ភ្នំពេញៈ មន្ត្រីជំនាញគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ (CAMAPGOC) លោក យី វាសនា បានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់អស់ហើយ ទាំងទៅលើការរៀបចំទីលានប្រកួត និងការចុះឈ្មោះអត្តពលិក សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ខាងមុខ។
អគ្គលេខាធិការរង CAMAPGOC លោក យី វាសនា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេម នេះ កម្ពុជា បានត្រៀមមន្ត្រីបច្ចេកទេសក្នុងស្រុក សម្រាប់រៀបចំប្រភេទកីឡាទាំង ១៤ ក្នុងព្រឹត្តិការណ៍នេះ ចំនួន៩០០នាក់ ហើយអ្នកស្ម័គ្រចិត្ត ដែលត្រូវទទួលភារកិច្ចបន្តពីស៊ីហ្គេម សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ មានចំនួន ២ ៥០០ នាក់ រួមទាំងមន្ត្រីបច្ចេកទេសអន្តរជាតិ និងសហព័ន្ធកីឡាអាស៊ានទាំង ១១ ប្រទេស បូករួមទាំងទីម័រខាងកើត គឺមានចំនួនសរុបប្រមាណ ២៥០ នាក់បន្ថែមទៀត។
ចំពោះមន្ត្រីបច្ចេកទេសក្នុងស្រុក ទាំង ៩០០ នាក់នេះ លោក យី វាសនា បានលម្អិតថា ភាគច្រើនជាគណៈកម្មការទាំង ១៤ ដែលជាមន្ត្រីរាជការ ក្រោមឱវាទគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដោយមានចំនួនជិត ៨០០ នាក់ ដើម្បីដឹកនាំ និងរៀបចំការប្រកួត នៅលើប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់ ៥ ម្ខាង, បាល់ទាត់ ៧ ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក,វាយកូនឃ្លីលើតុបុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាដាក់ឱ្យសម្តែង E-Sports។
នៅក្នុងចំណោមប្រភេទកីឡានេះ គឺក្រុមអត្តពលិក ដែលបានរួមគ្នា ឈ្នះមេដាយ មាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ ២០២២ នៅឥណ្ឌនេស៊ី ត្រូវបានលោក យី វាសនា អះអាងថា បានរក្សាទុកឱ្យហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅកម្ពុជានេះទាំងអស់ ជាពិសេសក្រុមអត្តពលកម្ម បាល់បោះជិះរទេះ ប៊ូស្យា និងក្រុមហែលទឹក។
លោក យី វាសនា បញ្ជាក់ថា៖ «មកដល់ពេលនេះ យើងបានចុះឈ្មោះកីឡាទាំង ១៤ ប្រភេទ បូករួមទាំង E-sports មានចំនួនសរុប ២៣៦ នាក់ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ ចូលទៅក្នុងការប្រកួត ក្នុងនោះមានកីឡាករ ១៦០ នាក់ កីឡាការិនី ៧៦ នាក់ និងមន្ត្រីចុះជាប់ជាមួយកីឡាករមាន ៦៤ នាក់ ហើយនេះជាកត្តាចាំបាច់ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដើម្បីចូលរួមអបអរសាទរជាមួយបណ្តាប្រទេសដទៃទៀត»។
លោក យី វាសនា ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ផងនោះ បានឱ្យដឹងទៀតថា ក្រុមអត្តពលិកទាំងអស់ ដែលត្រៀមចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ បានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ ទៅលើការហ្វឹកហាត់ និងការផ្តល់នូវសម្ភារហ្វឹកហាត់ ក្រោមការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក៏ដូចជាការជួយទំនុកបម្រុងបន្ថែមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងទីលាន និងកន្លែងប្រកួត សម្រាប់ក្រុមអត្តពលិកជនពិការ ជាពិសេសនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ដែលជាកន្លែងប្រមូលផ្តុំយ៉ាងសំខាន់របស់ក្រុមអត្តពលិកជនពិការតែម្តង។
លោក យី វាសនា បញ្ជាក់ថា៖ «ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ទីលានទាំងអស់នេះ គឺយើងខ្ញុំបានកសាងរៀបចំសព្វគ្រប់រយៈពេលប្រមាណ ៥ ខែមុន ដោយចំណាយថវិកាអស់ជាង ១ លានដុល្លារ ទាំងការរៀបចំទីលាន និងរៀបចំកម្រាល មានទាំងកម្រាលប៊ូស្យា និងកម្រាលបាល់ទះអង្គុយ ដែលសុទ្ធតែជាកម្រាលស្តង់ដា មានតម្លៃខ្ពស់។ ក្រៅពីនេះ នៅមានបងប្អូនមួយចំនួនទៀត ត្រូវបានទិញជើងសិប្បនិម្មិត ហើយបន្ថែមលើប៊ូស្យា និងរទេះប្រកួត សម្រាប់ក្រុមបាល់បោះផងដែរ»។
ជាមួយការទទួលបានការទំនុកបម្រុង ទៅលើការហ្វឹកហាត់ និងការថែទាំងសុខភាព ទៅលើការស្នាក់នៅ ហូបចុកនេះ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ក្តីសង្ឃឹមថា ក្រុមអត្តពលិកជនពិការ នឹងរួមគ្នាបង្កើតបាននូវសមិទ្ធផលដ៏ជោគជ័យ ដូចការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ របស់ក្រុមអត្តពលិក មិនពិការភាព កន្លងមកដែរ។
នៅក្នុងការចុះទៅត្រួតពិនិត្យ និងសួរសុខទុក្ខដល់ក្រុមអត្តពលិកជនពិការ កាលពីថ្ងៃទី ១៨ ខែឧសភា លោក វង សូត ថ្លែងថា៖ «ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ បានបញ្ចប់ដោយជោគជ័យ និងជាទីមោទនភាពជាតិដែលមានន័យថា ក្រុមអត្តពលិកមានកាយសម្បទាធម្មតា បានបញ្ចប់តួនាទីរបស់ខ្លួនហើយ ចំណែកក្រុមអត្តពលិកជនពិការរបស់យើង ទើបតែចាប់ផ្តើម អ៊ីចឹងខ្ញុំសូមផ្ញើក្តីសង្ឃឹមថា ស៊ីហ្គេម ជោគជ័យ អាស៊ានប៉ារ៉ាហ្គេម ក៏នឹងទទួលបានជោគជ័យដូចគ្នា»។
លោក វង សូត បន្ថែមថា៖ «បងប្អូនជនពិការ ក៏មានឱកាស និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង ហើយអ្នកមិនពិការ និងពិការមានបេះដូចដូចតែគ្នាទេ ចំណែកប្រាក់រង្វាន់ ទទួលបានពីការឈ្នះបានមេដាយ ក៏មានចំនួនដូចគ្នា អ៊ីចឹងសូមផ្តល់កម្លាំងចិត្តដល់ជនពិការរបស់យើង ត្រូវខិតខំប្រឹងប្រែង ព្រោះនេះជាឱកាសដ៏ល្អបំផុត ដែលកម្ពុជាយើង បានធ្វើជាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះនៅទីនេះជាម្ចាស់ផ្ទះដែលធ្វើឱ្យមានមោទនភាពជាទីបំផុត»៕