
ការប្រកួតកីឡាបាល់ទះអង្គុយរវាងក្រុមកីឡាការិនីកម្ពុជា និងឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៥ ខែមិថុនា។ រូបថត ហុង មិនា
ភ្នំពេញ៖ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានដាក់ក្តីសង្ឃឹមថា ពួកគេ នឹងអាចយកឈ្នះលើក្រុមឥណ្ឌូនេស៊ី ជាថ្មីម្តងទៀត ដើម្បីឈានទៅកាន់ការប្រកួតដណ្តើមយកមេដាយមាស ជាមួយក្រុមថៃ នៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមកីឡាការិនីបាល់ទះអង្គុយកម្ពុជា ធ្វើមិនបានល្អនោះទេ ដោយពួកគេ បានចាញ់ជាប់ៗគ្នា។
តាមរយៈការប្រកួតវិញ្ញាសាបាល់ទះអង្គុយនេះ ក្រុមកម្ពុជា ដែលត្រូវការពារមេដាយមាសនោះ បានចាប់ផ្តើម ដោយការយកឈ្នះក្រុមហ្វីលីពីន និងមីយ៉ាន់ម៉ា ដោយលទ្ធផល ៣សិតដាច់ (៣-០) ដូចគ្នា ប៉ុន្តែសម្រាប់ការជួបក្រុមជម្រើសជាតិថៃ កាលពីថ្ងៃទី៥ ខែមិថុនា ក្រុមកម្ពុជា បានចាញ់ ដោយលទ្ធផល ៣-១ ជាមួយគ្រាប់បាល់ ២៥-២២, ២១-២៥, ២២-២៥ និង ១៣-២៥។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជម្រុះវិលជុំចុងក្រោយ នៅថ្ងៃទី៦ ខែមិថុនានេះ ក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះក្រុមឥណ្ឌូនេស៊ី ៣-០ ជាមួយគ្រាប់បាល់ ២៥-១៤, ២៥-១០ និង ២៥-១២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុមជម្រើសជាតិថៃ រីឯ ឥណ្ឌូនេស៊ី ឈរនៅលេខ៣ និងមីយ៉ាន់ម៉ា ឈរនៅលេខ៤ ប៉ុន្តែក្រុមហ្វីលីពីន ឈរនៅលេខ៥ក្រោយគេ ដោយចាញ់ទាំង៤ប្រកួត។

ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានដាក់ក្តីសង្ឃឹមថា ពួកគេនឹងអាចយកឈ្នះក្រុមឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត ហុង មិនា
ជាមួយលទ្ធផលនេះ ក្រុមបាល់ទះអង្គុយកម្ពុជា ត្រូវជួបក្រុមឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាថ្មីម្តងទៀត ខណៈក្រុមលេខ១របស់ថៃ ត្រូវប៉ះក្រុមមីយ៉ាន់ម៉ា។ នេះបើតាមការអះអាងរបស់លោក លោក យឹម វណ្ណា គ្រូបង្វឹកក្រុមបាល់ទះអង្គុយកម្ពុជា ហើយលោករំពឹងថា កម្ពុជា នឹងអាចយកឈ្នះ ឥណ្ឌូនេស៊ី ជាថ្មីម្តងទៀត សម្រាប់ការប្រកួត នៅថ្ងៃទី៧ ខែមិថុនា ដើម្បីអាចឡើងទៅជួបក្រុមថៃ នៅវគ្គផ្តាច់ព្រ័ត្រ។
លោកបាននិយាយក្រោយការប្រកួត នៅថ្ងៃទី៦ ខែមិថុនានេះថា៖ «នៅថ្ងៃពុធស្អែកនេះ យើងនឹងប្រកួតជាមួយឥណ្ឌូនេស៊ី ម្តងទៀត ហើយខ្ញុំសង្ឃឹមថា យើងនឹងទទួលបានជោគជ័យ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយថៃ ជាថ្មី»។
យ៉ាងណាក៏ដោយ លោក យឹម វណ្ណា បានបញ្ជាក់ថា៖ «បើទោះបីជាថ្ងៃនេះ ក្រុមឥណ្ឌូនេស៊ី បានចាញ់យើង ប៉ុន្តែការប្រកួត នៅថ្ងៃស្អែក (ថ្ងៃពុធនេះ) យើងត្រូវប្រយ័ត្នជាទីបំផុត ព្រោះក្រុមរបស់គេ អាចនឹងរៀបចំប្រព័ន្ធលេងផ្សេង។ យើងមិនដឹងថា ការចាញ់របស់ឥណ្ឌូនេស៊ី ថ្ងៃនេះ ជាការបន្ធូរដៃ ឬលាក់កម្លាំង សម្រាប់ទុកជើងជួបយើង នៅថ្ងៃស្អែក នោះទេ អ៊ីចឹងយើងមិនអាចធ្វេសប្រហែសបានឡើយ»។

ផ្ទុយពីនេះក្រុមកីឡាការិនីបាល់ទះអង្គុយកម្ពុជា នៅមិនទាន់រកឃើញការឈ្នះនៅឡើយទេ ដោយពួកគេ បានចាញ់ក្រុមឥណ្ឌូនេស៊ី ៣-០ សម្រាប់ការប្រកួតវិលជុំ លើកទី១ រួចបានបន្តចាញ់ក្រុមថៃ ៣-០ ទៀត ហើយពួកគេ នឹងត្រូវជួបក្រុមនារីឥណ្ឌូនេស៊ី និងថៃ សម្រាប់ការប្រកួតវិលជុំលើកទី២ ម្តងទៀត នៅថ្ងៃទី៧ ខែមិថុនានេះ៕