លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានស្នើឱ្យគណៈគ្រប់គ្រងសហព័ន្ធ ស្វែងរកយុទ្ធសាស្ត្រ ថ្មីៗបន្ថែម ក្នុងការបង្វឹកកីឡាករ កីឡាការិនី ទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជារៀបចំឡើងវិញនូវសម្ភារបរិក្ខារក្នុងការហ្វឹកហាត់ ឱ្យកាន់តែសម្បូរបែប និងមានប្រសិទ្ធភាព។ ជាពិសេសគឺត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ខាងមុខ។
ការស្នើ និងជំរុញនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីហែលទឹក នៅថ្ងៃទី ៣០ខែមិថុនានេះ ក្រោយជោគជ័យក្នុងការប្រកួតស៊ីហ្គេម២០២៣ និងទទួលអនុសាសន៍ យុទ្ធសាស្ត្រថ្មីៗ ពីថ្នាក់ដឹកនាំសម្រាប់ការប្រកួតនៅពេលខាងមុខ។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណជូនចំពោះ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ នៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានចំណាយអស់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបង្វឹក ហ្វឹកហាត់ រៀបចំ និងសម្របសម្រួលលើគ្រប់ផ្នែក នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ រហូតសម្រេចបានលទ្ធផលជោគជ័យគាប់ប្រសើរ។ ក្នុងនោះទទួលបាននូវមេដាយសរុបចំនួន ៧គ្រឿង រួមមាន មាស ២គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿង។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញនូវមោទនភាពចំពោះកីឡាករ កីឡាការិនីគ្រប់រូប មិនថាអ្នកដែលទទួលបានមេដាយ ឬមិនបានមេដាយក៏ដោយ ខណៈលោកបានមើលឃើញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់ របស់កីឡាករ កីឡាការិនីគ្រប់ៗរូប ដើម្បីលើកមុខមាត់ជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។
លោកថា៖«ក្នុងនាមប្រធានសហព័ន្ធ សូមផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តនូវស្មារតីប្រឹងប្រែងដើម្បីជាតិបែបនេះទៀត និងត្រូវប្រឹងប្រែងហ្វឹកហាត់ ដើម្បីលទ្ធផលកាន់តែល្អប្រសើរ សម្រាប់ការប្រកួតនៅពេលបន្តបន្ទាប់"។
ជាមួយគ្នានេះដែរ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានលើកឡើងជាសំណូមពរមួយចំនួន ដើម្បីគោរពស្នើសុំគោលការណ៍ពីលោក ស៊ុន ចាន់ថុល រួមមាន (១)ពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែមសម្រាប់ការប្រកួតប្រចាំសហព័ន្ធ អាចប្រព្រឹត្តទៅតាមកាលបរិច្ឆេទ (២)ពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែម ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ទាំងរយៈពេលវែង និងខ្លី (៣)ពិនិត្យលទ្ធភាពក្នុងការផ្តល់នូវការឧបត្ថម្ភគាំទ្រនូវសម្ភារបច្ចេកទេសបន្ថែម សម្រាប់ការហ្វឹកហាត់។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានស្នើឱ្យគណៈគ្រប់គ្រងសហព័ន្ធ ស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែម ក្នុងការបង្វឹកកីឡាករ កីឡាការិនី ទាំងនៅក្នុង និងក្រៅប្រទេស ក៏ដូចជារៀបចំឡើងវិញនូវសម្ភារបរិក្ខារក្នុងការហ្វឹកហាត់ ឱ្យកាន់តែសម្បូរបែប និងមានប្រសិទ្ធភាព។
មួយវិញទៀត លោកបានផ្តល់អនុសាសន៍ដល់សហព័ន្ធ ពិនិត្យលទ្ធភាពក្នុងការបង្កើតក្រុមកីឡាបាល់ទឹកនារី (Female Water Polo Team) ដែលសព្វថ្ងៃនៅក្នុងតំបន់មានតែ ៤ក្រុម ប៉ុណ្ណោះ ដែលនេះគឺជាកាលានុវត្តភាព។ បន្ថែមពីនេះ លោកបានស្នើឱ្យសហព័ន្ធគិតគូរបន្ថែមលើ ក្រុមកីឡាករហែលទឹក ដែលមានពិការភាព (Para Swimmer) ធ្វើយ៉ាងណាឱ្យពួកគាត់មានកន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់ ត្រឹមត្រូវតាមបទដ្ឋានអាហារូបត្ថម្ភ។
ដើម្បីជាការលើកទឹកចិត្តចំពោះ សមាជិក សមាជិកា សហព័ន្ធគ្រប់រូប ដើម្បីបន្តបេសកកម្មទៅមុខទៀត លោក ស៊ុន ចាន់ថុល ប្រធានសព័ន្ធ អ្នកឧកញ៉ា អនុប្រធានសហព័ន្ធ បានសម្រេចផ្តល់នូវថវិកាឧបត្ថម្ភជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួនជិត ៨ម៉ឺនដុល្លារ៕