ភ្នំពេញៈ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ចេញលក់អាវប្រកួតកីឡាជឺជីតស៊ូ (Rashguard) ដែលមានក្នុងសន្និធិស្រាប់ដែលបានបោះពុម្ពកាលពីមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រៀមបញ្ជាបោះពុម្ពបន្ថែម ក្រោយទទួលបានការបញ្ជាទិញពីអ្នកកក់ទុកមុន។
អាវកីឡាជឺជីតស៊ូនឹងត្រូវលក់ក្នុងតម្លៃ ៣៥ ដុល្លារ ដែលរចនាដោយក្រុមរចនា Chifumi ដោយយោងទៅលើចម្លាក់បុរាណដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត នឹងត្រូវបានដាក់លក់នៅ២កន្លែងផ្សេងគ្នា គឺនៅក្លិប KIRI Jiu Jitsu ជិតផ្សារទូលទំពូង និងនៅក្លិប Kingdom Fight Gym នៅក្រោយព្រះបរមរាជវាំង ស្របពេលដែលសហព័ន្ធសន្យាយកប្រាក់ចំណេញទាំងអស់ពីការលក់អាវទាំងនេះបញ្ចូលក្នុងមូលនិធិសហព័ន្ធ Ju-Jitsu កម្ពុជា ដើម្បីអភិវឌ្ឍអត្តពលិកប្រភេទកីឡានេះ។
លោក Jasper Paas អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (Vice-President Ju-Jitsu Federation of Cambodia) បានថ្លែងថា ក្រោយព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូនោះចប់រហូតមកទល់ពេលនេះ អាវដែលរចនាឡើងដូចអាវដែលពាក់ចូលប្រកួតដោយអត្តពលិកកម្ពុជា កញ្ញា ខាន់ ចេសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គឺនៅសល់ប្រហែល ៥០ ទៅ ៦០ ប៉ុណ្ណោះ។
លោក Jasper Paas បានឱ្យដឹងថា អាវនោះត្រូវបានប្រកាសដាក់លក់តម្លៃ ៣៥ ដុល្លារ ក្នុង ១ អាវ ដែលបច្ចុប្បន្ននេះមានលេខ S M និង L ព្រមទាំងមានពណ៌ខ្មៅ ខៀវ និងក្រហម ប៉ុន្តែសម្រាប់ទំហំនិងពណ៌ គេអាចបញ្ជាទិញតាមអនឡាញបានដែលទំនិញនឹងមកដល់ក្នុងរយៈពេល២ទៅ៣សប្ដាហ៍ក្រោយ។
លោក Jasper Paas បានថ្លែងថា៖«ពីព្រោះឥឡូវយើងមានអាវតិច យើងមិនមានការលក់តាមអនឡាញនោះទេ ហើយបើមានអ្នកត្រូវការទិញ ត្រូវទៅរកដល់ទីកន្លែងខាងលើ។ អាវ [ដែលនៅសល់]ទាំងនេះ យើងផលិតវានៅមុនស៊ីហ្គេម។ យើងមិនដឹងថា វាមានប្រជាប្រិយភាពដល់ថ្នាក់នេះ។ ពេលនេះយើងនឹងកុម្ម៉ង់បន្ថែមទៀត ប៉ុន្តែវាត្រូវការពេល៣ខែ»។
នៅពេលសួរថា ហេតុអ្វីអាវនេះហាក់ដូចជាថ្លៃដែលទំនងជាយុវជនទូទៅមិនមានលទ្ធភាពក្នុងការទិញពាក់នោះ លោក Jasper Paas បានឆ្លើយថា ទោះបីមានការលក់ថ្លៃបន្តិចមែន ប៉ុន្តែប្រាក់ចំណេញនឹងត្រូវប្រើប្រាស់ដើម្បីភាពរីកចម្រើនរបស់អត្តពលិកកីឡាជឺជីតស៊ូដែលអាចមានលទ្ធភាពប្រកួតជាអន្តរជាតិ។
លោកបន្ថែមថា៖«ប្រាក់ចំណេញទាំងអស់នឹងចូលទៅសហព័ន្ធរបស់យើង ដែលអាចធ្វើអត្តពលិករបស់យើងរីកចម្រើន ដើម្បីប្រកួតជាអន្តរជាតិ ដូចនេះ យើងអាចទទួលបានលទ្ធផលកាន់តែប្រសើរក្នុងពេលអនាគត»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីសាកសួរបន្ថែមលើប្រភេទអាវឬឯកសណ្ឋាននៃវិញ្ញាសាដែលកម្ពុជាទទួលបានមេដាយមាសនិងកំពុងមានប្រជាប្រិយភាពក្នុងចំណោមមហាជនជុំវិញលទ្ធភាពនៃការបោះពុម្ពអាវសម្រាប់លក់ដល់អ្នកគាំទ្រទេនៅថ្ងៃទី១៥ ឧសភា ។
ក៏ប៉ុន្ដែកាលពីសប្តាហ៍មុន សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថា ការបំផុសគំនិតលើអាវប្រកួតសម្រាប់ក្រុមជាតិJu-Jitsuគឺផ្អែកលើចម្លាក់ជញ្ជាំងដែលរកឃើញនៅត្រើយខាងកើតនៃប្រាសាទអង្គរវត្តដែលបានច្នៃប្រឌិតដោយវិចិត្រករផ្សេងៗគ្នា ហើយទីបំផុតបានច្នៃទៅជាអាវប្រកួត Rashguard ដ៏អស្ចារ្យដែលរចនាដោយវិចិត្រករ Chifumi។
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបន្តថា អាវប្រកួតត្រូវបានពាក់ចូលទីលានប្រកួតដោយកីឡាការិនី ខាន់ ចេសា ដែលប្រកួតដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាកីឡាជឺជិតស៊ូប្រភេទ៥២គីឡូក្រាមផ្នែកនារី ដោយផ្តួលអត្តពលិកហ្វីលីពីនគឺកីឡាការិនី Margarita Prado សម្រាប់ការប្រកួតវិញ្ញាសា Ne-Waza-NOGI កាលពីថ្ងៃអាទិត្យទី៧ ខែឧសភា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា៕