ភ្នំពេញៈ ក្លិបអ្នកមានទ្រព្យវិសាខា បានសម្រេចចែកផ្លូវជាមួយខ្សែប្រយុទ្ធរបស់ប្រេស៊ីល Macos Vinicius ជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ១ រដូវកាលចំណែកសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) និងក្លិបអង្គរថាយហ្គឺរ បានប្រកាសពីការនាំយកកីឡាករបរទេសចំណូលថ្មី ដើម្បីត្រៀមជួយដល់ក្រុម សម្រាប់ការប្រកួតលីគកំពូលកម្ពុជា នារដូវកាលថ្មីនេះដែរ។
«ពួកយើងទាំងអស់គ្នា សូមអរគុណកីឡាករMacosViniciusចំពោះការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក និងសូមជូនពរ MacosViniciusជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីព នាថ្ងៃអនាគត»។ នេះជាសារ ដែលក្លិបវិសាខា បានប្រកាសពីការចែកផ្លូវជាមួយកីឡាករប្រេស៊ីល MacosViniciusកាលពីថ្ងៃទី១៤ ខែមិថុនា កន្លងមកនេះ។
ម្ចាស់អាវលេខ១៧MacosViniciusបានចុះកិច្ចសន្យាលេងឱ្យក្លិបវិសាខា កាលពីខែធ្នូ ឆ្នាំ២០២១ ហើយការធ្វើដំណើរ មកចាប់អាជីពបាល់ទាត់ នៅលើទឹកដីកម្ពុជា ជាលើកដំបូងនេះMacosVinicius បានបង្ហាញទម្រង់លេងបានយ៉ាងល្អ ហើយក៏តែងរកបានគ្រាប់បាល់ឱ្យក្រុមវិសាខា ផងដែរ ប៉ុន្តែពេលនេះ រូបគេបានបញ្ចប់កិច្ចសន្យាជាមួយក្លិបមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍នេះហើយ។
ដោយឡែកក្រុមអង្គរថាយហ្គឺរ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សម្រាប់ការប្រកួត កាលពីរដូវកាលឆ្នាំ២០២២នោះ បានចុះកិច្ចសន្យាជាមួយកីឡាករបរទេសចំនួន៣នាក់ហើយ សម្រាប់ត្រៀមប្រកួតរដូវកាលថ្មី ឆ្នាំ២០២៣-២០២៤នេះ ក្នុងនោះមានខ្សែប្រយុទ្ធស្លាបរបស់អេស្ប៉ាញ Victor Blasco កីឡាករអង់គ្លេស Trey Williams និងកីឡាករជប៉ុន Shodai Nishikawa។
ចំពោះកីឡាករបរទេសទាំង៣នាក់នេះ ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងVictor Blascoធ្លាប់លេងនៅលីគកំពូលកម្ពុជា រួចហើយ បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ក្នុងជើងទី២ នៃការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២២ដោយអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona រូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ។ ប៉ុន្តែពេលនេះ Victor Blascoកំពុងដាក់ចិត្ត ក្នុងការជួយដល់ក្រុមអង្គរថាយហ្គឺរវិញម្តង។
កីឡាករកម្ពស់ ១,៧៨ម៉ែត្រVictor Blasco បាននិយាយថា៖«ខ្ញុំពិតជារីករាយណាស់ ដែលបានក្លាយជាផ្នែកមួយរបស់ក្លិបអង្គរថាយហ្គឺរ។ ខ្ញុំមានអារម្មណ៍ថា នេះជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ ហើយខ្ញុំគិតថា ក្រុមដែលគ្រូបង្វឹកដាក់បញ្ចូល ពិតជាល្អ ដូច្នេះខ្ញុំនឹងធ្វើការងារឱ្យបានហ្មត់ចត់ គួបផ្សំមានការផ្តល់ជាជំនួយលើកទឹកចិត្តពីអ្នកគាំទ្រ គឺយើងអាចធ្វើបានយ៉ាងល្អ នៅឆ្នាំនេះ។ ពាក្យ៣ម៉ាត់ ដែលខ្ញុំចង់និយាយគឺ ធ្វើការវាយលុក ខំប្រឹង និងមិនធ្វើការបញ្ឈប់»។
ចំណែកកីឡាករTrey Williams និងShodai Nishikawa ជាបេក្ខភាពចំណូលថ្មី ដែលទើបតែមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ប៉ុន្តែអ្នកទាំង២នេះមានបទពិសោធន៍លេងច្រើន នៅក្រៅប្រទេស។ Williams Trey ជាអតីតយុវជនរបស់ Queen Park Rangers នៃក្របខណ្ឌ (English League Championship) ដោយធ្លាប់ប្រកបអាជីពនៅក្លិប New York Cosmo B (National Premier Soccer League) របស់អាមេរិក បន្ទាប់មកគេបានផ្លាស់ប្តូរមកអង់គ្លេសវិញហើយចុងក្រោយក៏ផ្លាស់ទៅលេងនៅក្លិប Campbelltown (NPL South Australia) របស់អូស្រ្តាលី មុនផ្លាស់មកកាន់ ក្លិបអង្គរថាយហ្គឺរ នេះ។
យ៉ាងណាមិញ ខ្សែបម្រើកណ្ដាល Shodai Nishikawa ជាថ្នាលយុវជនរបស់ក្លិប Diablossa Takadaនិង University of Tsukuba ដោយធ្លាប់លេងនៅក្លិបបាល់ទាត់ FK Kom, FK RudarPljevljaនិង OFK Petrovacលីគកំពូលម៉ុងតេណេហ្គ្រោពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ មុនផ្លាស់ទៅចូលរួមជាមួយក្រុម TanjongPagar United FC នៃលីគកំពូលសិង្ហបុរីឆ្នាំ២០២០។
កីឡាករTrey Williams បាននិយាយថា៖«ពេលខ្ញុំមកដល់សៀមរាបដំបូង ខ្ញុំពិតជារំភើបខ្លាំងណាស់។ មនុស្សរស់នៅទីនេះគួរឱ្យស្រឡាញ់ណាស់និងថែមទាំងស្វាគមន៍ហើយវាដូចជាទីក្រុងដ៏ស្រស់ស្អាត ដែលមានអ្វីៗជាច្រើនសម្រាប់ខ្ញុំ។ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការត្រឡប់ទៅក្នុងបរិយាកាសពេញម៉ោងដ៏ល្អមួយដែលខ្ញុំអាចបង្ហាញពីទេពកោសល្យរបស់ខ្ញុំ និងក្លាយជាកីឡាករល្អបំផុតគឺខ្ញុំអាចធ្វើបាន ហើយនៅពេលភ្នាក់ងាររបស់ខ្ញុំបានប្រាប់ខ្ញុំថាអង្គរថាយហ្គឺរ ចាប់អារម្មណ៍ ខ្ញុំពិតជារំភើបណាស់»។
ដោយឡែកក្រុមទ័ព ក៏បានប្រកាសពីការនាំយកកីឡាករជប៉ុន Shori Murata សម្រាប់ត្រៀមការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីនេះផងដែរដោយគេម្នាក់នេះ ជាអតីតយុវជនរបស់Tokyo Gakuen High Schoolនិង Kanto Gakuin University ហើយគេធ្លាប់លេងឱ្យក្រុម HBO Tokyo ឆ្នាំ២០១៦ រួចបន្តលេងឱ្យក្លិបកំពូលឡាវ Lao Toyota ក្លិបនៅម៉ុងហ្គោលីAthletic 220 ក្លិបកំពូលមីយ៉ាន់ម៉ា Yangon United ក្រុមនៅឥណ្ឌូនេស៊ី Persiraja Banda Acehនិងក្រុមលីគកំពូលឡាវ Young Elephants៕