ភ្នំពេញៈ កីឡាករនីហ្សេរីយ៉ា Munonye Emmanuel Onyedikachi ដែលមានឈ្មោះខ្មែរថា ម៉ានូ សិល្បៈ (Manu) នៅតែអាចរក្សាបានភាពខ្លាំងសម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា បន្ទាប់ពីរូបគេបានម៉ាត់កីឡាករថៃ Chhokkeu Liengbraset បណ្តាលឱ្យសន្លប់នៅលើសង្វៀនថោន ចំណែកជើងខ្លាំង ព្រំ សំណាង ក៏បានបុកជង្គង់បណ្តាលឱ្យអ្នកប្រដាល់ចំណូលថ្មីមកពីប្រទេសនូវែលសេឡង់ ដួលដេកនៅលើសង្វៀននេះដូចគ្នា។
ជាអ្នកប្រដាល់បរទេសដែលទើបទទួលបានសញ្ជាតិខ្មែរជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ ២០២៣ ម៉ានូ សិល្បៈ បានដាក់ចិត្តកាន់តែខ្លាំងសម្រាប់ការប្រកួតតំណាងឱ្យកម្ពុជាដោយពេញសិទ្ធិ ហើយពាក្យប្រចាំត្រកូល ដែលរូបគេតែងតែស្រែកមុនការប្រកួតចាប់ផ្តើមគឺ «អាណាខ្លាំងចូលមក»។
បើទោះបីជាពាក្យសម្តីនេះ ហាក់បង្ហាញពីភាពអំនួតបន្តិចចំពោះ ម៉ានូ សិល្បៈ ប៉ុន្តែកីឡាករនីហ្សេរីយ៉ា ដែលបានមករស់នៅនិងហ្វឹកហាត់ប្រដាល់នៅកម្ពុជាអស់រយៈពេលជាង ១០ ឆ្នាំរូបនេះ ចង់បង្ហាញឱ្យអ្នកគាំទ្រមើលឃើញថា រូបគេពិតជាមានការតាំងចិត្តដ៏មោះមុត សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ហើយមហិច្ឆតាធំរបស់គេ គឺការផ្តួលគូប្រកួតឱ្យសន្លប់ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
យ៉ាងណាមិញ សម្រាប់ការប្រកួតជាមួយកីឡាករថៃ Chhokkeu Liengbraset នៅលើសង្វៀនថោន កាលពីថ្ងៃទី១ ខែកក្កដាម៉ានូ សិល្បៈ បានទទួលរងការទាត់ និងម៉ាត់ចូលធ្ងន់ៗពីកីឡាករជើងចាស់របស់ថៃម្នាក់នេះ នៅពេលដែលរូបគេបានព្យាយាមចូលម៉ាត់កណ្តាប់ដៃ ហើយ ម៉ានូ ក៏ត្រូវបាន Chhokkeu ទាត់ចូលកញ្ចឹងកផងដែរ ប៉ុន្តែរូបគេ មិនបានបង្ហាញភាពទន់ជ្រាយទេ។
ផ្ទុយទៅវិញ ម៉ានូ កាន់តែបង្កើនការវាយលុកទៅលើថៃ ChhokkeuLiengbrasetជាមួយការវាយ និងទាត់សងធ្ងន់ៗរបស់គេ ហើយនៅដើមទឹកទី២ កណ្តាប់ដៃស្តាំរបស់ ម៉ានូ បានម៉ាត់ចូលថ្គាមរបស់ថៃ បណ្តាលឱ្យដៃគូម្នាក់នេះដួលដេកសន្លប់ធំតែម្តង។ ជ័យជម្នះនេះ បានកើតមានឡើង ស្របទៅតាមការតាំងចិត្តរបស់ ម៉ានូ ដោយរូបគេបាននិយាយមុនការប្រកួតថា រូបគេសុំផ្តាច់ថៃម្នាក់នេះ ត្រឹមទឹកទី២ហើយ។
ជាមួយការផ្តួលកីឡាករថៃ ChhokkeuLiengbrasetឱ្យសន្លប់នេះ បានជួយឱ្យអ្នកប្រដាល់ទម្ងន់៨៥គីឡូក្រាម ម៉ានូ នៅតែអាចរក្សាកំណត់ត្រាឈ្នះជាប់ៗគ្នា ខណៈការប្រកួតនៅលើសង្វៀន PNN បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរកាលពីថ្ងៃទី៥ មិថុនា ម៉ានូ បានម៉ាត់ឆ្វេងចូលមុខបណ្តាលឱ្យកីឡាករតួកគីឈ្មោះ មេឌី អៃវ៉ាហ្ស៊ី សន្លប់នៅត្រឹមទឹកទី២ដូចគ្នា។
ដោយឡែកម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ព្រំ សំណាង ក៏បានរក្សាភាពខ្លាំងរបស់ខ្លួនផងដែរ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ជាមួយអ្នកប្រដាល់មកពីប្រទេសនូវែលសេឡង់ Daniel Jameនៅលើសង្វៀនថោននេះដែរ កាលពីថ្ងៃទី២ ខែកក្កដា ដោយរូបគេបានបុកជង្គង់ឱ្យដៃគូម្នាក់នេះ សន្លប់នៅទឹកទី៣។
បើទោះបីជាDaniel Jameមានកម្លាំងស៊ុហ្វខ្លាំង និងវាយចេញបានធ្ងន់ៗ ប៉ុន្តែ ព្រំ ណាង នៅតែប្រកាន់ជំហរ ចូលចាប់បុកជង្គង់។ នៅចុងទឹកទី១ ការបុកជង្គង់ចូលពេញៗរបស់ ព្រំ សំណាង ស្ទើរតែធ្វើឱ្យ Daniel Jameចង់សន្លប់ទៅហើយ តែសំឡេងកញ្ចែបញ្ចប់ទឹកទី១ បានសង្គ្រោះកីឡាករមកពីនូវែលសេឡង់រូបនេះ បានមួយគ្រា ហើយនៅចុងទឹកទី២ សំណាង បានបុកជង្គង់បណ្តាលឱ្យ Daniel Jameដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ ជាលើកទី១។
កីឡាករស្បែកសDaniel Jameបានព្យាយាមស៊ូទ្រាំយ៉ាងខ្លាំង ពីការវាយសម្រុកបន្ថែមពីសំណាក់ ព្រំ សំណាង ដោយរូបគេមិនព្រមសន្លប់ នៅចុងទឹកទី២នេះទេ ប៉ុន្តែការបុកជង្គង់ឆ្វេងចូលឆ្អឹងជំនីរផុតរបស់ ព្រំ សំណាង នៅពាក់កណ្តាលទឹកទី៣ បានធ្វើឱ្យកីឡាកររបស់នូវែលសេឡង់រូបនេះ សុំចាញ់តែម្តង ហើយការឈ្នះដោយសន្លប់នេះ វានៅតែធ្វើឱ្យព្រំ សំណាង ជាប់ជាកីឡាករលំដាប់ទី១របស់កម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីជនរួមជាតិ៕