ភ្នំពេញៈ ក្លិបប្រដាល់គុនខ្មែរអេភូថង របស់លោកគ្រូ អេ ភូថង ត្រូវបានផ្ទេរទៅរួមរស់ជាមួយក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា របស់លោក ឡេង ណាវ៉ាត្រា ជាផ្លូវការហើយ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានសម្រេចចូលខ្លួនមកជួយឧបត្ថម្ភ ដើម្បីសម្រួលដល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្តីប្រពន្ធ អេ ភូថង ដែលកំពុងជួបប្រទះ រហូតដាច់ចិត្តប្រកាសលក់ក្លិប ជាជម្រកឆ្នាំងបាយដ៏ធំរបស់ខ្លួននោះ។
លោកគ្រូ អេ ភូថង និងភរិយាអ្នកស្រី សាំង សុម៉ាលី ព្រមទាំងសិស្សគណនៅក្នុងក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានបំពេញឯកសារមួយចំនួនរួចរាល់ហើយ ដែលត្រូវបានធ្វើឡើង នៅក្នុងជំនួបមួយ កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនា ក្រោមវត្តមានចូលរួមផ្ទាល់របស់លោក ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា។
បន្ទាប់ពីជំនួប នៅទីស្នាក់ការរបស់ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រាផ្ទាល់នោះ លោក ឡេង ណាវ៉ាត្រា បានបង្ហោះសារបែបនេះថា៖ «បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោកគ្រូ ហើយបច្ចុប្បន្នលោកគ្រូ មានជំងឺផង លំបាកនិងខ្វះលទ្ធភាពផង រហូតគាត់បានប្រកាសលក់ក្លិបកាលពីថ្មីៗនេះ អ៊ីចឹងក្រុមការងារ ថ្នាក់ដឹកនាំ Galaxy សម្រេចមិនឱ្យគាត់លក់ក្លិបនោះទេ គឺ Galaxy ទទួលការផ្ទេរក្លិបប្រដាល់គុនខ្មែររបស់លោកគ្រូ អេ ភូថង មករួមរស់ជាមួយគ្នា ដើម្បីបង្កើតកម្មវិធីប្រដាល់ និងស្វែងរក Sponsor ដើម្បីចិញ្ចឹមជីវភាពរបស់ក្លិបគុនខ្មែរ»។
ជាមួយការចូលរួមឧបត្ថម្ភ ដោយយកក្លិបប្រដាល់គុនខ្មែរអេភូថង ទៅច្រកក្រោមក្រុមហ៊ុន Galaxy Navatra នេះ លោក ឡេង ណាវ៉ាត្រា នៅតែរក្សាអត្តសញ្ញាណកេរ្តិ៍ឈ្មោះរបស់លោកគ្រូ អេ ភូថង នៅដដែល ដោយលោកគ្រាន់តែច្របាច់បញ្ចូលឈ្មោះក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា និងឈ្មោះលោកអេ ភូថង ដើម្បីបង្កើតទៅជាក្លិបថ្មីមានឈ្មោះថា «ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងក្លិប»។
សម្រាប់ការចូលខ្លួន មករួមចំណែកជួយដល់ប្តីប្រពន្ធ អេ ភូថង នេះ លោក ឡេង ណាវ៉ាត្រា ក៏បានប្រកាសទទួលយកអ្នកហាត់គុន ឱ្យចូលរួមហ្វឹកហាត់ នៅក្នុងក្លិបថ្មីនេះផងដែរ ដោយលោកបានធានារ៉ាប់រងទៅលើការចំណាយគ្រប់បែបយ៉ាង ព្រមទាំងជួយរកអ្នកឧបត្ថម្ភ មកទ្រទ្រង់ដល់ក្លិបនេះផងដែរ ដើម្បីរួមចំណែកលើកស្ទូយក្បាច់គុនប្រដាល់បុរាណខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញបន្ថែមមួយកម្រិតទៀត។
លោក ឡេង ណាវ៉ាត្រា បានបន្ថែមថា៖ «សូមជូនដំណឹងទៅដល់សិស្សទាំងអស់ ដែលចង់ក្លាយជាអ្នកប្រដាល់ និងមានបំណងចង់រៀន គឺខ្ញុំផ្ដល់អាហារូបករណ៍ជូន ដោយមិនបាច់បង់ថ្លៃហាត់ និងផ្ដល់កន្លែងស្នាក់នៅហូបចុក មួយចប់ ប៉ុន្តែត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទើបលោកគ្រូ អេ ភូថង ទទួល ហើយសូមជម្រាបជូនក្រុមហ៊ុន ដែលមានបំណងផ្សព្វផ្សាយផលិតផល តាមកម្មវិធីប្រដាល់ អាចទាក់ទងមកបានមុន និងមានលក្ខខណ្ឌពិសេសបំផុតជូន ដើម្បីក្លិបបានចំណូលចិញ្ចឹមជីវភាព ប្រដាល់គុនខ្មែរយើង»។
ចំណែកលោក អេ ភូថង ហាក់មិនទាន់ចង់ទម្លាយពីរឿងរ៉ាវលម្អិត ចំពោះកិច្ចសន្យា សម្រាប់ការផ្ទេរក្លិបទៅរួមរស់ជាមួយក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រានេះ នៅឡើយទេ ប៉ុន្តែលោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ថា ក្លិបរបស់លោក ពិតជាត្រូវបានប្តូរឈ្មោះទៅជា «ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងក្លិប» ពិតប្រាកដមែន ចំណែកព័ត៌មានលម្អិតចំពោះការផ្ទេរក្លិបនេះ លោកសុំប្រាប់នៅពេលក្រោយ។
យ៉ាងណាក៏ដោយ សម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់នៅកម្ពុជា ភាគច្រើន បានសម្តែងការត្រេកអរចំពោះប្តីប្រពន្ធអេភូថង ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនក្នុងស្រុកមួយនេះ ដើម្បីពង្រីកវិសាលភាពការបណ្តុះបណ្តាលសិស្សគណឱ្យបានកាន់តែច្រើនថែមទៀត ព្រោះលោក អេ ភូថង និងគ្រូជំនួយនៅក្នុងក្លិបរបស់លោក ត្រូវបានគេទទួលស្គាល់ថា សុទ្ធតែអ្នកមានគុណវុឌ្ឍិ ក្នុងការបង្ហាត់សិស្ស ហើយក្លិបប្រដាល់គុនខ្មែរអេភូថង ផ្ទាល់ ក៏មានកីឡាករ កីឡាការិនីឆ្នើមៗជាច្រើនផងដែរ។
បន្ថែមលើនេះ ការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា ក៏អាចនឹងជួយឱ្យប្តីប្រពន្ធអេភូថង លែងរងសម្ពាធពីអ្នកមានអំណាច និងមានទ្រព្យ ធ្វើបាបទៀតនោះដែរ ព្រោះកាលពីពេលថ្មីៗនេះ កីឡាករដ៏ឆ្នើម ធឿន ធារ៉ា ត្រូវបានអ្នកមានអំណាច និងមានទ្រព្យ ផ្សំគំនិតគ្នា ចុះហត្ថលេខាតាមផ្លូវកាត់ ដើម្បីយកកីឡាកររូបនេះ ទៅកាន់ក្លិបថ្មីមួយ ប៉ុន្តែបន្ទាប់ពីលោក អេ ភូថង និងប្រពន្ធ ដែលជាគ្រូបង្វឹក បានប្រតិកម្មខ្លាំង ទៅលើរឿងនេះ ទើបធ្វើឱ្យផែនការយកកីឡាករតាមផ្លូវកាត់ ដោយមិនឆ្លងកាត់គ្រូបង្វឹកនេះ ត្រូវរាំងស្ទះ ហើយពេលនេះ ធឿន ធារ៉ា បានវិលមកហ្វឹកហាត់ជាមួយប្តីប្រពន្ធអេ ភូថង វិញហើយ៕