
សកម្មភាពប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ កាលពីខែធ្នូ។ រូបថត ឈន ណន
ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា នឹងចាប់ដំណើរការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ពីថ្ងៃអាទិត្យនេះទៅ រហូតដល់ថ្ងៃទី ១៦ ខែឧសភា ហើយក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់គោលដៅ និងក្តីសង្ឃឹម ដណ្តើមមេដាយមាសឱ្យបានចំនួន ៣។
ការដាក់គោលដៅ និងក្តីរំពឹងយ៉ាងមុតមាំ ក្នុងការដណ្តើមយកមេដាយមាសឱ្យបាន ៣ អមដោយមេដាយប្រាក់ ៣ និងសំរឹទ្ធ ៣ នេះ គឺត្រូវបានធ្វើឡើង ដោយលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ព្រោះនាយកវិទ្យាស្ថានខេមអេដរូបនេះ បានមើលឃើញថា ក្រុមចំបាប់កម្ពុជា មានការត្រៀមខ្លួនបានល្អ ទាំងការប្រកួត និងការចេញទៅហ្វឹកហាត់ នៅប្រទេសចិន និងអ៊ីរ៉ង់។
លោក ខេស៊ី បាណេត បញ្ជាក់ថា៖ «យើងមានសង្ឃឹមយ៉ាងមុតមាំថា កីឡាករ កីឡាការិនីរបស់យើង នឹងដណ្តើមបានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣ ពីការប្រកួត ស៊ីហ្គេម នេះ ព្រោះការខិតខំប្រឹងប្រែងកន្លងមករបស់កីឡាករ កីឡាការិនី តាមរយៈការចូលរួមប្រកួតជើងឯកទាំងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ»។

កីឡាករខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី និង ម៉ូ សារី បានថតជាមួយគ្រូបង្វឹកជម្រើសជាតិចំបាប់កម្ពុជា ដែលជាជនជាតិអ៊ីរ៉ង់ ក្នុងការប្រកួតចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២២។ រូបថត CAMSOC
គួររំឭកថា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ ក្រុមកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៦ ក្នុងនោះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤។ កីឡាករ ស៊ូ បាលី ជាអ្នកឈ្នះមេដាយមាស ក្នុងការប្រកួតចំបាប់សេរី ទម្ងន់ ១២៥ គីឡូក្រាម និងកីឡាករ ម៉ូ សារី ជាអ្នកឈ្នះបានមេដាយប្រាក់ លើទម្ងន់ ៩៧ គីឡូក្រាម ហើយកីឡាករខ្មែរ-អ៊ីរ៉ង់ទាំង២នាក់នេះ ក៏ជាក្តីសង្ឃឹម ក្នុងការដណ្តើមបានមេដាយមាសជូនកម្ពុជា ក្នុងស៊ីហ្គេម លើកនេះ។
សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នេះ កីឡាករ ស៊ូ បាលី និង ម៉ូសារី នឹងត្រូវប្រកួតទាំងលើចំបាប់សេរី និងចំបាប់ក្រិចកូរ៉ូម៉ាំង ខណៈការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីត្រៀមស៊ីហ្គេមនេះ កាលពីខែធ្នូ ស៊ូ បាលី បានឈ្នះមេដាយមាសទាំង២ លើវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់១៣០គីឡូក្រាម និងចំបាប់សេរីទម្ងន់ ១២៥ គីឡូក្រាម រី ម៉ូ សារី បានឈ្នះមេដាយមាស លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩៧ គីឡូក្រាម និងបានមេដាយសំរឹទ្ធផ្នែកចំបាប់ក្រិចកូរ៉ូម៉ាំង។
ទន្ទឹមនឹងនេះ សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់ឱ្យមានការប្រកួតរហូតដល់ ៣០ ប្រភេទទម្ងន់ ហើយនៅថ្ងៃអាទិត្យនេះ ជាការប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំងបុរស ចំនួន ១០ ប្រភេទទម្ងន់ មានទម្ងន់៥៥គីឡូក្រាម ៦០, ៦៣, ៦៧, ៧២, ៧៧, ៨២, ៨៧, ៩៧ និងទម្ងន់១៣០គីឡូក្រាម ដោយប្រកួតជម្រុះ រហូតរកឃើញអ្នកឈ្នះមេដាយមាស នាល្ងាចថ្ងៃនេះតែម្តង។ ចំណែកនៅថ្ងៃទី ១៥ ជាការប្រកួតចំបាប់សេរីផ្នែកនារីទាំង ១០ ប្រភេទទម្ងន់ ហើយថ្ងៃទី ១៦ ខែឧសភា ជាការប្រកួតចំបាប់សេរីបុរសទាំង ១០ ប្រភេទទម្ងន់៕

លោក ខេស៊ី បាណេត ពេលថតជាមួយក្រុមអត្តពលិកចំបាប់ឥណ្ឌូនេស៊ី នៅក្រោយបញ្ចប់ការប្រកួតជើងឯកអាស៊ាន ឆ្នាំ២០២២។ រូបថត សហការី