ភ្នំពេញ៖ កីឡាករជើងខ្លាំងរបស់កម្ពុជា បឺត សង្ឃឹម ដែលមានឈ្មោះក្នុងបញ្ជីជាតិថា ទូច រ៉ាឆាន់ នោះ បានបន្តឈ្នះមេដាយមាស ជូនប្រទេសជាតិ ជាថ្មីម្តងទៀត សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ចំណែក សុខ រិទ្ធ ក៏បានរកឃើញជ័យជម្នះដ៏ធំ សម្រាប់អាជីពរបស់ខ្លួនផងដែរ ដោយរូបគេដណ្តើមបានមេដាយមាស ជូនកម្ពុជាដូចគ្នា។
សម្រាប់ការប្រកួតប្រភេទកីឡាឃីកបុកស៊ីង ដែលធ្វើនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បឺត សង្ឃឹម បានយកឈ្នះកីឡាករថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការជួបកីឡាករវៀតណាម Quang Huy Nguyen នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ បឺត សង្ឃឹម បានយកឈ្នះដោយពិន្ទុ ២-១។
ជាមួយជ័យជម្នះដ៏មានន័យនេះ បានជួយឱ្យ បឺត សង្ឃឹម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម លើជំនាញ Men’s low Kick ហើយនេះក៏ជាការឈ្នះបានមេដាយមាស ជាលើកទី២ ជូនកម្ពុជា ផងដែរ ព្រោះកាលប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គឺ បឺត សង្ឃឹម ដណ្តើមបានមេដាយមាសដូចគ្នា។
ចំណែកជើងខ្លាំងទម្ងន់ស្រាល សុខ រិទ្ធ ក៏បង្កើតបាននូវកំណត់ត្រាថ្មី សម្រាប់ខ្លួនឯង ផងដែរ គឺការឈ្នះបានមេដាយមាស ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ជាលើកដំបូង បន្ទាប់ពីរូបគេ បានយកឈ្នះកីឡាករវៀតណាម Van Tuan Huynh លើជំនាញ Men’s low Kick ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទនោះដែរ។
បន្ថែមទៅលើការឈ្នះបានមេដាយមាសរបស់ បឺត សង្ឃឹម និង សុខ រិទ្ធ នេះ ក្រុមប្រដាល់ឃីកបុកស៊ីងកម្ពុជា ក៏ដណ្តើមបានមេដាយប្រាក់១ និងមេដាយសំរឹទ្ធចំនួន២ ផងដែរ ហើយនៅរសៀលថ្ងៃអង្គារនេះ កីឡាករកម្ពុជាចំនួន៤នាក់ រួមមាន ឈឿង ល្វៃ, រិន ដាវីដ, លន បញ្ញា និង ឡៅ សៃណេត នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស ទៅតាមប្រភេទទម្ងន់រៀងៗខ្លួន។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃចុងក្រោយនេះ ឡៅ សៃណេត ត្រូវជួបកីឡាករឥណ្ឌូនេស៊ី លើវិញ្ញាសា Men K1 ទម្ងន់៥១គីឡូក្រាម រីឯ លន បញ្ញា ត្រូវប៉ះអ្នកប្រដាល់របស់ឥណ្ឌូនេស៊ីដែរ លើវិញ្ញាសា Men’s Full Contact ទម្ងន់៦០គីឡូក្រាម ចំណែក រិន ដាវីដ ត្រូវប្រឈមជាមួយកីឡាករថៃ លើវិញ្ញាសា Men’s Light Contact ទម្ងន់៦៣គីឡូក្រាម ហើយ ឈឿង ល្វៃ ត្រូវប៉ះថៃ លើការប្រកួត Men’s Kick Light ទម្ងន់៦៩គីឡូក្រាមដូចគ្នា៕