
កីឡាការិនីពិការភ្នែក យិន សូត និងអ្នកដឹកនាំរត់ បានបង្ហាញទង់ជាតិកម្ពុជា ក្រោយរត់មកដល់ទីផ្តាច់ព្រ័ត្រ ជាមួយការឈ្នះបានមេដាយមាស។ រូបថត AKP
ភ្នំពេញ៖ កីឡាការិនីពិការភ្នែក យិន សូត និងកីឡាការិនីពិការដៃ ងួន រតនា សុទ្ធតែដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតរត់ប្រណាំង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលបានធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃអង្គារនេះ ចំណែកកីឡាការិនី ស៊ុន ស្រីមុំ ក៏ឈ្នះបានមេដាយប្រាក់ផងដែរ។
សម្រាប់ការប្រកួតកីឡាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ T11 ( Momen’s 800m T11) ដោយមានអត្តពលិកម្នាក់ទៀត ជាអ្នកដឹកដៃរត់ជាមួយគ្នានេះ កីឡាការិនី យិន សូត បានឈ្នះមេដាយមាសយ៉ាងរំភើបបំផុត ហើយនេះក៏ជាមេដាយមាស លើកដំបូង ដែលនាងដណ្តើមបាន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ផងដែរ។
ជាមួយគ្នានេះ កីឡាការិនី ងួន រតនា ក៏បានឈ្នះមេដាយមាស យ៉ាងរំភើប លើវិញ្ញាសារត់ប្រណាំងចម្ងាយ ១ ៥០០ ម៉ែត្រ T46 នាព្រឹកថ្ងៃទី ៦ ខែមិថុនានេះ ផងដែរ។ តាមរយៈជ័យជម្នះនេះ បានបង្ហាញថា រតនា នៅតែមានសមត្ថភាពខ្លាំង ក្នុងការការពារមេដាយមាស លើវិញ្ញាសានេះ ដែលនាង ធ្លាប់ដណ្តើមបាន ជាលើកដំបូង ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០២២។

ចំណែកកីឡាការិនីពិការភ្នែករបស់កម្ពុជា ស៊ុន ស្រីមុំ ក៏បានឈ្នះមេដាយប្រាក់ ក្នុងប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសា រត់ចម្ងាយ ៨០០ ម៉ែត្រ T12 នាព្រឹកថ្ងៃអង្គារនេះផងដែរ ហើយតាមរយៈលទ្ធផលនេះ បានជួយឱ្យម្ចាស់ផ្ទះកម្ពុជា នៅពេលនេះ បានឈ្នះមេដាយមាស ៥ ប្រាក់ ១០ និងមេដាយសំរឹទ្ធ ១១៕

