
កីឡាករ បុង ហុង បានថើបប្រពន្ធរបស់ខ្លួន គឺកីឡាការិនី វុិត ចន្ថា ដែលដណ្តើមបានមេដាយមាស៣ ឱ្យម្ចាស់ផ្ទះកម្ពុជា ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ រូបថត ហុង មិនា
ភ្នំពេញៈ ជាកីឡាការិនីអត្តពលិកជនពិការ ដែលមានសមត្ថភាពលេចធ្លោជាងគេ ក្នុងការដណ្តើមមេដាយមាសជូនកម្ពុជា វ៉ិត ចន្ថា បានអះអាងទាំងទឹកភ្នែករលីងរលោងថា ភាពជោគជ័យដែលនាងដណ្តើមបានពីការប្រកួតប្រជែង នៅលើឆាកអន្តរជាតិ ពិសេសការដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺវាកើតចេញពីការប្រើប្រាស់បទពិសោធន៍ឈឺចាប់ ដែលនាងធ្លាប់បានហែលឆ្លង កាលពីអតីតកាល។
វ៉ិត ចន្ថា បានឱ្យតម្លៃខ្ពស់ទៅលើការតស៊ូ ដោយផ្តើមចេញពីការលំបាក ក្នុងនាមជាជនពិការ ដែលកើតនៅក្នុងគ្រួសារដ៏ក្រីក្រមួយ។ ចន្ថា បានចាត់ទុកម្តាយរបស់ខ្លួន ដែលជាស្រ្តីមេម៉ាយតាំងពីអាយុ៣៨ឆ្នាំមកនោះ ជាវីរកីឡាការិនី និងជាមនុស្សដ៏សំខាន់បំផុត ដែលបានផ្តល់អ្វីគ្រប់យ៉ាងដល់រូបនាង ដើម្បីរើបម្រះចេញពីភាពក្រីក្រ តាមរយៈការចាប់យកការលេងកីឡា ដើម្បីកែប្រែខ្សែជីវិត ឱ្យមានភាពប្រសើរឡើង បន្ទាប់ពីដណ្តើមបានមេដាយមាស ជូនប្រទេសជាតិ ជាបន្តបន្ទាប់។
យំបណ្តើរ និយាយបណ្តើរ ហើយមានអ្នកម្តាយ ចាំជូតទឹកភ្នែកឱ្យផងនោះ វ៉ិត ចន្ថា បានរៀបរាប់ពីខ្សែជីវិតដ៏វេទនារបស់ខ្លួន បែបនេះថា៖ «អ្នកមានគុណ គឺម្តាយខ្ញុំមុនគេ ព្រោះអស់លោក តែងតែហៅខ្ញុំថា ជាវីរកីឡាការិនី តែពួកគាត់មិនដឹងថា វីរនារីពិតប្រាកដដ៏អស្ចារ្យ នៅក្រោយខ្នងខ្ញុំ គឺម្តាយខ្ញុំ។ ម្តាយខ្ញុំតស៊ូចិញ្ចឹមកូនៗ គាត់ធ្វើជាឪពុកផង ម្តាយផង គាត់លះបង់ញើសឈាមស្រស់ បង្កើតកូនមក ឱ្យកូនឃើញពន្លឺពិភពលោក និងបានឆ្លងកាត់ទុក្ខលំបាកគ្រប់យ៉ាង»។
«កូនអរគុណអ្នកម្តាយខ្លាំងណាស់ ដែលបានបង្កើតកូន នៅក្នុងគ្រួសារដ៏ក្រីក្រមួយនេះ បើសិនកូនមានបានដូចគេ កូនមិនអាចស្គាល់ស្ថានភាពលំបាកក្នុងជីវិតដូចពេលនេះទេ។ ដោយសារគ្រួសារយើងក្រីក្រ ទើបខ្ញុំបានតស៊ូគ្រប់ឧបសគ្គ និងការលំបាក ធ្វើឱ្យខ្ញុំមានឆន្ទៈមុតមាំ និងបង្កើតគោលជំហរខ្លួនឯង ដើម្បីតស៊ូនៅក្នុងឆាកជីវិត។ បើខ្ញុំមិនតស៊ូ គ្មានអ្នកណាជួយខ្ញុំទេ ព្រោះប្អូនខ្ញុំនៅតូចៗ ម្តាយខ្ញុំក៏មេម៉ាយ អ៊ីចឹងភាពក្រីក្រលំបាកធ្វើឱ្យខ្ញុំមានការតស៊ូខ្ពស់ រហូតទទួលបានជោគជ័យដល់ថ្ងៃនេះ ដោយសារការចូលលេងកីឡា»។ វ៉ិត ចន្ថា បានបន្ថែម។

ជាមួយការចាប់យកអាជីព ជាអ្នកកីឡាជនពិការនេះ ក៏បានជំរុញឱ្យ វ៉ិត ចន្ថា ស្គាល់កីឡាករពិការដៃ បុង ហុង ដែលធ្លាប់ឈ្នះបានមេដាយមាស ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០១៥ ផងដែរ ហើយអ្នកទាំង២ បានរៀបការជាប្តីប្រពន្ធ និងបានប្រើប្រាស់ការលេងកីឡា ដើម្បីបង្កើតបានគ្រួសារមួយ ដែលមានជីវភាពរស់នៅបានប្រសើរជាងមុន រហូតមកដល់បច្ចុប្បន្ន។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតប្រជែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករ បុង ហុង មានកម្រិតសមត្ថភាព ហាក់ធ្លាក់ចុះជាងប្រពន្ធរបស់ខ្លួន វ៉ិត ចន្ថា ចំណែកការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកំពុងធ្វើនៅក្នុងប្រទេសកម្ពុជានេះ បុង ហុង ទើបតែដណ្តើមមេដាយសំរឹទ្ធ១ លើវិញ្ញាសាលោតបណ្ដាក់៣តង់ T47 កាលពីថ្ងៃទី៦ ខែមិថុនា ចំណែក វ៉ិត ចន្ថា បានឈ្នះមេដាយមាស ៣ ទាំងលើវិញ្ញាសាលោតចម្ងាយ ការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រ លើកម្រិតពិការភាព T64 (Women’s 200m T64)។
ជាមួយលទ្ធផលឈ្នះមេដាយមាសចំនួន៣នេះ គឺមានន័យថា វ៉ិត ចន្ថា មានសមត្ថភាពកាន់តែខ្ពស់ ដើម្បីបំបែកឯតទគ្គកម្មចាស់ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដោយកាលនោះ ចន្ថា បានឈ្នះមេដាយមាសលើវិញ្ញាសាលោតចម្ងាយ និងរត់ចម្ងាយ៤០០ម៉ែត្រ តែបានឈ្នះមេដាយប្រាក់ លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ ដែលនាង ទើបដណ្តើមបានមេដាយមាស កាលពីថ្ងៃទី៦ ខែមថុនា ជាមួយការប្រើថិរវេលា ៣១.២៧០ វិនាទី។

យ៉ាងណាក៏ដោយ បន្ថែមទៅលើការតស៊ូក្រាញននៀល មិនចុះចាញ់នឹងភាពក្រីក្រ ដើម្បីកសាងគ្រួសារ ដែលមានជីវភាពធូរធារនាពេលនេះ វ៉ិត ចន្ថា បានសម្តែងការដឹងគុណទៅដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន លោក ហ៊ុន ម៉ានី ជាអនុប្រធាន និងលោក យី វាសនា ជាអគ្គលេខាធិការ ដោយពួកគាត់តែងតែជួយទំនុកបម្រុងដល់នាង។
កីឡាការិនីវ៉ិត ចន្ថា ថ្លែងថា៖ «ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ សម្តេចពុក ឯកឧត្តម យី វាសនា និងអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំ ជាជនពិការនេះ ឱ្យមានមុខមាត់ នៅក្នុងសង្គម ដូចថ្ងៃនេះ ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ព្រោះនៅពេលដែលឃើញខ្ញុំបែបនេះ ថ្នាក់ដឹកនាំដ៏អស្ចារ្យម្នាក់នេះ បានចំណាយលុយរាប់ពាន់ដុល្លារទិញជើងសិប្បនិម្មិត ដើម្បីឱ្យខ្ញុំបានចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ»។
កីឡាការិនីពិការជើងស្តាំរូបនេះ បានបញ្ជាក់ថា៖ «បើគ្មានជើងសិប្បនិម្មិតរបស់ឯកឧត្តម ហ៊ុន ម៉ានី ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ លោកពិតជាវីរបុរសដ៏អស្ចារ្យសម្រាប់ខ្ញុំ ជួយខ្ញុំ និងគ្រួសារខ្ញុំ គឺគាត់ជាអ្នកផ្តល់កម្លាំងចិត្ត និងផ្តល់អាវុធដ៏សំខាន់ដល់ខ្ញុំ ឱ្យឆ្ពោះទៅមុខ ដើម្បីទទួលបានជោគជ័យ គឺការដណ្តើមបានមេដាយមាសជូនជាតិ»។

ជាមួយគ្នានេះ វ៉ិត ចន្ថា បានចាត់ទុក ការនិយាយលើកទឹកចិត្តដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពេលនាងទៅទទួលភ្លើងគប់ ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ថា ជាការឱ្យពរជ័យរបស់ព្រះឥន្ទដល់រូបនាង ក្នុងការឈានទៅដណ្តើមបានមេដាយមាស ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជូនប្រទេសជាតិ។
ចន្ថា បានបញ្ជាក់ថា៖ «នៅពេលសម្តេចពុក ផ្តល់ភ្លើងព្រះអគ្គិជ័យកីឡាឱ្យខ្ញុំ លោកបានប្រាប់ខ្ញុំថា ខំប្រឹងឡើងណាកូន! ពាក្យមួយម៉ាត់របស់សម្តេចពុកនេះ ខ្ញុំចាត់ទុកថា ជាព្រះឥន្ទឱ្យពរដល់ខ្ញុំ ដូច្នេះខ្ញុំបានប្រាប់ខ្លួនឯងថា ស្អែកខ្ញុំប្រកួតវិញ្ញាសាលោតចម្ងាយ ហើយព្រះឥន្ទឱ្យពរជ័យដល់ខ្ញុំហើយ អ៊ីចឹងខ្ញុំត្រូវខំប្រឹងយកមេដាយឱ្យបាន។លទ្ធផលចុងក្រោយ ខ្ញុំដណ្តើមយកមេដាយមាសបានមែន គឺខ្ញុំអរគុណសម្តេចពុក ដែលបានឱ្យពរជ័យដ៏ខ្លាំងក្លា ត្រជាក់ត្រជំដូចទឹកអម្រិតដល់កូន»៕