ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ​ហែល​ទឹក​ពាក់ជើង​ទាកម្ពុជា (Finswimming) ចំនួន​ ៤ នាក់ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ នា​ល្ងាច​ថ្ងៃសុក្រ​នេះ ដើម្បី​ស្វែង​រក​មេដាយជូនជាតិ ក្នុង​នាមជាម្ចាស់​ផ្ទះ រៀបចំការប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ខណៈ​ក្រុម​ហែល​ទឹក និង​លោតទឹក​កម្ពុជា បានបញ្ចប់ការ​ប្រកួត ដោយមិនបាន​ទទួលបានមេដាយ​នោះ​ទេ។

តាម​រយៈការ​ប្រកួត កីឡាហែលទឹក​ពាក់ជើង​ទា ដែល​ត្រូវបាន​ធ្វើ​នៅ​អាង​ហែល​ទឹក នៃ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ កាលពី​ព្រឹក​ថ្ងៃសុក្រ​នេះ កីឡាការិនី កាំង មួយនីន, ឃឿន ប៊ុនពេជ្រមរកត ព្រមទាំង​កីឡាករ សុខ វ៉ាត់ថានូន និង លឹម កែវឧត្តម សុទ្ធតែ​បាន​ឆ្លង​ផុតការ​ប្រកួតជម្រុះទៅលើជំនាញ​របស់​ខ្លួន ដើម្បី​បាន​ឡើង​ទៅ​កាន់ការ​ប្រកួតវគ្គ​ផ្តាច់​ព្រ័ត្រ ដែលនឹង​ត្រូវ​ធ្វើ​នៅល្ងាច​ម៉ោង​ ៦ ថ្ងៃនេះ។

សម្រាប់ការ​ប្រកួត​លើ​វិញ្ញាសា Women’s 400m Bi Fins កីឡាការិនី កាំង មួយនីន, និង ឃឿន ប៊ុនពេជ្រមរកត របស់​កម្ពុជា បានឈរ​នៅលេខ​ ១ និងលេខ​ ២ ជាមួយ​ថិរវេលា ០៤:០៥.៦៧០ វិនាទី និង ០៤:១២.០៧០ ដើម្បី​ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយមានទំនុក​ចិត្ត។

បន្ថែម​លើនេះ កាំង មួយនីន ក៏​ធ្វើបាន​ល្អ សម្រាប់ការ​ប្រកួត​លើ​វិញ្ញាសា Women’s 100m Bi Fins ផងដែរ ដោយ​កីឡាការិនី​របស់​កម្ពុជា​រូបនេះ បានឈរនៅលេខ​៣ សម្រាប់ការ​ប្រកួត Heat 2 ហើយការ​ធ្វើ​​បានក្នុង​ថិរវេលា ៥១.០០០ វិនាទី ក៏​បាន​ធ្វើ​ឱ្យ មួយនីន មាន​ភាគ​រយ ក្នុងការ​ប្រជែង​យកមេដាយ​ផងដែរ ព្រោះ​ក្នុង​វិញ្ញាសា​នេះ មានតែ​កីឡាការិនី​លេខ​ ១ ​របស់​ឥណ្ឌនេស៊ី និង​អ្នកបានលេខ​២​របស់​វៀតណាម ទេ ដែល​ធ្វើបាន ក្នុង​ថិរវេលា​ល្អជាង មួយនីន។

កីឡាករ កីឡាការិនី​ជម្រើសជាតិ​ហែល​ទឹក​ពាក់ជើងទា​​របស់​កម្ពុជា​ទាំង​៤នាក់ ដែល​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅល្ងាច​ម៉ោង​៦ ថ្ងៃ​សុក្រ​នេះ។ រូប​ថត សហការី

ចំណែក​កីឡាករ សុខ វ៉ាត់ថានូន និងកីឡាករ លឹម កែវឧត្តម នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ លើ​វិញ្ញាសា Men’s 100m Surface ប៉ុន្តែតាម​រយៈ​លទ្ធផលនៃ​ការ​ប្រកួតជម្រុះ​​តាម Heat កាលពីព្រឹកមិញ គឺ​កីឡាករកម្ពុជា​ទាំង​២នេះ ធ្វើក្នុង​ថវិរវេលា​ មិនសូវជា​ល្អប៉ុន្មានទេ ដោយ​ក្នុង​នោះ វ៉ាត់ថានូន ធ្វើបាន ៤២.២៩០ វិនាទី រីឯ កែវឧត្តម ធ្វើក្នុងថិរវេលា ៤៥.២៩០ វិនាទី គឺទាបជាង​កីឡាករ​វៀតណាម ថៃ និង​ហ្វីលីពីន ហេតុនេះឱកាស​រក​មេដាយ សម្រាប់អ្នកទាំង​២នេះ អាច​មានការ​ពិបាក​ខ្លាំង។

ដោយឡែក​ ក្រុមជម្រើសជាតិហែល​ទឹក​កម្ពុជា បានបញ្ចប់ការ​ប្រកួត នៅលើ​វិញ្ញាសា​ទាំង​៣៩​របស់ខ្លួន ដោយមិនបាន​មេដាយអ្វីនោះ​ទេ ខណៈ​ក្រុមសិង្ហបុរី ដណ្តើមបានមេដាយមាស​២២ ប្រាក់​១៤ សំរឹទ្ធ​១០ វៀតណាម បានមាស​ ៧ ប្រាក់ ​៣ សំរឹទ្ធ ​៧ ថៃ បានមាស ​៤ ប្រាក់ ​១១ សំរឹទ្ធ​ ៨ ឥណ្ឌូនេស៊ី បានមាស ​៣ ប្រាក់​ ១ សំរឹទ្ធ ​៣ ហ្វីលីពីន បានមាស ​២ ប្រាក់ ​៧ សំរឹទ្ធ ​៧ និងម៉ាឡេស៊ី បានមេដាយមាស​ ១ ប្រាក់​ ៣ សំរឹទ្ធ ​៤។

ដូចគ្នានេះ ក្រុមជម្រើសជាតិលោតទឹកកម្ពុជា ក៏បានបញ្ចប់ការ​ប្រកួតស៊ីហ្គេម នៅលើ​ទឹក​ដី​លើកដំបូង​​​របស់​ខ្លួន​ ជាមួយការ​មិនទទួលបានមេដាយ​ដូចគ្នា ដោយការ​ប្រកួតចំនួន​​៤​វិញ្ញាសា នៃប្រភេទ​កីឡា​នេះ ម៉ាឡេស៊ី បាន​យក​មេដាយមាស​ទាំងអស់ និងឈ្នះបានមេដាយប្រាក់​២ និង​សំរឹទ្ធ​១ទៀត រីឯ​ឥណ្ឌូនេស៊ី បានប្រាក់​១ សំរឹទ្ធ​១ វៀតណាម បានប្រាក់​១ និង​សិង្ហបុរី បានមេដាយសំរឹទ្ធ​២៕

ក្រុមជម្រើសជាតិហែល​ទឹកកម្ពុជា នៅតែ​មិនអាចដណ្តើមបានមេដាយ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើ​ទឹក​ដី​ខ្លួនឯង។ រូប​ថត សហការី