
ការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា (ខៀវ) ជាមួយក្រុមនារីថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ រូបថត BTV
ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា នៅតែមិនអាចកែប្រែកំណត់ត្រា ក្នុងការយកឈ្នះលើក្រុមនារីថៃ បានដដែល សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ លើវិញ្ញាសា ៥ ទល់ ៥ នាក់ ដោយពួកគេ បានបន្តចាញ់ថៃ ក្នុងទឹកដីខ្លួនឯង ដូចការប្រកួតផ្តាច់ព្រ័ត្រ ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
បើទោះបីជា ក្រុមកីឡាការិនីបាល់បោះរទេះកម្ពុជា បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការយកឈ្នះក្រុមនារីថៃ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃពុធនេះ ដើម្បីឈ្នះបានមេដាយមាស ១ ទៀត បន្ថែមទៅលើការឈ្នះបានមេដាយមាស លើវិញ្ញាសា ៣ ទល់ ៣ នាក់ ប៉ុន្តែពួកគេ មិនអាចធ្វើបាននោះទេ។
តាមរយៈការប្រកួត ដែលទើបបានបញ្ចប់ នៅមុននេះបន្តិច គឺក្រុមនារីបាល់បោះរទេះកម្ពុជា អាចបង្កើតឱកាសបានច្រើន មិនចាញ់ក្រុមថៃ នោះទេ ប៉ុន្តែការបោះបាល់បញ្ចូលកន្រ្ទករបស់កម្ពុជា ធ្វើមិនសូវបានល្អដូចក្រុមថៃឡើយ ដោយពួកគេ បានចាញ់ដោយពិន្ទុ ៦៦-២៦ សម្រាប់ការប្រកួតទាំង៣ដំណាក់កាល។

ជាមួយលទ្ធផលនេះ បានជួយឱ្យក្រុមនារីថៃ នៅតែអាចការពារមេដាយមាសរបស់ពួកគេ បានសម្រេច ចំណែកក្រុមនារីកម្ពុជា បន្តឈ្នះមេដាយប្រាក់ដដែល គឺដូចគ្នាទៅនឹងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី ដែរ ចំណែកក្រុមនារីឡាវ បានមេដាយសំរឹទ្ធ ក្រោយឈ្នះក្រុមនារីហ្វីលីពីន ដោយពិន្ទុ ៥៤-១៤ សម្រាប់ការប្រកួតដណ្តើមយកលេខ៣ នៅថ្ងៃនេះដែរ៕
