
លោកនេត សាវឿន ក្នុងពេលជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់ គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីបាល់ទះកាលពីរសៀលថ្ងៃទី ១៨ ឧសភា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យនៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ លោកក៏បានរំឭកដល់គ្រូបង្វឹកផងដែរ ត្រូវបន្ដខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពក្រុមកីឡាករ។
លោកនេត សាវឿន បានធ្វើការណែនាំបែបនេះ កាលពីរសៀលថ្ងៃទី ១៨ ឧសភាក្នុងពេលជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់ គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្មចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ នៅក្នុងជំនួបសំណេះសំណាលនេះលោក នេត សាវឿន ក៏បានបង្ហើបពីគម្រោងក្នុងការបង្កើនការលីកកម្ពស់បាល់ទះនៅពេលអនាគតផងដែរ សំដៅចម្រាញ់យកកីឡាករដែលមានសមត្ថភាពខ្ពស់ សម្រាប់ចូលប្រកួតជម្រើសជាតិ។ ប៉ុន្ដែករណីនេះ លោកបានសង្កត់ធ្ងន់ថា នឹងត្រូវប្រើប្រាស់ពេលវេលាយូរដើម្បីសម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា លោកបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារនេះ។
ជាមួយគ្នានេះលោក នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំយកអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក។
ដើម្បីជាការលើកទឹកចិត្ត លោក នេត សាវឿន បានឧបត្ថម្ភថវិកា ១ ០០០ ដុល្លារ ដល់គ្រូបង្វឹកម្នាក់ៗ និងកីឡាករ កីឡាការិនីបាល់ទះ ម្នាក់ៗ ១ ០០០ ដុល្លារផងដែរ។
ដោយឡែក ពាក់ព័ន្ធជាមួយក្រុមកីឡាករបាល់ទះបុរសក្នុងសាល ដែលទទួលបានមេដាយប្រាក់វិញនោះ លោក នេត សាវឿន នឹងធ្វើការជួបសំណេះសំណាល លើកទឹកចិត្តដោយផ្ទាល់នៅពេលក្រោយ៕