
កីឡាការិនី វុិត ចន្ថា បានរត់កាន់ទង់ជាតិ អបអរជ័យជម្នះរបស់ខ្លួន ដោយនាងដណ្តើមបានមេដាយមាស ៣ ជូនកម្ពុជា ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម។ រូបថត សហការី
ភ្នំពេញ៖ កីឡាការិនីពិការជើងស្តាំ វ៉ិត ចន្ថា បានបំបង្កើតនូវកំណត់ថ្មីមួយទៀត ដែលមិនទាន់មានអត្តពលិកជនពិការកម្ពុជា រូបណាអាចធ្វើបាន គឺការឈ្នះបានមេដាយមាស ៣ តែម្នាក់ឯង នៅក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកំពុងដំណើរការ នៅលើទឹកដីប្រទេសកម្ពុជា។
ការឈ្នះបានមេដាយមាស៣ របស់ វ៉ិត ចន្ថា បានកើតមានឡើង នៅក្នុងការប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីនាង បានឈ្នះមេដាយមាស លើការរត់ប្រណាំងចម្ងាយ២០០ម៉ែត្រ (Women’s 200m T64) គឺបន្ថែមទៅលើការឈ្នះបានមេដាយមាសលើវិញ្ញាសាលោតចម្ងាយ កាលពីថ្ងៃទី៤ និងការរត់ប្រណាំងចម្ងាយ ៤០០ ម៉ែត្រ ប្រភេទ T64 ដូចគ្នា កាលពីថ្ងៃទី៥ ខែមិថុនា។
តាមរយៈលទ្ធផលនេះ បានជួយឱ្យ វ៉ិត ចន្ថា អាចបំបែកឯតទគ្គកម្មចាស់ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដោយកាលនោះ ចន្ថា បានឈ្នះមេដាយមាស លើវិញ្ញាសាលោតចម្ងាយ និងរត់ប្រណាំងចម្ងាយ ៤០០ ម៉ែត្រ T64 រីឯការរត់ប្រណាំង២០០ម៉ែត្រ កីឡាការិនីរបស់កម្ពុជារូបនេះ បានឈ្នះមេដាយប្រាក់។

ជាមួយការឈ្នះបានមេដាយមាសបន្ថែម១ទៀតរបស់កីឡាការិនី វ៉ិត ចន្ថា នេះ បានជួយឱ្យកម្ពុជា ឈ្នះបានមេដាយមាស ៦ ប្រាក់១២ សំរឹទ្ធ២៥ និងបានឡើងមកឈរ នៅលេខរៀងទី៧ លើប្រទេសមីយ៉ាន់ម៉ាវិញ ជាបណ្តោះអាសន្ន គិតត្រឹមព្រឹកម៉ោង៨ ថ្ងៃពុធនេះ៕

