ភ្នំពេញៈ អតីតកីឡាករជើងខ្លាំង ឃីម ឌីម៉ា (ឃុន ឌីម៉ា) ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹក និងជាអាជ្ញាកណ្តាល ចៅក្រមទៅហើយនោះ គឺពេលនេះរូបគេបានសម្រេចចិត្តវិលមកកាន់សង្វៀនប្រដាល់ ក្នុងនាមជាកីឡាករជាថ្មី ហើយសង្វៀនថោន ជាកន្លែងដែលអ្នកប្រដាល់រូបនេះត្រូវបង្ហាញសមត្ថភាពមុនគេ បន្ទាប់ពីខកខានប្រកួតអស់រយៈពេលចូល ៤ ឆ្នាំ។
អ្នកប្រដាល់ មានរហស្សនាម «នាគខ្មៅ» ឃីម ឌីម៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលដណ្តើមបានមេដាយមាសពីការប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករថៃ Chonlawit នៅវគ្គផ្តាច់ព្រ័ត្រ។ ជ័យជម្នះដ៏ធំនេះបានធ្វើឱ្យ ឌីម៉ា មានឈ្មោះបោះសំឡេងកាន់តែខ្លាំង និងត្រូវបានគេចាត់ទុកថា ជាជើងខ្លាំងគ្មានគូប្រៀប ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។
តែទោះបីជាយ៉ាងណា ភាពល្បីល្បាញជាមួយបច្ចេកទេសប្រកួតដ៏ល្អឯករបស់ ឃីម ឌីម៉ា ត្រូវបានកប់ចោល មិនអាចយកមកប្រើប្រាស់ទៀតបាន បន្ទាប់ពីអ្នកប្រដាល់មានដើមកំណើត នៅខេត្តបន្ទាយមានជ័យរូបនេះ មានរបួសជង្គង់ បន្ទាប់ពីប្រកួតស្មើជាមួយជើងខ្លាំងរបស់ថៃ Kav Kongvan នាដើមឆ្នាំ២០១៩ ហើយបញ្ហារបួសនេះ ក៏បានធ្វើឱ្យ ឌីម៉ា មិនអាចទៅប្រកួតការពារមេដាយមាស នៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ផងដែរ។
បើទោះបីជា ឃីម ឌីម៉ា បានវះកាត់ដោយជោគជ័យនូវរបួសជង្គង់របស់ខ្លួន ប៉ុន្តែរូបគេមិនបានវិលត្រឡប់មកកាន់ការប្រកួតវិញទេ ដោយម្ចាស់ខ្សែក្រវាត់៤ស្ថាប័នរូបនេះបានទទួលតួនាទីថ្មី ជាគ្រូជំនួយក្នុងក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ជាមួយឪពុករបស់គេ គឺលោក ហេង ប៊ុនឃីម នៅឆ្នាំ២០២១ ប៉ុន្តែពេលនេះ ឌីម៉ា បានសម្រេចចិត្តច្បាស់ហើយ ក្នុងការវិលមកកាន់ការប្រកួតវិញ។
កីឡាករ ឃីម ឌីម៉ា បានប្រាប់កាលពីថ្ងៃទី៤ ខែកក្កដា ថា៖ «របួសជើងរបស់ខ្ញុំ បានជាសះស្បើយចូល៣ឆ្នាំមកហើយ ហើយកាលដែលខ្ញុំមិនទាន់សម្រេចចូលមកប្រកួតវិញក្នុងរយៈពេលនោះ ដោយសារខ្ញុំជាប់បំពេញតួនាទីជាគ្រូជំនួយនៃក្រុមជម្រើសជាតិ ប៉ុន្តែពេលនេះ ខ្ញុំមានពេលវេលាអាចវិលត្រឡប់មកកាន់ការប្រកួតជាថ្មីបានហើយ ព្រោះខ្ញុំនៅតែស្រឡាញ់ ហើយក៏ចង់បង្ហាញសមត្ថភាពឱ្យពុកម៉ែបងប្អូនមើលឃើញពីសមត្ថភាពរបស់ខ្ញុំ ជាថ្មីផងដែរ»។
សម្រាប់ការប្រកាសពីការវិលត្រឡប់មកកាន់សង្វៀនប្រដាល់ជាថ្មីនេះ ឃីម ឌីម៉ា បាននិងកំពុងហ្វឹកហាត់ខ្លាំង នៅក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតដំបូងរបស់គេ នៅសង្វៀនថោន ក្នុងខែកក្កដានេះ។ បើទោះបីជា ឌីម៉ា មិនទាន់ដឹងថា រូបគេ ត្រូវប៉ះកីឡាកររូបណា ប៉ុន្តែម្ចាស់មេដាយមាសរូបនេះបានផ្តោតខ្លាំងទៅលើការប្រកួតនេះ ដោយមិនទាន់បែកអារម្មណ៍គិតទៅដល់រឿងផ្សេងនោះទេ។
នាគខ្មៅ ឃីម ឌីម៉ា បានបញ្ជាក់ថា៖ «សម្រាប់ការវិលមកកាន់សង្វៀនជាថ្មីនេះ ខ្ញុំនៅមិនទាន់ប្រាកដថា នឹងអាចបង្ហាញសមត្ថភាពបានល្អដូចមុនឬយ៉ាងនោះទេ ហើយខ្ញុំក៏មិនទាន់ដាក់គោលដៅខ្ពស់ថា ត្រូវឈានទៅរកការដណ្តើមឱ្យបានខ្សែក្រវាត់ណាមួយ រួមទាំងការប្រជែងយកតំណែងជាកីឡាករជម្រើសជាតិអ្វីនោះដែរ។ រឿងសំខាន់ ដែលខ្ញុំត្រូវគិតនៅចំពោះមុខពេលនេះ គឺខ្ញុំត្រូវខំប្រឹងឱ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតដំបូងរបស់ខ្ញុំ»។
ជាមួយគ្នានេះលោក ជួប វុត្ថា ជាពិធីករ និងជាអ្នកផ្គូផ្គងម្នាក់ ប្រចាំនៅសង្វៀនថោន នៅតែជឿជាក់ទៅលើសមត្ថភាពរបស់ ឃីម ឌីម៉ា ទោះកីឡាកររូបនេះខកខានប្រកួតយូរឆ្នាំក្ដី។ លោកបានប្រាប់ថា៖ «យើងមិនមានការព្រួយបារម្ភអ្វីច្រើន សម្រាប់ការវិលត្រឡប់របស់ ឃីម ឌីម៉ា នោះទេ ព្រោះគាត់ជាកីឡាករល្អ និងបានហ្វឹកហាត់ជាប្រចាំមកដែរ អ៊ីចឹងអ្វីដែលជាក្តីរំពឹងគឺគាត់នឹងនៅតែធ្វើបានល្អ»។
ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិ លោក បឺត ខាំ បានបញ្ចេញវីដេអូមួយ បង្ហាញពីការខិតខំហ្វឹកហាត់របស់ ឃីម ឌីម៉ា ជាមួយគ្រូបង្វឹកជម្រើសជាតិ ហើយក្នុងអំឡុងពេល ឌីម៉ា កំពុងហាត់ជាមួយលោកគ្រូ សេន ប៊ុនថេន នេះ បឺត ខាំ បាននិយាយថា៖ «នាគខ្មៅ ឃីម ឌីម៉ា បានកម្តៅសាច់ដុំហើយ ហើយក្បាច់កែង និងជង្គង់របស់គាត់ នៅមុតដដែល។ គីឡូពិតរបស់ ឌីម៉ា ពេលនេះ ៦១គីឡូក្រាម គឺគាត់នៅល្អគ្រប់គ្រឿង ទាំងគីឡូ សាច់ដុំ កម្លាំងស៊ុហ្វ និងក្បាច់គុន»៕