ភ្នំពេញ៖ កីឡាការិនី កាំង មុយនីន បាន​ជួយ​ឱ្យ​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក អាច​បំបែក​បាន​នូវកំណត់ត្រា​ប្រវត្តិសាស្រ្ត ឈ្នះ​មេដាយមាស ជា​លើកដំបូង​ បន្ទាប់ពីពួកគេ បាន​រង់ចាំ​អស់​រយៈ​ពេល ​៥០​ឆ្នាំ ហើយ​ជោគជ័យ​ដ៏​ធំ​នេះ វា​បាន​កើត​មាន​ឡើង ចំពេល​ដែល​​ប្រទេស​កម្ពុជា បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត លើកទី​១ ដូចគ្នា ក្រោយ​រង់ចាំ​អស់​រយៈពេល​ ៦៤​ឆ្នាំ។

បើទោះបីជា ក្រុមជម្រើសជាតិ​ហែល​ទឹក និង​លោត​ទឹកកម្ពុជា បានបញ្ចប់​ការ​ប្រកួតសរុបទាំង​៤៣វិញ្ញាសា​របស់​ពួកគេ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣នេះ ដោយ​មិន​បាន​មេដាយ​អ្វី​សោះ ប៉ុន្តែ​ការដណ្តើម​បានមេដាយមាស លើ​ប្រភេទ​កីឡាហែល​ទឹក​ពាក់ជើង​ទា​របស់ កាំង មុយនីន កាលពី​ល្ងាច​ថ្ងៃទី​១២ ខែឧសភា បាន​ធ្វើឱ្យគ្រប់​យ៉ាង​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ ព្រោះនេះជា​កំណត់ត្រា​ប្រវត្តិ​សាស្រ្ត​ថ្មី សម្រាប់​ក្រុម​ហែល​ទឹក។

កាំង មុយនីន បាន​ឈ្នះ​មេដាយមាស លើ​វិញ្ញាសាហែល 400m Bi Fins ជាមួយ​ថិរវេលា ៣:៥៩.០១ នាទី គឺ​នាំមុខកីឡាការិនីលេខ​២​រប​ស់​ឥណ្ឌូនេស៊ី Az Zahra Raqiel ដែល​ប្រើពេល ៤:០៥.៩៧ នាទី។ ចំណែក​កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ទទួលបានមេដាយសំរឹទ្ធ លើ​វិញ្ញាសា​នេះដែរ ជាមួយថិរវេលា ៤:០៩.៦២ នាទី ដោយ​បាន​នាំមុខកីឡាការិនីសិង្ហបុរី Dawn Tong Eh Koh កីឡាការិនីហ្វីលីពីន Cabayaran Alexi Kouzenye និង De La Paz Jannie រួមទាំង​កីឡាការិនីសិង្ហបុរី Ong R’yen Jing Qi និងកីឡាការិនីម៉ាឡេស៊ី Guan Jun Jamie Tan។

បន្ថែម​ទៅលើការឈ្នះ​បាន​មេដាយមាស ១ និង​សំរឹទ្ធ ​១ លើ​វិញ្ញាសាហែល 400m Bi Fins របស់ កាំង មុយនីន និង ឃឿន ប៊ុនពេជ្រមរកត នេះ ​កីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម និង​កីឡាករ ឆោម ច័ន្ទថន ក៏​បានរួមគ្នា ​ឈ្នះមេដាយ​សំរឹទ្ធ​ លើ​វិញ្ញាសា Men’s Relay 4x200m Surface ផងដែរ។

សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ក្នុងអាងហែល​ទឹក​នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពី​ល្ងាច​ថ្ងៃសុក្រ​នោះ លឹម សុខវឌ្ឍន៍នន្ទ ទួន ទិត្យសត្យា លឹម កែវឧត្តម និង ឆោម ច័ន្ទថន ​បានប្រើពេល ០៦:២៧.១៨០ នាទី គឺ​មានន័យ​ថា ពួកគេ បានបំបែក​ឯតទ្ទគ្គកម្មចាស់ ០៧:១៩.៩៧០ នាទី សម្រាប់ការឈ្នះ​បានមេដាយសំរឹទ្ធ​នេះ ជា​លើកដំបូង កាលស៊ីហ្គេម ឆ្នាំ​២០២២ នៅ​វៀតណាម។ រីឯ​ក្រុម​មេដាយមាស​របស់​វៀតណាម ធ្វើ​ក្នុង​ថិរវេលា ០៥:៥០.០៣០ នាទី និង​ក្រុម​លេខ២ ឥណ្ឌូនេស៊ី ប្រើពេល ០៥:៥២.១៨០ នាទី។

ជាមួយការ​ទទួលបានជោគជ័យ​យ៉ាង​ធំធេង ជាពិសេស​ការ​ឈ្នះ​បានមេដាយមាស របស់​កីឡាការិនី កាំង មុយនីន វា​បាន​ក្លាយជាការ​បំបែកកំណត់ត្រា​ប្រវត្តិសាស្រ្តថ្មី របស់​សហព័ន្ធខ្មែរ​កីឡាហែល​ទឹក ដែលកំពុង​​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល​ បន្ទាប់ពី​សហព័ន្ធនេះ បាន​រង់ចាំ​អស់​រយៈពេល​ ៥០​ឆ្នាំ ព្រោះចាប់​​តាំង​ពីឈ្នះ​បាន​មេដាយ​​មាស២ ប្រាក់ ៧ និងសំរឹទ្ធ ៤ កាលស៊ីហ្គេម ឆ្នាំ​១៩៧៣ នៅ​សិង្ហបុរី មក ក្រុម​ហែល​ទឹក​កម្ពុជា មិនដែលដណ្តើម​បានមេដាយ​មាស ទៀត​នោះ​ទេ គឺ​ទើបតែ​ពេលនេះ ដែល​ក្រុម​ហែលទឹក រកបាននៅលើ​ប្រភេទ​កីឡា​ហែល​ទឹក​ពាក់ជើង​ទា៕