ភ្នំពេញៈ​កីឡា​ការិនី​ជម្រើស​ជាតិ ឌិ​ត សំណាង បាន​ក្លាយ​ជា​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា​ដំបូង​គេ​ដែល​អាច​បង្កើត​បាន​កំណត់​ត្រា​ថ្មីដោយការ​ឈ្នះ​បាន​មេដាយ​ប្រាក់ពី​ការប្រ​កួត​កីឡា​ចំបាប់​ឆ្នេរ​ខ្សាច់​ស៊េរី​ពិភព​លោក ​(Beach​ Wrestling World Series) ដែល​បាន​ធ្វើ​ឡើងនៅ​ប្រទេស​សិង្ហ​បុរី​ដោយបាន​នាំ​យក​មេ​ដាយ​នេះ ​មក​ដល់​មាតុ​ប្រទេស កាល​ពី​ថ្ងៃទី​ ១២​ ខែមិថុនា​។​

​តាម​រយៈ​ការ​ប្រកួត​ចំនួន​ ២ ​ថ្ងៃ កាល​ពី​ថ្ងៃទី ១០ និង​ទី​ ១១​ ខែមិថុនា កន្លង​ទៅ ​គឺ​មាន​តែ ឌិ​ត សំណាង ម្នាក់​គត់ ដែល​ទទួល​បាន​ជ័យ​ជម្នះ​ជា​បន្ត​បន្ទាប់​ រហូត​ឈាន​ទៅ​កាន់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រក្នុង​ប្រភេទ​ទម្ងន់​៥០​គីឡូ​ក្រាម។ ចំណែក​មិត្ត​រួម​ជាតិ​របស់​នាង​ចំនួន​៤​នាក់​ទៀត ​រួមមាន​កីឡាករ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ ហេង​ វុទ្ធី ,​ម្ចាស់​មេដាយ​សំរឹទ្ធ ​ឆាំ ពិ​ស៊ិន កីឡា​ការិនី​មេដាយ​ប្រាក់​ស៊ី​ហ្គេម សឿន នឿន និង ឈឿន ឈាង សុទ្ធ​តែ​បាន​ចាញ់ នៅ​ក្នុង​ការ​ប្រកួត ​Beach Wrestling World Series ជា​លើក​ដំបូង​នេះ​។​

​​នៅ​ក្នុង​ការ​ប្រកួត​នេះ ឌិ​ត សំណាង បាន​ទទួល​ជ័យ​ជម្នះ​ជាប់ៗ​គ្នានៅក្នុង​ការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ប្រចាំ​ពូ​ល​C ដោយ​នាង​បាន​យក​ឈ្នះ​កីឡា​ការិនី​កេ​ន​យ៉ា ​Emma Nokosa Wangila រួច​បន្ត​ឈ្នះ​កីឡាកា​រិនី​បារាំង Just​ine Fanny Vigouroux និង​ឈ្នះ​កី​ឡ​ការិនី​អេ​ស្ប៉ា​ញ Cristina An​dujar Ojeda ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល​C​នេះ​។​

​បន្ថែម​ទៅ​លើ​ជ័យ​ជម្នះ ​ក្នុងកា​រ​ប្រកួត​ជម្រុះ​តាម​ពូ​ល​ទាំង​៣​លើក​នេះ ឌិ​ត សំណាង​ បាន​បន្ត​យក​ឈ្នះ​កីឡា​ការិនី​របស់​ចិន​Xiaomin Xie ដោយ​ពិន្ទុ ៣-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ប៉ុន្តែ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​បាន​ធ្វើ​ឡើងក្នុង​ថ្ងៃទី​១១ ​ខែមិថុនា ដោយនៅក្នុងពេល​នោះ ​សំណាង ​បាន​ចាញ់​កីឡាការិ​នី​របស់​រូម៉ា​នី Priceputu ដោយ​ពិន្ទុ ​៣-១ និង​ទទួល​បាន​មេ​ដាយ​ប្រាក់ សម្រាប់​ការ​បង្ហាញ​ខ្លួន ​ក្នុង​ព្រឹត្តិ​ការណ៍ ​Beach Wrestling World Series​ជា​លើក​ដំបូង​នេះ​។​

​ជា​មួយ​ការ​ឈ្នះ​បាន​មេដាយ​ប្រាក់​របស់​ ឌិ​ត សំណាង នេះ លោក ខេ​ស៊ី បា​ណេ​ត អនុប្រ​ធាន​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ​និង​ជា​អ្នក​ឧបត្ថម្ភ​ទាំង​ស្រុង​សម្រាប់​ប្រតិភូ​កីឡា​ចំបាប់​កម្ពុជាក្នុង​បេសក​កម្ម​ប្រកួត​កម្រិត​ពិភព​លោក​នេះ បាន​ថ្លែង​ថា បើ​ទោះ​បីជា​កីឡា​ការិនី​កម្ពុជា ដណ្តើម​បាន​ត្រឹមមេដាយ​ប្រាក់​ក៏​ដោយ ប៉ុន្តែ​យើង​ពិត​ជា​សប្បាយ​រីករាយ​ណាស់ ​ព្រោះនេះ​​ជាការ​ប្រកួត​កម្រិត​ពិភព​លោក ​ដែល​កីឡា​ការិនី​ ឌិ​ត សំណាង បាន​ប្រកួត​ឈ្នះ​កីឡា​ការិនី​កេ​ន​យ៉ា បារាំង អេ​ស្ប៉ា​ញ និង​កីឡា​ការិនី​ចិន មុន​មកចាញ់​កីឡា​ការិនី​រូ​ម៉ា​នី​។​

​លោក​ ខេ​ស៊ី បាន​បញ្ជាក់​ថា​៖ «​ការ​ដណ្តើម​បាន​មេដា​យប្រាក់​របស់ ឌិ​ត សំណាង គឺជា​មោទន​ភាព​ជាតិ ព្រោះ​នេះ​ជា​លើក​ទី​១ ដែល​ក្រុម​ចំបាប់​កម្ពុជា ​បាន​ចូលរួម​ការ​ប្រកួត​កីឡា​ចំបាប់​ឆ្នេរ​ខ្សាច់​ស៊េរី​ពិភព​លោក​នេះ ហើយ​យើង​ឃើញ​ថា ចំបាប់​របស់​យើង មាន​សក្តានុ​ពល​ ព្រោះ​ជា​ធម្មតា​ចំបាប់​បុរាណ​របស់​យើង ក៏​ប្រកួតនៅលើ​ខ្សាច់​ដែរ ​អ៊ីចឹង​សម្រាប់​ការ​ចូល​រួម​ប្រកួត​នៅ​ឆ្នាំ​ក្រោយ ​យើង​សង្ឃឹម​ថា កម្ពុជា​នឹង​ជោគ​ជ័យ​បន្ថែម​ទៀត​»​។​

​ទន្ទឹម​នឹងនេះ ​អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ខេ​ស៊ី បាន​ពន្យល់​ថា ព្រឹត្តិ​ការណ៍ Beach Wre​stling World Series នេះ គឺជា​ការប្រ​កួតប្រ​ជែង​កំណត់​ឱ្យដឹង​ពិន្ទុ​ដើម្បី​ទទួល​បាន​សិទ្ធិ​ឆ្ពោះ​ទៅ​ចូលរួ​ម​ប្រកួត​ជើងឯ​ក​ពិភព​លោក​។ ដូច្នេះ ឌិ​ត សំណាង​ បាន​ទទួល​សិទ្ធិ​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភ​ពលោក​ នៅ​កោះ​បាលី ​ប្រទេស​ឥណ្ឌូ​នេស៊ី នា​ខែ​សីហា ​ឆ្នាំ​២០២៣​ ជាមួ​យនឹង​បេក្ខ​ភាព​កីឡា​ការិនី ​ដូច​នៅក្នុ​ង​ការ​ប្រកួត ​World Serie​s នៅ​សិង្ហ​បុរី​នេះ​ដែរ​។​

​បុរស​ជន​ជាតិ​អាមេ​រិក​ មាន​សញ្ជាតិ​ខ្មែរ លោ​ក ខេ​​ស៊ី បា​ណេ​ត បាន​បញ្ជាក់​ថា​៖ «​ការ​ទទួល​បាន​សិទ្ធិ​ចូលរួម​ការ​ប្រកួត​ជើង​ឯក​ពិភ​ពលោក ​របស់ ឌិ​ត សំណាង នៅ​ខែសីហា ខាង​មុខនេះ​ វា​ជា​លើក​ទី​១ ព្រោះ​កន្លង​មក​កម្ពុជា មិន​ធ្លាប់​មាន​កីឡា​ករ​ កីឡា​ការិនី​ចំបាប់ ​បាន​ចូល​រួម​ប្រកួត​ជើងឯក​ពិភព​លោក​ទេ​ ហើយ​ ឌិ​ត សំណាង មាន​សង្ឃឹម​ច្រើន ដោយ​សារ​គូប្រ​កួត ​ដែល​គាត់​ត្រូវ​ជួប គឺ​យើង​ធ្លាប់បា​ន​ប្រកួត​រួចហើយ ​នៅក្នុង​ការប្រ​កួត ​World Series​លើក​នេះ​»​។​

​ចំណែក​​លោក ​កាង ដែន​ពិសិដ្ឋ ជា​គ្រូប​ង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡា​ចំបាប់​កម្ពុជា ​បានចា​ត់ទុក ​ការ​ឈ្នះ​បាន​មេ​ដាយ​ប្រាក់​របស់ ឌិ​ត សំ​ណាង ថា​ ជាការ​បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​ទៀត សម្រាប់​ក្រុម​ចំបាប់​កម្ពុជា​ បន្ទា​ប់ពី​ពួកគេ​បានរួ​ម​គ្នា​បង្កើត​ប្រវត្តិសា​ស្ត្រ ឈ្នះ​បាន​មេដាយមា​ស​៥ ​ប្រាក់​៤ និង​សំរឹទ្ធ​១១​ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅ​លើ​ទឹកដី​​ខ្លួន​ឯង កាល​ពី​ពេល​ថ្មីៗ​នេះ​។​

​លោក​បាន​ប្រាប់​ថា​៖ «​ក្នុ​ងនា​ម​ខ្ញុំ​ជា​គ្រូបង្វឹក ​ដែល​ដឹកនាំ​កីឡាក​រ កីឡាការិនី​ចំបាប់​ចូលរួម​ប្រកួត​កីឡា​ចំបាប់​ឆ្នេរ​ខ្សាច់​ស៊េរី​ពិភព​លោក​នេះ ពិតជា​មាន​អារ​ម្ម​ណ៍ សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែ​ល​កីឡាកា​រិនី ឌិ​ត សំណា​ង ទទួល​បាន​មេដាយ​ប្រាក់ ហើយ​នេះ​ជា​កំណត់​ត្រា​ថ្មី​មួយទៀ​ត សម្រាប់​ក្រុម​ចំបាប់​កម្ពុជា ហើយ​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក៏​ត្រៀម​បញ្ជូន​កីឡាករ​ កីឡាកា​រិនី​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន នា​ខែ​សីហា ដើ​ម្បី​ត្រៀម​ចូលរួម​ការប្រ​កួត​​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ផង​​»​។​

បើតាមគ្រូបង្វឹ​ក​លោក ​កាង ដែន​ពិសិដ្ឋ​ នៅក្នុង​ឆ្នាំ​២០២៣​នេះ ​ក្រុម​ចំបាប់​កម្ពុជា ​នឹងត្រូ​វ​ចូល​រួម​កា​រប្រកួត​កីឡា​អាស៊ី(Asian Games)នៅ​ប្រទេស​ចិន ការ​ប្រកួត U​23 Asian Championshi​p នៅ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ ព្រម​ទាំង​ការប្រ​កួត ​World Police and Fire Games នៅ​ប្រទេស​កាណា​ដា និង​ការ​ប្រកួត​អន្តរ​ជាតិ​កម្រិតអា​ស៊ាននៅ​ប្រទេស​ថៃ​៕