
ក្រុមចំបាប់កម្ពុជា បានថតជុំគ្នាជាមួយថ្នាក់ដឹកនាំ និងគ្រូបង្វឹក បន្ទាប់ពីពួកគេ បានរួមគ្នាឈ្នះមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ១១ នៅស៊ីហ្គេម ឆ្នាំ២០២៣។ រូបថត សហការី
ភ្នំពេញ៖ ក្រុមជម្រើសជាតិចំបាប់កម្ពុជា បានរួមគ្នាបង្កើតនូវកំណត់ត្រាឈ្នះមេដាយច្រើនបំផុត ដែលពួកគេ មិនធ្លាប់ធ្វើបាន ក្នុងប្រវត្តិស៊ីហ្គេម កន្លងមក ហើយការបំបែកឯតទគ្គកម្មចាស់របស់ខ្លួនឯងនេះ បានកើតមានឡើង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯង ដែលត្រូវរៀបចំពិធីបិទ នៅយប់នេះ។
តាមរយៈការចូលរួមប្រកួតស៊ីហ្គេម ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមចំបាប់កម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស ៤ ប្រាក់ ២ និងមេដាយសំរឹទ្ធ ៤ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ហើយនោះជាជោគជ័យធំបំផុត សម្រាប់ក្រុមចំបាប់កម្ពុជា ដែលត្រូវបានចារជាកំណត់ត្រារបស់ពួកគេ។
ដោយឡែក សម្រាប់ការប្រកួតស៊ីហ្គេម ចំនួន ៤ លើកក្រោយមកទៀត គឺប្រភេទកីឡាចំបាប់ មិនត្រូវបានដាក់បញ្ចូល ក្នុងស៊ីហ្គេម ឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ នោះទេ ចំណែកការចូលរួមប្រកួតវិញ នៅស៊ីហ្គេម ឆ្នាំ ២០១៩ ក្នុងប្រទេសហ្វីលីពីន ក្រុមចំបាប់កម្ពុជា ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ ៥ ហើយស៊ីហ្គេម លើកចុងក្រោយ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ ក្រុមចំបាប់ បានឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤ គឺមានន័យថា ពួកគេ មិនអាចរក្សាការឈ្នះបានមេដាយមាសច្រើន ដូចស៊ីហ្គេម ឆ្នាំ ២០១៣ នោះទេ។
តែទោះបីជាយ៉ាងណា សម្រាប់ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីកម្ពុជា ដែលនឹងរៀបចំពិធីបិទជាផ្លូវការ នៅយប់ថ្ងៃទី ១៧ ខែឧសភា នេះ ក្រុមចំបាប់កម្ពុជា បានបញ្ចប់ការប្រកួតទាំង៣០ប្រភេទទម្ងន់ ជាមួយការឈ្នះបានមេដាយចំនួន ៥ ប្រាក់ ៤ និងសំរឹទ ១១ ហើយលទ្ធផលដ៏ធំនេះ បានជួយឱ្យក្រុមចំបាប់កម្ពុជា អាចបំបែកឯតទគ្គកម្មចាស់ និងបង្កើតបាននូវកំណត់ត្រាថ្មី យ៉ាងរំភើបបំផុត។
ជាមួយការឈ្នះបានមេដាយសរុបចំនួន ២០ នេះ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងថា៖ «នេះជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មាន សម្រាប់ក្រុមចំបាប់កម្ពុជា នោះទេ។ យើងមិនធ្លាប់ឈ្នះបានមេដាយមាស ៥ ហើយក៏មិនធ្លាប់បានមេដាយសរុបដល់ ២០ នោះដែរ អ៊ីចឹងនេះជាជោគជ័យដ៏ធំណាស់ សម្រាប់ក្រុមចំបាប់ និងសម្រាប់ប្រទេសកម្ពុជា ដែលយើងបង្កើតបាននូវកំណត់ត្រាថ្មី មិនធ្លាប់មាន នៅលើទឹកដីខ្លួនឯង»។

ក្រុមចំបាប់ បាននាំគ្នាចាប់ លោក ខេស៊ី បាណេត បោះឡើងលើ ដើម្បីបង្ហាញការដឹងគុណដល់បុរសខ្មែរ-អាមេរិកម្នាក់នេះ ដែលបានជួយក្រុមចំបាប់ ឱ្យរីកចម្រើនដូចពេលនេះ។ រូបថត សហការី
សម្រាប់ការឈ្នះបានមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ១១នេះ បានជួយឱ្យក្រុមចំបាប់កម្ពុជា ឈរនៅលេខ៣ បន្ទាប់ពីក្រុមចំបាប់វៀតណាម ដែលឈ្នះបានមេដាយមាស ១៣ ប្រាក់ ៤ សំរឹទ្ធ ១ និងឥណ្ឌូនេស៊ី បានមេដាយមាស ៦ ប្រាក់ ៦ សំរឹទ្ធ២ រីឯហ្វីលីពីន ឈរនៅលេខ៤ ដោយបានឈ្នះមេដាយមាស ៤ ប្រាក់ ៧ សំរឹទ្ធ ៥ ថៃ បានមាស ១ ប្រាក់ ៥ សំរឹទ្ធ ៦ សិង្ហបុរី បានមាស១ ប្រាក់ ៣ សំរឹទ្ធ៥ និងឡាវ បានប្រាក់១ និងមេដាយសំរឹទ្ធ៧។
សម្រាប់មេដាយមាសទាំង ៥ ដែលក្រុមចំបាប់កម្ពុជា ដណ្តើមបាន ក្នុងស៊ីហ្គេម ឆ្នាំ២០២៣នេះ គឺកីឡាករខ្មែរ-អ៊ីរ៉ង់ ម៉ូ សារី បានឈ្នះមេដាយមាស២ ទាំងការប្រកួតក្រិចកូរ៉ូម៉ាំង និងចំបាប់សេរី ទម្ងន់៩៧គីឡូក្រាម ហើយកីឡាករខ្មែរ-អ៊ីរ៉ុង ស៊ូ បាលី បានឈ្នះមេដាយមាស លើវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់១៣០គីឡូក្រោម រីឯ ហេង វុទ្ធី បានឈ្នះមេដាយមាស ចំបាប់សេរី ទម្ងន់៨៦គីឡូក្រាម ខណៈ ជា កញ្ញា បានក្លាយជាកីឡាការិនីចំបាប់កម្ពុជា តែម្នាក់គត់ ដែលឈ្នះបានមេដាយមាស ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម៕

