
កីឡាករ គង់ សិលា ដណ្តើមបានមេដាយមាសចំនួន២ទៀត ឱ្យម្ចាស់ផ្ទះកម្ពុជា ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ រូបថត AKP
ភ្នំពេញ៖ កីឡាករពិការជើងទាំង ២ គង់ សិលា អាចដណ្តើមបានមេដាយមាសចំនួន ២ តែម្នាក់ឯង សម្រាប់ការប្រកួតកីឡាលើកទម្ងន់ ហើយការដណ្តើមបានមេដាយមាស២បន្ថែមទៀតនេះ បានជួយឱ្យម្ចាស់ផ្ទះកម្ពុជា ទទួលបានជោគជ័យជាផ្លូវការ សម្រាប់ការដាក់គោលដៅ ដណ្តើមមេដាយមាសឱ្យបានចំនួន៨ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកំពុងដំណើរការ នៅរាជធានីភ្នំពេញ។
សម្រាប់ការប្រកួតលើកទម្ងន់ ដែលធ្វើនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នាព្រឹកថ្ងៃទី ៧ ខែមិថុនានេះ គង់ សិលា បានឈ្នះមេដាយមាស លើវិញ្ញាសាលើកទម្ងន់ធ្ងន់ ១០៧ គីឡូក្រាម ដោយរូបគេលើកបានទម្ងន់ធ្ងន់បំផុតចំនួន ៥៥ គីឡូក្រាម។
បន្ថែមលើនេះ ការប្រកួតទម្ងន់ ១០៧ គីឡូក្រាមនេះ ត្រូវបានគណៈកម្មការ បែងចែក ជាវិញ្ញាសាបូកសរុបលទ្ធផល ១ ទៀត ហើយដោយសារគ្មានដៃគូប្រជែង កីឡាករកម្ពុជា គង់ សិលា បានឈ្នះបានមេដាយមាសបន្ថែម ១ ទៀត តាមរយៈការបូកសរុបលទ្ធផលនៃការលើកទី៣ជុំ គឺជុំដំបូង សិលា លើកបាន ៥០ គីឡូក្រាម ជុំទី២ បាន ៥៣ គីឡូក្រាម និងជុំទី៣ បាន ៥៥ គីឡូក្រាម សរុបបាន ១៥៨ គីឡូក្រាម។

តារាងមេដាយការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា គិតត្រឹមម៉ោង ១២:៣០ ថ្ងៃទី៧ ខែមិថុនានេះ។ រូបថត AKP
ជាមួយការដណ្តើមបានមេដាយមាសចំនួន ២ បន្ថែមទៀតរបស់ គង់ សិលា នេះ បានធ្វើឱ្យចំនួនមេដាយមាស ដែលកម្ពុជាដណ្តើមបានជាបណ្តោះអាសន្នពេលនេះ មានចំនួន៨ហើយ ដោយមេដាយមាស ៦ ទៀត រកបានដោយកីឡាការិនីពិការជើងស្តាំ វ៉ិត ចន្ថា ចំនួន ៣ កីឡាការិនីពិការដៃ ងួត រតនា ចំនួន ១ លើប្រភេទកីឡាអត្តពលកម្មដូចគ្នា និងការឈ្នះមេដាយមាស លើប្រភេទកីឡាបាល់បោះរទេះ លើវិញ្ញាសា ៣ ទល់ ៣ នាក់ របស់ក្រុមកីឡាការិនីកម្ពុជា។
តាមរយៈការឈ្នះបានមេដាយមាស ៨ ប្រាក់ ១៤ និងសំរឹទ្ធ ២៩ ជាបណ្តោះអាសន្ន គិតត្រឹមម៉ោង ១២:៣០ ថ្ងៃពុធនេះ វាមិនត្រឹមតែបានជួយឱ្យកម្ពុជា អាចបំបែកឯតទគ្គកម្មចាស់ ពីការឈ្នះបានមេដាយមាស ៧ ប្រាក់ ១០ សំរឹទ្ធ ១១ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ ២០២២ នៅឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលនេះ ក៏បានជួយឱ្យកម្ពុជា ទទួលបានជោគជ័យ ចំពោះការដាក់គោលដៅ ដណ្តើមយកមេដាយមាសចំនួន ៨ ក្នុងនាមជាម្ចាស់ផ្ទះ លើកនេះផងដែរ ហើយកម្ពុជា នៅមានឱកាសដណ្តើមបានមេដាយបន្ថែមទៀត៕