្តសញ្ញាណរបស់កម្ពុជាទាំង ៣ នេះ សុទ្ធតែនឹងអាចរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្រោយៗទៀតបាន។
លោក ទៀ បាញ់ បានបញ្ជាក់ថា៖ «កម្ពុជាមានគោលបំណងយ៉ាងធំធេងក្នុងការធ្វើឱ្យកីឡាអុកចត្រង្គនេះ មានការរីកចម្រើន ព្រោះនេះជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានបញ្ចូលអុកចត្រង្គទៅក្នុងស៊ីហ្គេម ហើយចាប់ពីពេលនេះទៅ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានបញ្ចូលប្រភេទកីឡានេះទៅក្នុងធម្មនុញ្ញស៊ីហ្គេមហើយ អ៊ីចឹងនេះជាមោទនភាពដែលកម្ពុជា បានបញ្ចូលអុកចត្រង្គ ជាប្រភេទកីឡានៅក្នុងតំបន់របស់យើងរួចជាស្រេចហើយនាពេលនេះ»៕