ភ្នំពេញៈ កីឡាករកូនកាត់ខ្មែរ-អុីរ៉ង់ ស៊ូ បាលី បានក្លាយជាអត្តពលិកដំបូងគេ ដែលដណ្តើមបានមេដាយសំរឹទ្ធ ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី អាយុក្រោម២៣ឆ្នាំ (U23) ឱ្យកម្ពុជា ហើយប្រតិភូកីឡាចំបាប់កម្ពុជា ដឹកនាំដោយលោកគ្រូ Komeil Ghasemi និងអ្នកគ្រូ ចូវ សុធារ៉ា នឹងនាំយកមេដាយ ដែលដណ្តើមបានពីការប្រកួត នៅប្រទេសកៀហ្ស៊ីស៊ីស្ថាននេះ មកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែមិថុនា។
សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ U23 Asian Championship នេះ ម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល ស៊ូ បាលី បានយកឈ្នះកីឡាករម្ចាស់ផ្ទះរបស់កៀហ្ស៊ីស៊ីស្ថាន Arslanbek TURDUBEKOV ដោយពិន្ទុ ១០-០ ប៉ុន្តែការឡើងទៅជួបកីឡាករតួកម៉េនីស្ថាន Zyyamuhammet SAPAROV នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ូ បាលី បានចាញ់នៅវិនាទីចុងក្រោយ ជាមួយពិន្ទុ ២-២។
ជាមួយការបរាជ័យដ៏គួរឱ្យសោកស្តាយនេះ ស៊ូ បាលី បានធ្លាក់មកដណ្តើមមេដាយសំរឹទ្ធជាមួយកីឡាកររបស់ម៉ុងហ្គោលី Munkhbayar TSOGTBAYAR ហើយគេបានយកឈ្នះដោយពិន្ទុ ៦-១ ចំណែក Zyyamuhammet SAPAROV បានបន្តយកឈ្នះកីឡាកររបស់កាហ្សាក់ស្ថាន Abylay SOVET ដោយពិន្ទុ ២-២ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានមេដាយមាស លើការប្រកួតចំបាប់សេរីទម្ងន់១២៥គីឡូក្រាមនេះ។
យ៉ាងណាក៏ដោយ ការឈ្នះបានមេដាយសំរឹទ្ធពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំនេះរបស់ ស៊ូ បាលី បានក្លាយជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុមចំបាប់កម្ពុជា។
អ្នកគ្រូ ចូវ សុធារ៉ា បាននិយាយថា៖ «កាឈ្នះបានមេដាយសំរឹទ្ធនេះ ជាលទ្ធផលដ៏ល្អប្រសើរមួយ សម្រាប់ក្រុមចំបាប់កម្ពុជា ព្រោះការចូលរួមប្រកួតកន្លងមក យើងមិនធ្លាប់បានចំណាត់ថ្នាក់ល្អនោះទេ»។
តែទោះបីជាយ៉ាងណា ចំពោះអតីតម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០១២ លោក Komeil Ghasemi ដែលជាគ្រូបង្គោលជាប់កិច្ចសន្យារបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ហាក់មិនទាន់ស្កប់ស្កល់ជាមួយការឈ្នះបានត្រឹមមេដាយសំរឹទ្ធនេះទេ ដោយគ្រូបង្វឹកជនជាតិអុីរ៉ង់រូបនេះ ចង់ឃើញអត្តពលិកចំបាប់កម្ពុជា ជាពិសេសកីឡាករកូនកាត់ខ្មែរ-អុីរ៉ង់ ដណ្តើមបានមេដាយជូនកម្ពុជា នៅក្នុងការប្រកួតកីឡាអាស៊ី (Asian Games) នៅប្រទេសចិន នាថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ តុលា ឆ្នាំ២០២៣។
អតីតម្ចាស់មេដាយមាសស៊ីហ្គេម ចូវ សុធារ៉ា បានបញ្ជាក់ថា៖ «ចំពោះលោកគ្រូអុីរ៉ង់ គាត់មិនចង់បានត្រឹមលទ្ធផល (ការឈ្នះមេដាយសំរឹទ្ធ) នេះទេ គឺទិសដៅរបស់គាត់ ចង់បានអ្វីដែលលើសពីការរំពឹងទុករបស់គាត់ ជាពិសេសការប្រកួតកីឡាអាស៊ី ខាងមុខនេះ ដោយគាត់ចង់ឱ្យកីឡាករកូនកាត់ ដែលចូលមកលេងនេះ ដណ្តើមបានមេដាយឱ្យក្រុមចំបាប់កម្ពុជាយើងផងដែរ»។
គួរបញ្ជាក់ថា សម្រាប់ការប្រកួត U23 Asian Championship នៅប្រទេសកៀហ្ស៊ីស៊ីស្ថាននេះ សហព័ន្ធកីឡាចំបាប់កម្ពុជា ក្រោមការទំនុកបម្រុងរបស់លោក Casey Barnett ជាអនុប្រធាន បានបញ្ជូនអត្តពលិក៤នាក់ (ស្រី២នាក់) និងគ្រូបង្វឹក២នាក់ ទៅចូលរួម ប៉ុន្តែមានតែកីឡាករ ស៊ូ បាលី ម្នាក់ទេ ដែលឈ្នះបានមេដាយសំរឹទ្ធ ចំណែកកីឡាករកូនកាត់ខ្មែរ-អុីរ៉ង់ ម៉ូ សារី និងកីឡាការិនី ជា កញ្ញា ដែលសុទ្ធតែជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រួមទាំងកីឡាការិនី ជឿន ស្រីឡែន បានចាញ់ និងធ្លាក់ចេញពីការប្រកួត ទៅតាមប្រភេទទម្ងន់រៀងៗខ្លួន។
យ៉ាងណាក៏ដោយចំពោះការបញ្ជូនអត្តពលិកចំបាប់កម្ពុជា ទៅចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី ឆ្នាំ២០២៣នេះ លោក Casey Barnett បានថ្លែងថា៖ «ការប្រកួតនេះ ជាជំហានមួយ សម្រាប់យើងក្នុងការត្រៀមខ្លួន ទៅចូលរួមការប្រកួតកីឡាអាស៊ី ដែលនឹងធ្វើឡើងនៅប្រទេសចិន នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៣នេះ»។
បន្ថែមលើនេះ អ្នកគ្រូ ចូវ សុធារ៉ា បានបញ្ជាក់ថា៖ «កីឡាការិនីរបស់យើង នៅមានបទពិសោធន៍តិចតួច សម្រាប់ការចូលរួមប្រកួតធំៗបែបនេះ អ៊ីចឹងលោកអនុប្រធាន Casey បានបញ្ជូនឱ្យពួកគេ មកប្រកួតជើងឯកអាស៊ីនេះ គឺដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតកីឡាអាស៊ី ហើយតាមរយៈការប្រកួតនេះ កីឡាការិនីរបស់យើងទាំង២នាក់ បានប្រឹងប្រែងខ្លាំង និងបានចំណាត់ថ្នាក់ល្អដែរ បើទោះបីជាបានចាញ់ក្នុងព្រឹត្តិការណ៍នេះ»៕