ភ្នំពេញៈ ក្លិបបាល់ទះវិសាខា ដែលប្រមូលផ្តុំទៅដោយកីឡាករជម្រើសជាតិ ទើបឈ្នះបានមេដាយប្រាក់ នៅស៊ីហ្គេម ឆ្នាំ ២០២៣ កាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ដើម្បីចូលរួមការប្រកួតពានរង្វាន់ Johor Bahru Mayor’s Cup 2023 នៅទីនោះ ដែលនឹងចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការ ពីថ្ងៃទី ២២ ដល់ទី ២៥ ខែមិថុនា ឆ្នាំ ២០២៣។
សម្រាប់ការប្រកួតពានរង្វាន់មួយនេះ មានក្លិបចំនួន៧បានចូលរួម ដោយបែងចែកជា ២ ពូល ហើយតាមរយៈការចាប់ឆ្នោតរួចហើយនោះ គឺពូល A មាន ក្លិប Win Streak Taiwan ក្លិប Sarawak ក្លិប Visakha Cambodia និងក្លិប Wei Xu Johor SUKMA ចំណែកពូល B មានក្លិប Shah Alam City Council ក្លិប Songkhla Thailand និងក្លិប Way Li Taiwan។
ចំពោះការទៅចូលរួមពាន Johor Bahru Mayor’s Cup របស់ក្រុមវិសាខា នេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា៖ «ខ្ញុំគិតថា ពានមួយនេះ ជាការកែប្រែមុខមាត់ថ្មីមួយទៀត ក្នុងការផ្តល់ឱកាសឱ្យកីឡាកររបស់កម្ពុជាបានប្រកួតប្រជែង ពង្រឹងសមត្ថភាព នៅក្រៅប្រទេស។ ជាក់ស្តែងក្លិបវិសាខា មានជម្រើសជាតិច្រើន នៅទីនោះ អ៊ីចឹងវាជាការបើកឱកាសដុសខាត់សមត្ថភាពរបស់ពួកគាត់ ទៅតាមផែនការមេរបស់សហព័ន្ធ ក្នុងការអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា»។
ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បានអះអាងថា វិសាខា មានការតាំងចិត្ត ដណ្តើមយកពានមួយនេះ ប៉ុន្តែការប្រកួត អាចនឹងតានតឹងខ្លាំង ព្រោះត្រូវប្រឈមសុទ្ធតែជាមួយក្រុមខ្លាំងៗ ជាពិសេសសម្រាប់ការប្រកួតបើកឆាក នៅថ្ងៃទី ២២ ខែមិថុនា ក្រុមវិសាខារបស់កម្ពុជា ត្រូវប្រកួត២លើក គឺប៉ះក្រុម Wei Xu Johor SUKMA នៅព្រឹកម៉ោង ១០ និងជួបក្រុម Win Streak នៅម៉ោង ៨ យប់ ហើយប្រកួតជម្រុះចុងក្រោយជាមួយក្រុម Sarawak ត្រូវធ្វើនៅល្ងាចម៉ោង ៦ ថ្ងៃទី ២៣ មិថុនា។
ប្រធានប្រតិភូដឹកនាំការចេញទៅប្រកួត លោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «វាជាការពិតណាស់ នៅពេលយើងចេញទៅប្រកួត គឺយើងបានដាក់ចិត្តដាក់កាយ ក្នុងការដណ្តើមយកលេខ១ហើយ គឺមិនមានក្លិបណា ចង់ទៅប្រកួត ដើម្បីត្រឹមតែបានប្រកួតនោះទេ។ ជាក់ស្តែងក្លិបវិសាខា គាត់បានប្តេជ្ញាចិត្តហើយថា ទៅប្រកួតយកពាន មិនមែនទៅដកស្រង់បទពិសោធន៍ទេ»។
«យ៉ាងណាក៏ដោយ តាមរយៈលទ្ធផលនៃការបែងចែកពូល គឺក្លិបវិសាខា ១ ថ្ងៃ ត្រូវលេងដល់ទៅ ២ ប្រកួត អ៊ីចឹងប្រហែលគាត់ត្រូវធ្វើការងារនេះធ្ងន់បន្តិចហើយ ដោយសារការប្រកួតនេះ មានរយៈពេលខ្លី ដូច្នេះអ្នករៀបចំការប្រកួត បានសម្រួចការប្រកួតទៅតាមហ្នឹង ដើម្បីឱ្យចប់ទៅតាមកម្មវិធី ដែលធ្វើឱ្យពូលរបស់ក្លិបវិសាខា គឺ ១ ក្រុមៗ ត្រូវប្រកួត ២ លើក ក្នុង ១ ថ្ងៃដូចគ្នា»។ លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់បន្ថែម។
កីឡាករសំខាន់ៗ ដែលបានជួយឱ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយប្រាក់ ជាប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ កាលពីពេលថ្មីៗនេះ រួមមាន សួន ចាន់ណារ៉ូ កីឡាករ ពិន សារុន, វឿន វាសនា, គួន ម៉ុម, ផុល រតនៈ, មួន និមល, ខឹម សុវណ្ណដារ៉ា, សឿន ហេង និង ឌិន ស៊ីដែន សុទ្ធតែបានរួមដំណើរជាមួយក្រុមវិសាខា ទៅប្រកួតពានមួយនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីល លោក Beerto Friol Barrios និងគ្រូបង្វឹកជំនួយលោក គាំ ស៊ាងហ៊ីន លោក នៅ សាម៉េត លោក ហុង វណ្ណឆៃ និងគ្រូពេទ្យ ២ នាក់ទៀត។
បន្ថែមលើនេះ វិសាខា ក៏បាននាំយកកីឡាករប្រេស៊ីល Lester Sanchez, Raciel Herrera និង Liosbel Lgesias ទៅចូលរួមការប្រកួតពានរង្វាន់ Johor Bahru Mayor’s Cup 2023 នេះផងដែរ។ អ្នកទាំង៣នេះ ជាកីឡាករបរទេស ដែលក្លិបវិសាខា ទើបតែបានចុះកិច្ចសន្យាយកមកជួយដល់ក្រុម សម្រាប់ត្រៀមការប្រកួតលីគបាល់ទះកម្ពុជា ដែលនឹងត្រូវបង្កើតឱ្យមានឡើងជាលើកដំបូង នៅចុងឆ្នាំ ២០២៣ នេះ ដោយបើកឱ្យក្លិបក្នុងស្រុកនានា អាចនាំយកកីឡាករបរទេសមកចូលរួមដែរ។
ទាក់ទងទៅដល់កម្រិតលេងរបស់កីឡាករប្រេស៊ីលទាំង ៣ នាក់នេះ លោក អាំង សិរីពិសិដ្ឋ បាននិយាយថា៖ «ចំពោះកីឡាករបរទេស ដែលបានចូលរួមជាមួយវិសាខា ខ្ញុំជឿជាក់ថា គាត់មានគុណផលល្អ ប៉ុន្តែការលេងជាមួយកីឡាករខ្មែរ នៅក្នុងក្រុម ប្រហែលជាមិនទាន់មានភាពស៊ីចង្វាក់គ្នា ១០០ ភាគរយនៅឡើយទេ ដោយសារតែពួកគាត់ ទើបបានមកប្រមូលផ្តុំ ក្នុងរយៈពេលខ្លីដែរទេ»។
យ៉ាងណាក៏ដោយ លោក សិរីពិសិដ្ឋ បានបន្ថែមថា៖ «បើយើងចង់អភិវឌ្ឍកម្រិតសមត្ថភាពកីឡាករក្នុងស្រុកឱ្យកាន់តែខ្ពស់ ទាល់តែយើងមានល្បាយជាមួយកីឡាករបរទេសឱ្យបានច្រើន អ៊ីចឹងហើយទើបខ្ញុំបានអំពាវនាវឱ្យបណ្តាក្លិបក្នុងប្រទេសកម្ពុជា ដែលមានលទ្ធភាព គួរតែស្វះស្វែងរកកីឡាករបរទេស ដើម្បីជួយដល់ក្លិបឱ្យកាន់តែខ្លាំង ព្រោះថា នៅចុងឆ្នាំនេះ យើងនឹងបង្កើតឱ្យមានលីគបាល់ទះ ដោយយើងអនុញ្ញាតឱ្យកីឡាករបរទេស លេងនៅក្នុងចំណោមក្លិបរបស់កម្ពុជាយើងដែរ»៕