ភ្នំពេញៈ បន្ទាប់ពីជោគជ័យលើវិញ្ញាសាកីឡាជឺជិតស៊ូ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (Ju-Jitsu Federation of Cambodia ) បានប្រកាសពីការបញ្ចេញលក់អាវប្រកួតកីឡាជឺជីតស៊ូ (Rashguard) ដែលរចនាដោយមានសំអាងពីចម្លាក់បុរាណ និងពាក់ចូលប្រកួតដោយអត្តពលិកកម្ពុជា កញ្ញា ខាន់ ចេសា (Khan Jessa) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយសន្យាយកប្រាក់ចំណេញពីការលក់អាវទាំងអស់បញ្ចូលក្នុងមូលនិធិសហព័ន្ធ Ju-Jitsu កម្ពុជា។
បណ្តាញសង្គមហ្វេសប៊ុករបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជានៅថ្ងៃទី ១០ ខែឧសភា បានសរសេរថា៖«ប្រាក់ចំណេញពីការលក់អាវទាំងអស់នឹងត្រូវបញ្ចូលក្នុងមូលនិធិសហព័ន្ធ Ju-Jitsu កម្ពុជារបស់យើង ក្នុងគោលបំណងប្រើប្រាស់ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសហព័ន្ធនិងលើកកម្ពស់ អភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនី ឱ្យបានកាន់តែប្រសើរ១កម្រិតទៀត»។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក៏បានលើកឡើងផងដែរថា ការបំផុសគំនិតលើអាវប្រកួត(Rashguard)សម្រាប់ក្រុមជាតិ Ju-Jitsu របស់យើងផ្អែកលើចម្លាក់ជញ្ជាំងដែលរកឃើញនៅត្រើយខាងកើតនៃប្រាសាទអង្គរវត្ត ដែលបានច្នៃប្រឌិត ដោយវិចិត្រករផ្សេងៗគ្នា ហើយទីបំផុតបានច្នៃទៅជាអាវប្រកួត Rashguard ដ៏អស្ចារ្យដែលរចនាដោយវិចិត្រករ Chifumi។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានលើកឡើងបន្តថា អាវប្រកួតត្រូវបានពាក់ចូលទីលានប្រកួត ដោយកីឡាការិនី ខាន់ ចេសា ដែលប្រកួតដណ្តើមបានមេដាយមាសពីប្រភេទកីឡា ជឺជិតស៊ូប្រភេទ៥២គីឡូក្រាមផ្នែកនារី ដោយផ្តួលគូប្រកួតតំណាងប្រទេសហ្វីលីពីន គឺកីឡាការិនី Margarita Prado សម្រាប់ការប្រកួតវិញ្ញាសា Ne-Waza-NOGI នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
សហព័ន្ធលើកឡើងថា៖«សប្តាហ៍ក្រោយ ពួកយើងនឹងចាប់ផ្តើមលក់ អាវពណ៌ខ្មៅសម្រាប់អ្នកគាំទ្រ សូមរង់ចាំព័ត៌មានលម្អិត»។
ភ្នំពេញប៉ុស្តិ៍ព្យាយាមទាក់ទងទៅសហព័ន្ធកីឡាជីជិតស៊ូកម្ពុជាដើម្បីទទួលបានព័ត៌មានបន្ថែមអំពីតម្លៃ និងទីតាំងដែលត្រូវលក់ជាដើម ប៉ុន្តែគ្មានអ្នកឆ្លើយតប។
ឆ្លើយប្រាប់ភ្នំពេញប៉ុស្តិ៍តាមបណ្តាញសង្គម វិចិត្រករ Chifumi ដែលជាអ្នករចនាអាវប្រកួត បានលើកឡើងថា ក្រុមរបស់លោកបានប្រើពេលប្រហែល១សប្តាហ៍ដើម្បីរចនាចេញជារូបរាងនោះ ដោយមានការពិភាក្សាមួយចំនួនពីសហព័ន្ធកីឡាជឺជិតស៊ូ។
វិចិត្រករ Chifumi បញ្ជាក់ថា៖«យុវជនកម្ពុជាកំពុងស្វែងរកអត្តសញ្ញាណនិងវីរបុរសដែលពួកគេអាចកំណត់អត្តសញ្ញាណបាន។ គ្មានអ្វីគួរឱ្យសង្ស័យទេដែល ចេសា នឹងក្លាយជាតំណាងទំនើបនៃរឿងនេះ»។
Chifumi បន្ថែមថា ជ័យជម្នះរបស់ចេសា នឹងចូលរួមបំផុសគំនិតយុវជនឱ្យបន្តការសិក្សា Ju-Jitsu និងកីឡាផ្សេងទៀត។ ភាពជោគជ័យរបស់ ចេសា ក៏អាចដើរតួជានិមិត្តរូបនៃការផ្តល់អំណាច និងតំណាងឱ្យយុវជនកម្ពុជា។
តាមរយៈការសម្រេចបាននូវភាពល្អឥតខ្ចោះក្នុងកីឡារបស់ចេសា គឺកំពុងទម្លាយនូវឧបសគ្គ និងទម្រង់លេង ហើយបង្ហាញថា អ្នកណាក៏ដោយ ដោយមិនគិតពីប្រវត្តិរបស់ពួកគេ អាចសម្រេចបាននូវភាពអស្ចារ្យជាមួយនឹងការខិតខំប្រឹងប្រែង និងការលះបង់។
Chifumi បញ្ជាក់ថា៖«សមិទ្ធផលរបស់ Jessa អាចជំរុញទឹកចិត្តយុវជនកម្ពុជាឱ្យប្រកាន់យកវប្បធម៌ និងមរតករបស់ពួកគេ ហើយស្វែងរកផ្លូវឆ្ពោះទៅរកភាពជោគជ័យផ្ទាល់របស់ពួកគេ ដោយភ្ជាប់ការពិតទៅនឹងឫសគល់របស់ពួកគេ»៕