
ក្រុមអត្តពលិកចំបាប់កម្ពុជា និងគ្រូបង្វឹក ដែលបានទៅចូលរួមការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ។ រូបថត សហការី
ភ្នំពេញ៖ កីឡាករ កីឡាការិនីចំបាប់កម្ពុជា ទាំងក្រុមអាយុក្រោម ១៧ ឆ្នាំ និងអាយុក្រោម ២០ ឆ្នាំ នឹងចាប់ផ្តើមប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ នៅប្រទេសថៃ ថ្ងៃពុធនេះ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែរឹងមាំ សម្រាប់ត្រៀមការប្រកួតធំៗ នៅលើឆាកអន្តរជាតិ ជាបន្តទៀត។
សម្រាប់ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ដែលធ្វើនៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នាខេត្ត Phetchabun នេះ គឺមានការប្រកួតទាំងក្រុមអាយុក្រោម១៣ឆ្នាំ ក្រោម ១៥ ឆ្នាំ ក្រោម ១៧ ឆ្នាំ និងអាយុក្រោម ២០ ឆ្នាំ ទាំងលើចំបាប់ឆ្នេរខ្សាច់ និងចំបាប់លើកម្រាល។
ប៉ុន្តែសម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនតែក្រុមអាយុក្រោម ១៧ ឆ្នាំ និងអាយុក្រោម ២ ០ឆ្នាំចូលរួមទេ ដោយមានកីឡាករ២នាក់ និងកីឡាការិនី៧នាក់ ដោយប្រកួតចំបាប់លើកម្រាលដូចគ្នា ហើយក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក កាង ដែនពិសិដ្ឋ និងគ្រូជំនួយ លោក នុត សុផុល គឺក្រុមប្រតិភូកីឡាចំបាប់កម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែមិថុនា។
យ៉ាងណាមិញ ក្រុមចំបាប់អាយុក្រោម ១៧ ឆ្នាំរបស់កម្ពុជា រួមមានកីឡាការិនី ស៊ីម សុធឺន ទម្ងន់ ៤៩ គីឡូក្រាម នក់ ស៊ីណាន់ ទម្ងន់ ៥៧ គីឡូក្រាម ផាត សុម៉ាលី ទម្ងន់ ៥៣ គីឡូក្រាម កីឡាការិនីទម្ងន់ ៤៩ គីឡូក្រាម ចាន់ សុផានុត និងកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥ គីឡូក្រាម នឹងចាប់ផ្តើមប្រកួតប្រជែង នៅថ្ងៃពុធនេះ។

ក្រុមកីឡាករ និងកីឡាការិនីចំបាប់កម្ពុជា អាយុក្រោម១៧ឆ្នាំ ដែលត្រូវធ្វើការប្រកួត នៅថ្ងៃពុធនេះ។ រូបថត សហការី
ចំណែកក្រុមអត្តពលិកអាយុក្រោម ២០ ឆ្នាំ រួមមានកីឡាករទម្ងន់ ៧៩ គីឡូក្រាម អុល សៅហេង កីឡាការិនី ស៊ីម គាថា ទម្ងន់ ៥០ គីឡូក្រាម សម្បត្តិ វណ្ណៈ ទម្ងន់ ៥៧ គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន ទម្ងន់៦២គីឡូក្រាម នឹងត្រូវធ្វើការប្រកួតជាបន្ត នៅថ្ងៃបន្ទាប់ ខណៈព្រឹត្តិការណ៍នេះ មានអត្តពលិកចូលរួមប្រមាណ ៣០០ នាក់ ដែលសុទ្ធសឹងតែជាអ្នកចំបាប់មកពីតាមក្លិបផ្សេងៗ នៅក្នុងប្រទេសថៃ។
បើទោះបីជាការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃនេះ មិនមានប្រទេសផ្សេងៗបានបញ្ចូលក្រុមអត្តពលិកមកចូលរួម ក្រៅតែពីកម្ពុជា ប៉ុន្តែលោក កាង ដែនពិសិដ្ឋ បានមើលឃើញថា ការប្រកួតនឹងមានភាពស្វិតស្វាញ ដែលនឹងផ្តល់ផលចំណេញដល់ក្រុមចំបាប់កម្ពុជា ជាពិសេសក្រោមអាយុក្រោម១៧ឆ្នាំ ដោយពួកគេត្រូវការបទពិសោធន៍ប្រកួត នៅក្រៅប្រទេសបែបនេះ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែមុះមុត សម្រាប់ឈានទៅកាន់ការប្រកួតធំៗ នៅលើឆាកអន្តរជាតិ នាពេលអនាគត។
គ្រូបង្វឹករូបនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការប្រកួតនេះ នឹងផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនីថ្នាលរបស់យើង បានប្រកួតដកស្រង់បទពិសោធន៍ ព្រោះបើសិនជាពួកគាត់ អត់មានការប្រកួត នៅក្រៅប្រទេសទេ ពួកគាត់នៅតែមានអារម្មណ៍ភ័យ ដូច្នេះការផ្តល់ឱកាសឱ្យពួកគាត់ បានប្រកួតច្រើន នៅក្រៅប្រទេស វាជារឿងដ៏សំខាន់បំផុត ដែលនឹងជួយឱ្យពួកគាត់មានភាពម្ចាស់ការ និងស្មារតីប្រយុទ្ធ កាន់តែមុតមាំ សម្រាប់ការឈានទៅកាន់ការប្រកួតព្រឹត្តិការណ៍ធំៗ ជាបន្តទៀត នៅលើឆាកអន្តរជាតិ»៕