ភ្នំពេញៈ កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០២៣ លន បញ្ញា និង ឡៅ ស៊ីណេត សុទ្ធតែបានផ្តួលអ្នកប្រដាល់បរទេសឱ្យសន្លប់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិដែលត្រូវបានធ្វើឡើងនៅសង្វៀនថោនចំណែកជើងខ្លាំង ម៉ឺន មេឃា បានសរសើរពីភាពធន់របស់អ្នកប្រយុទ្ធជើងចាស់របស់ថៃដែលមិនព្រមសន្លប់ក្រោមកណ្តាប់ដៃរបស់ខ្លួន។
សម្រាប់ការប្រកួតMas Fight ១ទឹកមាន៩នាទីកាលពីថ្ងៃទី១៨ខែមិថុនាកន្លងមកម្ចាស់មេដាយមាសស៊ីហ្គេម២ជំនាន់ផ្នែកកីឡាវ៉ូវីណាមអេវីរៈខាំឈិតភូថងដែលគេស្គាល់ថាជាជើងខ្លាំងប្រដាល់គុនខ្មែរម៉ឺនមេឃានោះ បានវាយសម្រុកទៅលើកីឡាករជើងចាស់របស់ថៃឃុំភេតស.រាំងឆៃយ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំង២នេះបានទទួលការព្រមានពីអាជ្ញាកណ្តាលឃឹមសុជាតិចំពោះការប្រកួតបែបខ្លាចៗគ្នារយៈពេលជាង៣នាទីដំបូង។
ការម៉ាត់ចូលពេញៗ និងបន្ថែមដោយការវាយកែងរបស់ម៉ឺនមេឃាបានធ្វើឱ្យកីឡាករឃុំភេតវង្វេងវង្វាន់រកកល់នឹងសន្លប់នៅក្នុងនាទីទី៤ទៅហើយហើយភ្លាមៗនោះមេឃាបានវាយសង្រ្គប់បន្ថែមកាន់តែខ្លាំងក្នុងគោលបំណងផ្តាច់កីឡាករថៃម្នាក់នេះប៉ុន្តែឃុំភេតនៅតែអាចទប់លំនឹងខ្លួននិងរក្សាស្មារតីវាយបកមកលើម៉ឺនមេឃាវិញមិនព្រមសន្លប់នោះទេ។
ភាពធន់របស់កីឡាករឃុំភេតបានបង្ខំឱ្យម៉ឺនមេឃាបង្ខំចិត្តវាយបកតាមធម្មតាវិញហើយជាមួយគ្នានេះការវាយកែងនិងចូលចាប់បុកជង្គង់របស់ឃុំភេតក៏បានធ្វើឱ្យមេឃាហាក់ធ្លាក់កម្លាំងផងដែរនៅមុនពេលអ្នកទាំង២នេះត្រូវបានអាជ្ញាកណ្តាលលើកដៃឱ្យស្មើគ្នាតាមច្បាប់របស់Mas Fight គឺគ្មានអ្នកសន្លប់ត្រូវកំណត់ឱ្យស្មើគ្នា។
ជាមួយគ្នានេះម៉ឺនមេឃាបាននិយាយសរសើរពីកីឡាករឃុំភេតក្រោយការប្រកួតថា៖«គាត់មានភាពធន់ដែលអាចទប់ជើងនិងដៃរបស់យើងបានព្រោះនៅពេលខ្ញុំវ៉ៃគាត់ឡើងសឺនោះខ្ញុំគិតថានៅពេលខ្ញុំដេញវាយសម្រុកបន្ថែមទៅលើគាត់និងអាចផ្តាច់គាត់ (ផ្តួលឱ្យសន្លប់) បានប៉ុន្តែចំពោះស្ថានភាពជាក់ស្តែងគឺគាត់អាចទប់លំនឹងឬទប់ភាពសឺនេះបានអ៊ីចឹងហើយខ្ញុំក៏បានដកមកវ៉ៃបែបមួយៗជាមួយគាត់វិញ»។
យ៉ាងណាក៏ដោយម៉ឺនមេឃាបានអះអាងថាបើសិនជាការប្រកួតនេះជាលក្ខណៈប្រកួត៥ទឹកមិនមែនបែបMas Fight រូបគេនឹងអាចយកឈ្នះលើកីឡាករថៃឃុំភេតម្នាក់នេះបាន។មេឃាបានបញ្ជាក់ថា៖ «បើវ៉ៃតាមក្បាច់វិញខ្ញុំអាចយកឈ្នះគាត់បានព្រោះតាមរយៈការប្រកួតនេះគាត់បានតែចូលចាប់បុកជង្គង់មួយមុខទេក្រៅពីនោះគាត់មិនបានវ៉ៃចូលខ្ញុំច្រើនឡើយប៉ុន្តែការប្រកួតជាមួយជាកីឡាករជើងចាស់ដូចជាគាត់ធ្វើឱ្យយើងបានទទួលបទពិសោធន៍ច្រើនបន្ថែមទៀត»។
យ៉ាងណាមិញកីឡាករវ័យក្មេងឡៅស៊ីណេតដែលទើបតែឈ្នះបានមេដាយមាសស៊ីហ្គេមលើប្រភេទកីឡាគុនខ្មែរកាលពីពេលថ្មីៗនេះបានបង្ហាញវត្តមានជាថ្មីនៅលើសង្វៀនថោនកាលពីថ្ងៃទី១៨មិថុនានោះដែរហើយតាមរយៈការប្រកួតជាមួយកីឡាករថៃឈ្មោះភេតច្នាសកននោះស៊ីណេតបានវាយកែងនិងបន្ថែមដោយការបុកជង្គង់បណ្តាលឱ្យថៃម្នាក់នេះសន្លប់ធំនៅក្នុងទឹកទី៣។
ជាមួយជ័យជម្នះនេះឡៅស៊ីណេតបាននិយាយថា៖«នេះជាការប្រកួតលើកទី១របស់ខ្ញុំតាំងពីស៊ីហ្គេមបានបញ្ចប់ហើយវាក៏ជាលើកទី៩ដែលខ្ញុំបានផ្តួលកីឡាករបរទេសឱ្យសន្លប់ផងដែរគឺគ្រប់ការប្រកួតអន្តរជាតិខ្ញុំបានវ៉ៃឱ្យដៃគូសន្លប់ទាំងអស់ចំណែកកីឡាករថៃម្នាក់នេះគឺជាលើកទី២ហើយដែលខ្ញុំបានផ្តួលគាត់ឱ្យសន្លប់ខណៈការជួបគ្នាកន្លងមកខ្ញុំបានវ៉ៃគាត់ឱ្យសន្លប់នៅក្នុងទឹកទី៤»។
យ៉ាងណាក៏ដោយក្មួយប្រុសរបស់អ្នកប្រដាល់ត្រកូល«ឡៅ»រូបនេះមិនបានបង្ហាញពីមោទនភាពរបស់ខ្លួនឯងទេ។ស៊ីណេតបានបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍រីករាយមែនទែនដែលបានផ្តួលកីឡាករបរទេសឱ្យសន្លប់ជាប់ៗគ្នាបែបនេះប៉ុន្តែសម្រាប់ខ្ញុំគឺមិនដែលគិតថាខ្លួនឯងល្អម្តងណាទេអ៊ីចឹងហើយខ្ញុំមានតែខំប្រឹងប្រែងហាត់រៀនពង្រឹងគុណភាពកម្លាំងដើម្បីមានបច្ចេកទេសវ៉ៃបន្ថែមទៀត»។
ដោយឡែកម្ចាស់មេដាយមាសស៊ីហ្គេមលនបញ្ញាបានផ្តួលអ្នកប្រដាល់របស់ម៉ារ៉ុកHamzaBahiឱ្យសន្លប់ដោយការទាត់ចូលកញ្ចឹងកនៅពាក់កណ្តាលទឹកទី១សម្រាប់ការប្រកួតនៅសង្វៀនថោននេះដែរកាលពីថ្ងៃទី១៧ខែមិថុនា។ចំណែកកីឡាករអេអាំម៉ារីនភូថងដែលជាប្អូនប្រុសរបស់ម៉ឺនមេឃាបានម៉ាត់កីឡាករថៃឈោកមង្ឃុនឱ្យសន្លប់នៅទឹកទី៣រីឯបងស្រីរបស់គេអេយ៉ានុតបានយកឈ្នះកីឡាការិនីថៃHangyoklekLiangprasertដោយពិន្ទុតែយ៉ានុតក៏មានរបួសបែកនៅលើថ្ងាសហូរឈាមមិនដាច់ផងដែរ៕