ភ្នំពេញ៖ កីឡាការិនីជម្រើសជាតិ​ដ៏​មានទេពកោសស្យ ផ្នែក​​ប៊ីយ៉ាការ៉ុម ស្រួង ភាវី បាន​សម្រេចបរិច្ចាគថវិកាលើកទឹកចិត្ត ដែលទទួលបានពីការឈ្នះ​បានមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ចូលទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំងអស់ ដើម្បីជួយ​ដល់​ជនក្រីក្រនៅ​​ក្នុង​​ប្រទេស​កម្ពុជា ជាពិសេសក្មេងៗ ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់ ​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​​ក្រេប​យក​ចំណេះ​ដឹង​ទៅថ្ងៃ​​អនាគត។

ស្រួង ភាវី ដែល​បាន​បញ្ចប់​ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ដោយ​ឈ្នះ​បានមេដាយមាស ​១ និង​សំរឹទ្ធ ​១ ជូន​ម្ចាស់​ផ្ទះកម្ពុជា​នោះ បានបង្ហោះសារ នៅលើផេចហ្វេសបុកផ្ទាល់​ខ្លួន នាព្រឹក​ថ្ងៃអាទិត្យនេះថា៖ «រាល់​​ថវិកា ដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​ ​ទាំង​ប៉ុន្មាន ​ក្នុងការប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី ​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់​។

«​តាម​ពិត​ទៅ​ ខ្ញុំ​មិន​មែន​ជាអ្នក​​មាន​ទ្រព្យ​ធន​ច្រើន​អី​ទេ​ តែ​ខ្ញុំ​ធ្វើ​នេះ​ គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ រាល់​សកម្មភាព​ពី​មុន​ និង​ឥឡូវ​ ហើយ​ទៅ​អនាគត ​គឺ​នៅ​ដដែល​ ក្នុង​ការ​ជួយ​ដល់​ប្អូនៗ​នៅ​​ក្នុង​​ប្រទេស​ខ្មែរ ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់ ​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ ​ក្រេប​យក​ចំណេះ​ដឹង​ទៅ​អនាគត​។ ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង ​និង​​​អាយុ​ជីវិត ​គឺ​ខ្ញុំ​លះបង់​ ដើម្បី​កម្ពុជា។​ អរគុណពុកម៉ែបងប្អូនណាស់»។ ស្រួង ភាវី បានបញ្ជាក់។

សម្រាប់​ការ​បង្ហាញ​ខ្លួន ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ ជា​ប្រវត្តិសាស្រ្តនេះ កីឡាការិនី​ជើង​ខ្លាំង​លំដាប់លេខ​ ១ ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ស្រួង ភាវី បាន​ឈ្នះ​មេដាយមាស លើ​វិញ្ញាសាប៊ីយ៉ាការ៉ុម​ ៣ បាំង (3 Cushion) បន្ទាប់ពី​នាង បាន​យក​ឈ្នះកីឡាការិនី​របស់វៀតណាម Hoang Yen Nhi Nguyen ដោយ​ពិន្ទុ ២៥-២០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ថែមទៅលើ​ការ​ឈ្នះ កីឡាការិនី វៀតណាម Kien Tuong Phung ដោយពិន្ទុ ២៥-១០ ក្នុង​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ និង​ឈ្នះ​កីឡាការិនី​ហ្វីលីពីន​ Chezka Luy Centrno ២៥-៦ នៅ​វគ្គជម្រុះ​ ៨ នាក់​ដំបូង​នោះ។

បន្ទាប់ពីការ​ឈ្នះ​បាន​មេដាយមាស សម្រាប់​ការ​ប្រកួតផ្តាច់​ព្រ័ត្រ ធ្វើ​​នៅផ្សារទំនើប AEON 2 ជាន់ទី៣ កាលពីព្រលប់ ថ្ងៃទី ​៨ ខែឧសភា កន្លងមក​នោះ ស្រួង ភាវី បាន​បន្ត​​ឈ្នះ​លើ​កីឡាការិនី​​​ថៃ Vutthiphan Kongkaket ដោយពិន្ទុ ៥០-២៦ សម្រាប់ការ​ប្រកួត​វគ្គ​ជម្រុះ​៨នាក់ដំបូង វិញ្ញាសា​ការ៉ុម​១បាំង (1 Cushion) ប៉ុន្តែ ភាវី បានចាញ់​​​​វៀតណាម Kei Tuong Phung ដោយពិន្ទុ ៥០-២១ ក្នុង​វគ្គ ១/២ ផ្តាច់​ព្រ័ត្រ ដោយ​បាន

ត្រឹម​មេដាយសំរឹទ្ធ ខណៈ​មេដាយមាស​លើ​វិញ្ញាសា​នេះ បានទៅ​កីឡាការិនី​វៀតណាម Thi Ngoc Hue Le ក្រោយ​​ឈ្នះ​ Kei Tuong Phung ៥០-១៧ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

តាម​រយៈ​ការឈ្នះ​បានមេដាយមាស ១ និងសំរឹទ្ធ​ ១ ពីការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នេះ ស្រួង ភាវី នឹង​ទទួលបានប្រាក់រង្វាន់​ពីរាជរដ្ឋាភិបាល​ចំនួន ៥៦ លានរៀល ព្រោះតាមគោលការណ៍ នៃ​ការផ្តល់​ប្រាក់​រង្វាន់ សម្រាប់ការ​ប្រកួតស៊ីហ្គេម​នេះ គឺ​​អត្តពលិក​​ឈ្នះ​មេដាយមាស នឹងទទួលបាន ៤០ លានរៀង មេដាយប្រាក់ បាន​ ៣០ លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ១៦​ លានរៀល៕