ភ្នំពេញ៖ កីឡាករ​កូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី និង ម៉ូ សារី សុទ្ធតែ​ដណ្តើម​បាន​មេដាយមាស សម្រាប់​ការ​ប្រកួតចំបាប់​ក្រិចកូរ៉ូម៉ាំង ហើយជាមួយគ្នា​នេះ ក្រុមចំបាប់​កម្ពុជា ក៏ដណ្តើម​បានមេដាយប្រាក់​ ១ និងសំរឹទ្ធ​ ៤ ​ទៀត សម្រាប់ការ​ប្រកួតបើក​ឆាក​របស់ពួកគេ ទាំង​ ១០​ ប្រភេទទម្ងន់ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នេះ​ផងដែរ។

តាម​រយៈការ​ប្រកួត​ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល OCIC កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ កីឡាករ ស៊ូ បាលី បានឈ្នះ​មេដាយមាស​ជូនកម្ពុជា​មុនគេ លើ​វិញ្ញាសា​ក្រិចកូរ៉ូម៉ាំង ទម្ងន់ ១៣០ គីឡូក្រាម បន្ទាប់ពី​បាន​យក​ឈ្នះ​កីឡាករ​ថៃ Nanthawat Panphuek ដោយ​លទ្ធផល ៤-១ និង​បន្តឈ្នះសិង្ហបុរី Yu Timothy Loh ៤-០ ដើម្បី​មាន ២៥ ពិន្ទុ ​ខ្ពស់ជាង​គេ ខណៈ​កីឡាករ​ថៃ ​មាន​ ២០ ពិន្ទុ និងសិង្ហបុរី មាន​ត្រឹម​ ១៥ ពិន្ទុ។

ចំណែក​កីឡាករ ម៉ូ សារី ដណ្តើម​បានមេដាយ​មាស ក្នុង​ប្រភេទ​ទម្ងន់ ​៩៧ គីឡូក្រាម ដោយ រូបគេ បាន​យក​ឈ្នះ​កីឡាករឡាវ Vansalong Phiathep ដោយ​លទ្ធផល ៤-០ និង​បន្ត​ឈ្នះថៃ At Thaphol Sirithahan ដើម្បី​មាន​ ២៥ ពិន្ទុខ្ពស់ជាងកីឡាករ​លេខ​ ២​ របស់ថៃ ដែល​មាន​ ២០ ពិន្ទុ និង​អ្នកបានមេដាយសំរឹទ្ធ​របស់​ឡាវ ដែលមាន​ត្រឹម ​១៥ ពិន្ទុ ជាមួយ​ការ​ចាញ់​ទាំង​ ២ ​លើក។

ជាមួយគ្នានេះ កីឡាករ យុន ប៊ុនណា បានឈ្នះមេដាយ​ប្រាក់ សម្រាប់ការ​ប្រកួតចំបាប់​ក្រិចកូរ៉ូម៉ាំង ​ទម្ងន់​ ៦០​ គីឡូក្រាម ហើយ​ជាមួយគ្នា​នេះ កីឡាករ​​ចំបាប់​កម្ពុជា ចំនួន ​៤ នាក់​ទៀត ក៏​ឈ្នះ​បានមេដាយ​សំរឹទ្ធ​រៀងៗ​ខ្លួនដែរ រួម​​មាន​កីឡាករ​ ឆាំ ពិសិន ទម្ងន់​៧៧គីឡូកក្រាម កែវ សុភ័ក្ត ទម្ងន់ ​៨២ គីឡូក្រាម ថាច់ សុជាតិ ទម្ងន់​៥៥គីឡូក្រាម និង ឈឿង វាសនា ទម្ងន់​ ៨៧ គីឡូក្រាម។

យ៉ាង​ណា​មិញ នៅ​ថ្ងៃ​ចន្ទ​នេះ ជាការ​ប្រកួតចំបាប់សេរី ផ្នែកនារី ចំនួន​ ១០ ​ប្រភេទ​ទម្ងន់ រួម​មានទម្ងន់ ៥០, ៥៣, ៥៥, ៥៧, ៥៩, ៦២, ៦៥, ៦៨, ៧២ និង​ទម្ងន់ ​៧៦ គីឡូក្រាម ដោយ​ត្រូវ​ប្រកួត​ពី​វគ្គជម្រុះ រហូត​រក​ឃើញ​ម្ចាស់មេដាយ ទាំង​ ១០ ​ប្រភេទ​ទម្ងន់ នៅ​ក្នុង​ថ្ងៃចន្ទនេះ​តែម្តង៕