ភ្នំពេញ៖ វីរកីឡាការិនីជឺជីតស៊ូ ខាន់ ជេសា (KHAN JESSA) បានរកឃើញជ័យជម្នះយ៉ាងសំខាន់មួយទៀត នៅក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីអត្តពលិកកូនកាត់ខ្មែរ-អាមេរិករូបនេះ បានឈ្នះមេដាយមាស ពីការប្រកួតជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើង នៅសហរដ្ឋអាមេរិក។
ខាន់ ជេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតកម្រិតខ្សែក្រវាត់ខ្មៅពិភពលោក (Black Belt World Champion) បន្ទាប់ពីកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីរបស់ប្រេស៊ីល Thamires Aquino នៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតនេះ មានភាពស្វិតស្វាញខ្លាំងណាស់។
តាមរយៈការប្រកួតនេះ ខាន់ ជេសា និង Thamires Aquino បានប្រើជំនាញចាប់ក្លេរបស់ខ្លួន ដើម្បីរកបានពិន្ទុប្រដេញគ្នាទៅវិញទៅមក ដោយអ្នកទាំង២នេះ មាន៦ពិន្ទុស្មើគ្នា ប៉ុន្តែនៅក្នុងរយៈពេល១០វិនាទីចុងក្រោយនោះ ជេសា បានព្យាយាមបង្វិលខ្លួននៅពីលើ រួចចាប់ក្លេ កីឡាការិនី Thamires Aquino ដើម្បីទទួលបាន២ពិន្ទុបន្ថែម និងឈ្នះក្នុងការប្រកួតជាផ្លូវការ ដោយពិន្ទុ ៨-៦។
ជាមួយការឈ្នះបានមេដាយមាស ក្នុងការប្រកួតកម្រិតខ្សែក្រវាត់ខ្មៅពិភពលោកនេះ ខាន់ ជេសា បានបង្ហាញអារម្មណ៍រំភើបរហូតទួញយំ ព្រោះនេះជាមេដាយមាសដ៏សំខាន់បំផុត នៅក្នុងអាជីពរបស់នាង ខណៈថ្មីៗនេះ ខាន់ ជេសា ក៏ទើបបានឈ្នះមេដាយមាស១ និងប្រាក់១ ពីការប្រកួតកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជូនម្ចាស់ផ្ទះកម្ពុជា ផងដែរ។
ជាមួយគ្នានេះ ខាន់ ជេសា បាននិយាយ ក្រោយការប្រកួតថា ខ្លួនបានប្រឹងប្រែងហ្វឹកខ្លាំង ទាំងទៅលើបច្ចេកទេស និងកម្លាំង ដោយមានការហ្វឹកហាត់ Gym ជាប្រចាំ ហើយបូករួមទាំងកម្លាំងចិត្ត ដែលទទួលបានពីអ្នកគាំទ្រ បានជួយឱ្យនាង សម្រេចគោលបំណងដ៏ធំ នៃការឈ្នះមេដាយមាសពិភពលោកដ៏សំខាន់នេះ៕